​ក្រុង​មែ​ល​ប៊​ន​: កីឡាករ​វាយ​​កូន​បាល់​អាជីព Andy Murray បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​បានឈ្នះ​ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍ Australian Open គិត​ចាប់តាំងពី​ឆ្នាំ​២០១៧ មក ជាមួយនឹង​ជ័យ​​ជម្នះពី​ការប្រកួត​ទាំងអស់ ៥ ​សិត លើ​កីឡាករ Nikoloz Basilashvili ដែល​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ទី​២១ ក្នុង​កម្មវិធី​នេះ កាលពី​ថ្ងៃ​អង្គារ​។​

​អតីត​ម្ចាស់​ពាន Grand Slam ៣​ សម័យកាល ដែល​លេង​ជាមួយ​ត្រគាក​ដាក់​ដែក បន្ទាប់ពី​វះកាត់ ដើម្បី​សង្គ្រោះ​អាជីព​របស់ខ្លួនក្នុង​ឆ្នាំ ​២០១៩ នោះ បាន​ប្រឹង​តទល់​ជាមួយ​កីឡាករ​សញ្ជាតិ​ហ្ស​ក​ហ្ស៊ី អស់​រយៈពេល​ជិត ៤ ម៉ោង មុននឹង​អាច​ដណ្តើមបាន​សិទ្ធិ​ឆ្លងទៅជុំ​ទី​បន្ទាប់​។​

​កីឡាករ Murray របស់​ប្រទេស​ស្កុ​ត​ឡេ​ន ដែលមាន​ចំណាត់ថ្នាក់​លេខ ១១៣ ពិភពលោក និង​បាន​មកលេង ដោយ​មិនបាច់​ប្រកួត​ជម្រុះ​​នោះ បានបង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​របស់ខ្លួន ដើម្បី​យកជ័យ​ជម្នះ ជាមួយនឹង​លទ្ធផល ៦-១ ៣-៦ ៦-៤ ៦-៧ និង ៦-៤ ក្នុង​រយៈពេល ៣ ​ម៉ោង ៥២ ​នាទី នៅ​ទីលាន John Cain Arena នេះ​។​

​វា​គឺជា​ការប្រកួត​លើក​ទី១ របស់​កីឡាករ​វ័យ ​៣៤ ​ឆ្នាំ នៅ Australian Open នេះ ចាប់តាំងពី​ឆ្នាំ​ ២០១៩ ដែល​រូបគេ​បាន​ខ្ទាត​ចេញ​ត្រឹម​ជុំ​ទី​១​។ នាពេលនោះ រូបគេ​បាន​ដើរចេញ​ទាំង​ទឹកភ្នែក ហើយ​គ្រប់​គ្នា​គិតថា វា​ប្រហែល​ជាការ​មក​ប្រកួត​លា​ចុងក្រោយ​របស់គេ​ទៀតផង ដោយសារ នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក រូបគេ​បានធ្វើ​ការវះកាត់​ត្រគាក​។​

«​ពិតជា​អស្ចារ្យ​ណាស់ វា​ជា​រយៈពេល​ដ៏​តានតឹង​មួយ នៅ ៣ ឬ ៤ ​ឆ្នាំនេះ​។ កិច្ចការ​ជាច្រើន​ត្រូវបានធ្វើ ដើម្បី​បាន​ត្រឡប់មក​ទីនេះ​វិញ​។ ខ្ញុំ​បានមក​លេង​នៅ​ទីលាន​នេះ ជា​-​ច្រើនដង​មកហើយ ហើយ​បរិយាកាស គឺ​ពិសេស​អស្ចារ្យ​ណាស់​។ វារឹតតែ​អស្ចារ្យ​ទៀត​នោះ គឺ​ការ​បាន​វិល​មកវិញ ហើយ​ឈ្នះ​ការប្រកួត ដែល​បន្ត​រហូតដល់​ទៅ ៥ ​សិត ដូច្នេះ ខ្ញុំ​មិនអាច​សុំ​អ្វី​ឱ្យលើស​នេះ​ទៀត​ទេ​»​។ នេះ​ជាការ​និយាយ​ទាំង​មាន​អារម្មណ៍​ធូរស្រាល​របស់​កីឡាករ Murray​។​

​នៅ​ជុំ​ទី២ កីឡាករ Murray នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ជប៉ុន Taro Daniel ដែល​ទម្លាក់​គូប្រជែង Tomas Barrios Vera របស់​ស៊ី​លី ដោយ​ការយក​ឈ្នះ ក្នុង​លទ្ធផល ៣-០ ​សិត ៧-៦ ៦-១ និង ៦-១៕ AFP/VN