​ក្រុងប៉ារីស​: ខ្សែប្រយុទ្ធ​បង្កើត​កំណត់​​ត្រា Robert Lewandowski របស់​ក្រុម Bayern Munich បាន​រក្សា​តំណែង​ជា​កីឡាករ​កំពូល​ជាងគេ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​អត្ត​ព​លិ​ក​បាល់ទាត់​ឆ្នើម​បំផុត ប្រចាំឆ្នាំ ​២០២១ កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ប្រធាន​ក្រុម Barcelona កីឡាការិនី Alexia Putellas បានក្លាយ​​ជា​ម្ចាស់​ជយលាភី​ពាន​នេះ ផ្នែក​នារី​។​

​កីឡាករ Lewandowski វ័យ ៣៣ ​ឆ្នាំ បាន​បង្កើត​កំណត់ត្រា​នៃ​ការ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ នៅ​ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់ កាលពី​រដូវ​កាល​មុន ហើយ​យកឈ្នះ​ស៊ុប​ភើ​ស្តារ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi របស់​ក្រុម Paris Saint-Germain និង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool សម្រាប់​ការដណ្ដើម​បាន​ពានរង្វាន់​ដ៏​មាន​កិត្តិយស​នេះ​។​

«​ខ្ញុំ​មាន​ក្ដី​សោម​ន្ស​រីករាយ និង​កិត្តិយស​ណាស់ ដែល​បានឈ្នះ​ពានរង្វាន់​នេះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​មែន​​ទែន​»​។ នេះ​ជាការ​និយាយ​របស់​កីឡាករ Lewandowski ដែល​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៤៨​ គ្រាប់ ទាំង​សម្រាប់​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ នៅ​រដូវ​កាល ២០២០-២០២១​។​

​ជាមួយគ្នានេះ កាលពី​ចុង​សប្ដាហ៍​កន្លងមក កីឡាករ Lewandowski ធ្វើបាន​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣ ​គ្រាប់​) ឱ្យ​ក្រុម Bayern ដែល​ចំនួន​នេះ​បានធ្វើឱ្យ​ចំនួន​គ្រាប់​បាល់​សរុប​របស់គេ នា​រដូវ​កាល ២០២១-២០២២ ឡើងដល់ ៣៩ ​គ្រាប់ ក្នុងចំណោម​ការ​ចូ​លលេ​ង ៣៣ ​ប្រកួត​។​

​ពានរង្វាន់​នេះ គឺជា​ការ​លួង​ចិត្តបាន​ខ្លះៗ សម្រាប់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ ដែលមាន​សំឡេងគាំទ្រ​តិចជាង​កីឡាករ Messi រហូត​របូត​ពានរង្វាន់ Ballon d''Or ឱ្យទៅ​គូប្រជែង ដែលមាន​វ័យចាស់​ជាង​ខ្លួន​រូបនោះ កាលពី​ខែវិច្ឆិកា​។​

​សម្រាប់​កីឡាការិនី Putellas វា​ជាការ​ទទួលបាន​ពានរង្វាន់​ជា​លើក​ទី២ ខណៈ​​ដែល​កីឡាការិនី​អេ​ស្ប៉ា​ញ​រូបនេះ បាន​ផ្ដួល​មិត្ត​រួម​ក្រុមកីឡា​ការិនី Jennifer Hermoso និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អូស្ត្រាលី Sam Kerr របស់​ក្រុម​តោ​ខៀវ Chelsea ពោលគឺ​ដូចដែល​នាង​ទទួលបាន​លទ្ធផល​បែប​ហ្នឹង​ដែរ សម្រាប់​ពានរង្វាន់ Ballon d''Or នាពេល​កន្លងមក​។​

​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៧ ​ឆ្នាំ Putellas ទទួលបាន​នូវ​រដូវ​កាល​ដ៏​សែន​ពិសេស ២០២១-២០២២ ជាមួយ​ក្រុម​អ្នកមាន​​បុណ្យ Barca ដោយ​ការ​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ក្រុម​យក្ស​តំបន់​កាតា​ឡាន់ ឱ្យ​ឈ្នះ​ទាំង​ពាន​លី​គ​កំពូល និង​កម្មវិធី​ខាប់​របស់​អេ​ស្ប៉ា​ញ ព្រមទាំង​ពានរង្វាន់​កំពូល​របស់​អឺរ៉ុប Champions League ផងដែរ​។​

«​នេះ​ជា​ពានរង្វាន់​សម្រាប់​គ្រប់គ្នា​ក្នុង​ក្រុម​។ ពានរង្វាន់​នេះ​នឹង​កា្ល​យ​ជា​កម្លាំង​ជំរុញ​ចិត្ត​មួយ​សម្រាប់​ពួកយើង​ទាំងអស់គ្នា​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Putellas ក្រោយ​ទទួលបាន​ពាន​នេះ​។​

​ចំណែកឯ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ឈ្នះ​បាន​ពាន​ពិសេស Special Award បន្ទាប់ពី​បាន​បង្កើត​នូវ​កំណត់ត្រា ដោយ​ការ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​បំផុត​សម្រាប់​បាល់​អន្តរជាតិ ឱ្យ​ក្រុម​ព័រ​ទុយ​ហ្គា​ល់ ពោលគឺ​បាន​បំបែក​កំណត់ត្រា ដែល​មានមក​យ៉ាងយូរ​របស់​អតីត​កីឡាករ Ali Daei របស់​ប្រទេស​អ៊ី​រ៉ង់ ចំនួន ១០៩​ គ្រាប់​៕ AFP/VN