​ក្រុង​មី​ឡាន​: ខ្សែប្រយុទ្ធ Emmanuel Gyasi ដែលមាន​ចិត្ត​មិន​ឆ្លេឆ្លា ដោយ​ការ​ស៊ុត​បញ្ចូល​ទី​រាបៗ នៅ​នាទី​ទី​៩០+៦ បន្ទាប់ពី​ការ​វាយបក​របស់​ក្រុម​ខ្លួន​នោះ បាន​ជួយ​ឱ្យ​ក្រុម Spezia ស្គាល់​នូវ​រសជាតិ​នៃ​ជ័យជម្នះ​ជា​លើកដំបូង សម្រាប់​ការប្រកួត នៅ​ក្របខ័ណ្ឌ Serie A ក្នុង​ទឹកដី​របស់​ក្រុម​ AC Milan ជាមួយនឹង​លទ្ធផល ២-១ កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ក្រុម Milan មិនអាច​ទាញយក​ផល​ពី​ការនាំ​មុខមុន ១-០ លើ​ក្រុម​ភ្ញៀវ ក៏ដូចជា​បានធ្វើឱ្យ​បាត់បង់​យ៉ាង​គួរ​សោក​​ស្ដាយ​នូវ​ឱកាស ក្នុងការ​បាន​ទៅ​នៅ​ពីលើ​ក្រុម​ជិតខាង Inter ដោយ​ឈរ​នៅ​ទី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Serie A ខណៈដែល​ក្រុម​លេខ ៣ Napoli រំកិល​មកកាន់​តែ​កៀក ជាមួយនឹង​គម្លាត​ក្នុង​រង្វង់​តែ ២ ​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ឈ្នះ​ក្រុម​​ម្ចាស់ផ្ទះ Bologna ២-០​។​

Milan មានប្រៀប​ជាង តែ​បានធ្វើឱ្យ​ឱកាស​ជាច្រើន​កន្លង​ទៅដោយ​អសារ​ឥត​ការ មុននឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន​នៅ​នាទី​ទី​៤៥+១ ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Rafael Leao ដែល​កើតឡើង បន្ទាប់ពី​ខ្សែការពារ Theo Hernandez ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​អត់​បានសម្រេច ដោយ​បាល់​ចេញ​ក្រៅ​។​

​ក្រុម​ភ្ញៀវ Spezia បាន​វាយបក​តាម​ស្មើ​វិញ ពេលដែល​ខ្សែប្រយុទ្ធ Kevin Agudelo រកឃើញ​កន្លែង​ចន្លោះ​ដ៏​ធំ ដែល​ខ្សែការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ​ភា្ល​ត់​ឱ្យ​កើតមាន រួច​ធាក់​បាល់​បញ្ចូល​ទី​យ៉ាង​ស្រួលៗ បន្ទាប់ពី​ខ្សែបម្រើ​ប្រយុទ្ធ Daniele Verde បញ្ជូន​បាល់​រាប់ៗ​ចូល​តំបន់​គ្រោះថ្នាក់​ក្បែរៗ​បង្គោល​ទី នៅ​នាទី​ទី​៦៤​។​

​នៅពេល​ហ្គេម កំពុងដំណើរការ ក្នុង​នាទី​ទី​៥ នៃ​ម៉ោង​បន្ថែម​បង្គ្រប់ ខ្សែបម្រើ Junior Messias បាន​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម Milan នាំមុខ​ជាថ្មី តែ​អាជ្ញាកណ្ដាល​បាន​ផ្លុំ​កញ្ចែ​ពិន័យ​ជាមុន​រួចហើយ ដោយ​មិន​អនុញ្ញាតឱ្យ​លេង​បាល់​ចំណេញ​ឡើយ ដែល​ការសម្រេច​នោះ​នាំឱ្យ​គ្រូបង្វឹក​របស់​ម្ចាស់ផ្ទះ លោក Stefano Pioli មិន​ពេញចិត្ត​។​

«​យើង​បាត់បង់​ភាពស្រស់​ស្រាយ ក្រោយ​រង​នូវ​អយុត្តិធម៌​។ ពិតជា​គួរឱ្យ​ខ្មាសអៀន​។ វា​ជាការ​ទទួលខុសត្រូវរ​បស់​យើង តែ​វា​ត្រូវមាន​ចំណែក​ពី​អាជ្ញាកណ្ដាល​ដែរ​។ វា​ចម្លែក​នោះ គឺថា គាត់មិន​ផ្លុំ​កញ្ចែ សម្រាប់​ការ​មាន​កំហុស​ពាក់កណ្ដាល ក្នុងអំឡុង​ហ្គេម​ទាំងមូល ហើយ​ពេលនេះ គាត់​ផ្លុំ​កញ្ចែ ពេល​បាល់ នៅក្រោម​ជើង​កីឡាករ​របស់​យើង​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Pioli ដែល​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN​។​

​ក្រុម Milan បានធ្វើការ​គាបសង្កត់​យ៉ាងខ្លាំង​ក្លា ហើយ​អ្នកចាំទី Ivan Provedel របស់​ក្រុម Spezia បានធ្វើការ​រារាំង​នូវ​ការ​ស៊ុត​យ៉ាង​ល្អៗ​ពី​ខ្សែ​​ប្រយុទ្ធ Zlatan Ibrahimovic ចំនួន ៣ ​លើក ដោយ​លើក​ទី១ ការ​ស៊ុតក្នុង​ប្រអប់​គ្រោះថ្នាក់ លើក​ទី​២ ការ​ស៊ុតហ្វ្រី​ឃិ​ក ដោយ​ការទា​ត់បាល់​កោង និង​លើក​ទី៣ ការ​តែ​ត​ដ៏​គួរឱ្យ​ផើត​ពោះ​។​

​ក្រុម​ភ្ញៀវ Spezia បាន​ផល​ពី​ការ​​វាយបក​ចុងក្រោយ ដោយ​ខ្សែ​ការបម្រើ Victor Kovalenko បញ្ជូន​បាល់​កាត់​ចូល​តំបន់​គ្រោះថ្នាក់ តម្រង់​ឆ្ពោះ​​ទៅ​កីឡាករ Gyasi ដែលជាមួយនឹង​ហ្គេម​ហៀបនឹង​ចប់​ហើយ​នោះ បានទទួល​បាល់ ហើយ​ធ្វើការ​គ្រប់គ្រង​យ៉ាង​ប្រយ័ត្នប្រយែង មុនពេល​ទាត់​បាល់​បញ្ចូល​ទី​ជាមួយនឹង​ចិត្ត​ត្រជាក់​មិនមាន​ភាព​អន្ទះសា​សូម្បី​បន្តិច​។​

«​គ្រប់គ្នា​អាចមាន​នូវ​យប់​ដ៏​សែន​អាក្រក់​។ យើង​នឹង​ព្យាយាម​ធ្វើការ​តប​​ត​វិញ ដោយ​ក្រុម​ទាំងមូល តែងតែ​ដឹង​ច្បាស់​នូវ​របៀប​ដើម្បី​ធ្វើ​រឿងនេះ​»​។ នេះ​ជាការ​បន្ថែម​របស់លោក Pioli ដែល​ក្រុម Milan ត្រូវ​ប្រឈម​ជាមួយ​ជាមួយ​ខ្លាំង Juventus ក្នុងផ្ទះ​ខ្លួនឯង នៅ​ថ្ងៃអាទិត្យ​៕ AFP/VN