​ក្រុង​យុន​ដេ​: ប្រធាន​ក្រុម​ជម្រើស​​ជាតិ​កា​មេ​រូ​ន Vincent Aboubakar បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៥ របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations (AFCON) ខណៈ​ក្រុម ដែលមាន​សិទ្ធិ​រួចហើយ​របស់គេ ត្រូវ​ចូលរួម​ដោយ​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ ក្នុងការ​ទៅ​បង្ហាញមុខនៅ​ជុំ​បន្ទាប់ ទោះ​ស្មើ​ជាមួយ​កាប់​វែ​រ កាលពី​ថ្ងៃ​ចន្ទ​ក៏ដោយ​។​

​ខ្សែប្រយុទ្ធ​របស់​ក្លិប​អាជីព នៅ​ប្រទេស​កាតា​រូបនេះ ដែល​ត្រូវមាន​វ័យ ៣០ ​ឆ្នាំ នា​ថ្ងៃ​សៅរ៍ បាន​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​កា​មេ​រូ​ន នាំមុខ​មុន នៅ​ចុង​វគ្គ​ទី​១ មុនពេល​កីឡាករ​បម្រុង Garry Rodrigues ស៊ុត​ឱ្យ​ក្រុម​កាប់​វែ​រ តាម​ស្មើ​វិញ នៅ​ដើម​វគ្គ​ទី​២ ដែល​នោះ​ជា​លទ្ធផល​ផ្លូវការ​តែម្ដង សម្រាប់​ហ្គេមនា​ក្រុង​យុន​ដេ​នោះ​។​

​កីឡាករ Cyrille Bayala ស៊ុត​ឱ្យ​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ នាំមុខ ហើយ​កីឡាករ Getaneh Kebede ទាត់​​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​ជួយ​ឱ្យ​ក្រុម​អេ​ត្យូ​ពី​តាម​ស្មើ​វិញ ខណៈដែល​លទ្ធផល ១-១ នេះ គ្រប់គ្រាន់​ក្នុងការ​បញ្ជូន​ក្រុម​អាហ្វ្រិ​ក​ខាងលិច ឆ្លងទៅ​វគ្គ​ចាញ់​ធ្លាក់​។​

​ក្រុម​កា​មេ​រូ​ន បាន​ឈរ​ក្នុង​តំណែង​លេខ ​១ ក្នុង​ពូ​ល ​A ក្រោយ​បញ្ចប់​ការប្រកួត​នេះ ដោយមាន ៧​ ពិន្ទុ ខណៈដែល​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ អាច​នៅ​ពីលើ​ក្រុម​កាប់​វែ​រ សម្រាប់​ចំណាត់​​ថ្នាក់​ទី​២ ដោយសារ​ប្រវត្តិ​ប៉ះគ្នា​ល្អ​ជាង បន្ទាប់ពី​ទាំង ២ ​ក្រុម បញ្ចប់​ការ​​ប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ដោយ​ការ​មាន ៤ ​ពិន្ទុ​ដូចគ្នា​។ ក្រុម​អេ​ត្យូ​ពី ធ្លាក់​ចេញពី​ព្រឹ​ត្ត​ការណ៍​នេះហើយ ដោយមាន​ត្រឹមតែ ១ ​ពិន្ទុ​។​

​ក្នុងខណៈ​ពេលដែល​ក្រុម​កា​មេ​រូ​ន និង​ប៊ួ​គី​ណា​ហ្វា​សូ ធានាបាន​កៅអី ក្នុង​វគ្គ ១៦ ​ក្រុម​ចុងក្រោយ​នោះ ក្រុម​កាប់​វែ​រ​ឯណោះ ត្រូវ​រង់ចាំ ដើម្បី​បានដឹងថា តើ​ពួកគេ​អាចមាន​សិទ្ធិ​ឆ្លងទៅ​វគ្គ​បន្ទាប់ ឬ​អត់ ក្នុងនាម​ជា​ក្រុម ​១ ក្នុងចំណោម​ក្រុម​លេខ ​៣ ល្អ​បំផុត​ទាំង ​៤ ពី​ពូ​ល​ទាំង ​៦​។​

​ក្រុម​កា​មេ​រូ​ន នឹង​នៅតែ​មិនទាន់​ធ្វើ​ចេញពី​ក្រុង​យុន​ដេ​នេះ​ទេ ដោយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​ ៣ នៅ​ថ្ងៃទី ២៤ ខែមករា ពោលគឺ ១ ​ថ្ងៃ បន្ទាប់ពី​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ តទល់​ជាមួយ​ក្រុម​លេខ​ ២ នៃ​ពូ​ល ​C នាទី​ក្រុង​លីម​បេ (Limbe) ហើយ​បើ​ក្រុម​កាប់​វែ​រ រួច​ផុតពី​ការធ្លាក់​នោះ​ពួក​​គេ នឹងត្រូវ​លេង​ទល់​ជាមួយ​ក្រុម​លេខ ១ នៃ​ពូ​ល B ឬ C នាទី​ក្រុង​បា​ហ្វ៊ូ​សាម (Bafoussam) ឬ​យុន​ដេ នៅ​ថ្ងៃទី​ ២៥ ខែមករា​។​

«​យើង​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​ ១ ក្នុង​ពូ​ល ដែល​នោះ​គឺជា​គោលដៅ​របស់​យើង តែ​យ៉ាងណាក្ដី​យើង​ចង់​ឈ្នះ​គ្រប់​ការប្រកួត​។ យើង​នឹង​បន្ត​លេងនៅទីនេះ ក្នុង​កីឡដ្ឋាន Olembe​។ គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​​ជាតិ​កា​មេ​រូ​ន លោក Toni Conceicao បាន​ប្រាប់ឱ្យដឹង ក្រោយ​ការ​​ប្រត​បញ្ចប់​។​

​លោក Conceicao បាន​បន្ថែមថា​៖ «​យើង​មានឱកាស​យ៉ាងច្រើន​។ ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន មិនជា​អស្ចារ្យ​នោះទេ តែ​លេង​បានល្អ​។ យើង​អាចធ្វើឱ្យ​ប្រសើរ​ជាងនេះទៀត តែ​ប្រសិនបើ​យើង​ពិនិត្យមើល​ជារួម យើង​អស្ចារ្យ​ជាង​ក្រុម​គូបដិបក្ខ​របស់​យើង ក្នុង​ពូ​ល​នេះ​»​។​

Aboubakar គឺជា​កីឡាករ​កា​មេ​រូ​ន​ដំបូង​គេ ដែល​ស៊ុត​បញ្ចូល​ទី​បាន ពី​ការប្រកួត​ទាំង ​៣ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នេះ នៅ AFCON គិត​ចាប់​​តាំងពី​អតីត​កីឡាករ​ឆ្នើម Samuel Eto''o សម្រេចបាន​សមិទ្ធផល​បែប​​ហ្នឹង ជាមួយនឹង​គ្រាប់​បាល់​ចំនួន ៥​ គ្រាប់ កាល​នៅ​ប្រទេស​ហ្គា​ណា ក្នុង​ឆ្នាំ ​២០០៨​។​

​តែ​អតីត​កីឡាករ​ដ៏​ឆ្នើម Ndaye Mulamba ជា​អ្នកកាន់កាប់​កំណត់​​ត្រា ក្នុងនាម​ជា​អ្នក​ស៊ុត​បាន​ច្រើនជាងគេ ដោយ​រកបាន ៩​ គ្រាប់ ឱ្យ​ក្រុម​ប្រទេស​ហ្សា​អែរ (​បច្ចុប្បន្ន​ជា​សា​.​កុង​ហ្គោ​) ពេល​ការប្រកួតប្រជែង​ដណ្ដើមពាន​ដ៏​ធំ​របស់​ទ្វីប​អាហ្វ្រិក​នេះ រៀបចំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប កាលពី ៤៨ ​ឆ្នាំ​កន្លងទៅ​៕ AFP/VN