​ក្រុង​មែ​ល​ប៊​ន​: កីឡាការិនី​វាយ​កូន​បាល់ (​តិ​ន្នី​ស​) លំដាប់​កំពូល Ashleigh Barty បាន​បោះជំហាន​កាន់តែ​កៀក ទៅនឹង​ការ​ប្រឈម នាពេល​ខាង​មុខ ក្នុង​ជុំ​ទី​៤ ជាមួយ​កីឡាការិនី Naomi Osaka បន្ទាប់ពី​បានបង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​ឥត​​ខ្ចោះ ក្នុង​ជុំ​ទី២ នៃ​ព្រឹត្តិការណ៍ Australian Open របស់​ប្រទេស​អូស្ត្រាលី ពីថ្ងៃ​ពុធ​។​

​កីឡាការិនី Barty ដ៏​គួរឱ្យ​ចាប់​-​អារម្មណ៍ ដែល​កំពុង​ដេញតាម​នូវ​ការ​ឈ្នះ​ជើងឯក​ជា​លើកដំបូង នៅ​ប្រទេស​កំណើត​របស់ខ្លួន ក្នុង​កម្រិត Grand Slam ស្ទើរ​​តែ​គ្មាន​ស្រក់​ញើស​សូម្បី ១ ​តំណក់ ខណៈដែល​នាង​បាន​យកឈ្នះ​លើ​កីឡាការិនី​អ៊ី​តា​លី Lucia Bronzetti ក្នុង​លទ្ធផល ៦-១ ទាំង ២​ សិត ដោយ​ប្រើពេល​ត្រឹមតែ​ ៥២ ​នាទី​ប៉ុណ្ណោះ ពី​ការប្រកួតនៅលើ​ទីលាន Rod Laver Arena​។​

​កីឡាការិនី Barty ដែលមាន​ភាពនឹងនរ​កាន់តែខ្លាំង​ឡើង និង​ដែល​បានឈ្នះ​ពាន​ឯកត្តជន និង​ប្រភេទ​គូ ក្នុងការ​ប្រកួត កម្ដៅ​សាច់ដុំ នាទី​ក្រុង Adelaide មិនបាន​បាត់បង់​ពិន្ទុ​នោះឡើយ​ពី​ការ​វាយ​សឺ​វី​ស​របស់​នាង ៤៨ ​ហ្គេម​ជាប់​គ្នាពី​ការប្រកួត​ ៥​ ដងក្នុងឆ្នាំនេះ​។​

«​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​មាននូវ​ការរៀបចំ​យ៉ាង​ល្អ​មួយ នៅក្នុង​ទីក្រុង Adelaide នេះ​។ យើង​លេង​បានល្អ ពោលគឺ​លេង​ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។ គ្រូបង្វឹក​របស់ខ្ញុំ (​លោក Craig Tyzzer) គឺ​កំពូល​តែម្ដង​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Barty ដែលជា​ម្ចាស់​ជើងឯក​ពាន​លំដាប់ Grand Slam ២​ សម័យកាល និង​ដែល​ត្រូវបាន​ចាត់ទុកថា មាន​សិទ្ធិ​ខ្ពស់ ក្នុងការ​ឈ្នះ​ពាន ក្នុង​ព្រឹត្តិការណ៍នា​ក្រុង​មែ​ល​ប៊​ន​នេះ​។

​កីឡាការិនី​វ័យ ២៥​ ឆ្នាំ Barty បាន​បន្ថែមថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ក្រុម​របស់​យើង​ទាំងមូល​សហការគ្នា​បានល្អ​ខ្លាំងណាស់​។ យើង​កំពុង​រីករាយ​នឹង​ការប្រកួត​កីឡា​វាយ​កូន​បាល់​របស់​យើង និង​អាច​បង្កើតបាន​នូវ​រឿងរ៉ាវ​ល្អៗ​មួយចំនួន​»​។​

​នៅ​ជុំ​ទី៣ នា​ថ្ងៃ​សុក្រ កីឡា​​ការិនី Barty ត្រូវ​ប្រឈម​ជាមួយ​កីឡាការិនី​អ៊ី​តា​លី Camila Giorgi ដែល​បាន​ទម្លាក់ Tereza Martincova របស់​សា​.​ឆែក ជាមួយនឹង​លទ្ធផល​ជ័យជម្នះ ៦-២ និង ៧-៦​។​

​កីឡាការិនី Paula Badosa ដែល​មិន​ត្រូវបាន​គេ​មើលរំលង និង​ដែល​ទើប​លើក​ពាន​កម្មវិធី​កម្ដៅ​សាច់ដុំ នៅ​ក្រុង​ស៊ីដនីក៏បាន​ឡើងទៅ​ជុំ​បន្ត​ស្រួលៗ​ដែរ ក្រោយ​ឈ្នះ​កីឡាការិនីអ៊ីតា​លី Martina Trevisan ២ ​សិត​ទល់នឹង ​០ គឺ ៦-០ និង ៦-៣​។ នេះ​ជាការ​ប្រកួត​លើក​ទី​៧ របស់​នាង ក្នុង​រយៈពេល ១០ ​ថ្ងៃ ប៉ុន្តែ​អត្ត​ព​លិ​ក​សញ្ជាតិ​អេ​ស្ប៉ា​ញរូបនេះ បាន​ប្រាប់ថា នាង​អាច​ទប់ទល់​បាន​យ៉ាង​ល្អ​។​

​ជាមួយគ្នានេះដែរ កីឡាករ Rafael Nadal ក៏បាន​បង្កើនល្បឿន​រប​ស់​ខ្លួន ក្នុងការ​ឆ្ពោះទៅរក​ការ​ឈ្នះ​ជើងឯក​ជា​កំណត់​​ត្រា​ផ្នែក​បុរស​កម្រិត Grand Slam ជា​លើក​ទី២១ តែ​ត្រូវការ​ពិន្ទុ​កាត់ក្ដី ៥​ ដង ដើម្បី​បាន​ទម្លាក់​គូប្រកួត​ដ៏​រឹង រួច​ឡើងទៅ​ជុំ​ទី៣​។​

​ដោយ​កីឡាករ​ការពារ​តំណែង​ជើងឯក Novak Djokovic របស់​ស៊ែ​ប៊ី ត្រូវបាន​និរទេស​ខ្លួន នៅមុន​ការប្រកួត​ដណ្ដើមពាន​លំដាប់ Grand Slam ប្រចាំឆ្នាំ​ដំបូង​គេ​នេះ ចាប់ផ្ដើម​នោះ ការ​​ចាប់ឆ្នោត​ផ្នែក​បុរស កាន់តែ​មាន​ភាព​ទូលាយ​សម្រាប់​កីឡាករ​ចាស់វស្សា​សញ្ជាតិ​អេ​ស្ប៉ា​ញ Nadal​។​

​ម្ចាស់​ជើងឯក​ពាន​ព្រឹត្តិការណ៍​ធំៗ ២០ ​សម័យកាល Nadal ដែល​ទើប​បានឈ្នះ​ពាន​ដំបូង​របស់ខ្លួន​ថ្មីៗ​នេះ ក្រោយ​អ​វត្ត​​មាន ៥ ​ខែ ដោយ​របួស​ប្រអប់ជើង​នោះ មិន​ត្រូវបាន​គូបដិបក្ខ Yannick Hanfmann របស់​អាល្លឺម៉ង់ ធ្វើ​ទុក​បុក​ម្នេញ​អ្វី​ឡើយ រហូតដល់​ចុងក្រោយ បាន​យកឈ្នះ​ក្នុង​លទ្ធផល ៦-២ ៦-៣ និង ៦-៤៕ AFP/VN