​ភ្នំពេញៈ សហព័ន្ធ​កីឡាបាល់ទាត់​​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ បានចេញ​កាលវិភាគ ការប្រកួត​ជើងឯក​បាល់​​ទាត់​តំបន់​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម​ ២៣ ​ឆ្នាំ (AFF U23 Championship 2022) ជា​ផ្លូវការ​ហើយ ដោយ​ព្រឹត្តិការណ៍​នេះ ត្រូវធ្វើ​នៅ​ពហុ​កី​ឡ​​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​​ព្រី​នស៍ ចាប់ផ្តើម​ពីថ្ងៃ​ទី ​១៤ និង​បញ្ចប់ នៅ​ថ្ងៃទី ​២៦ ខែ កុម្ភៈ ឆ្នាំ ​២០២២​។​

​យ៉ាងណាក៏ដោយ គិត​មកដល់ពេលនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជានៅ​មិនទាន់​បើក​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ​២៣ ​ឆ្នាំនៅឡើយ​ទេ ហើយ​បើតាម​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ភា សុ​ភ័​ក្ត្រា បានឱ្យដឹងថា កម្ពុជានឹង​អាច​ប្រមូលផ្តុំ​ហ្វឹកហាត់នៅ​ដើមខែ​​កុម្ភៈ គឺ​មានន័យថា កម្ពុជាអាច​ហ្វឹក​ហាត់​រួមគ្នា ត្រៀម​ការប្រកួត​នេះ តែ​ជាង​ ១០​ ថ្ងៃ​ប៉ុណ្ណោះ​។​

​លោក ភា សុ​ភ័​ក្ត្រា បាន​និយាយប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រមូលផ្តុំ (​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ​២៣ ​ឆ្នាំ​) នេះ ត្រូវ​រង់ចាំ​ការកំណត់​ជាក់លាក់​ណាមួយ​របស់​គ្រូ​បង្គោល និង​ក្រុមការងារ​គ្រូបង្វឹក អ៊ីចឹង​យើង​នៅ​រង់ចាំ​សិន តែបើ​តាម​កម្មវិធី​មិនទាន់​ផ្លូវការ អាច​ចាប់ផ្តើមនៅ​ដើមខែ​ ២ (​ខែកុម្ភៈ​)»​។​

​ជាមួយគ្នានេះ ក្រុម​គ្រូបង្វឹក​ជម្រើស​​ជាតិ​កម្ពុជា ដែលមាន​លោក Ryu Hirose ជា​គ្រូ​បង្គោល និង​លោក Keisuke Honda ជា​អ្នកចាត់ការ​​ទូទៅ​នោះ ក៏​នៅ​មិនទាន់​កំណត់​ឈ្មោះ​កីឡាករ ដែល​ត្រូវ​ចូលរួម​ហ្វឹក​​ហាត់ ត្រៀម​ការប្រកួត AFF U23 Championship 2022 នេះដែរ ប៉ុន្តែ​សម្រាប់​កីឡាករ​អាយុ​ក្រោម ​២៣ ​ឆ្នាំ ដែល​ទើបបាន​បង្ហាញខ្លួន​ទាំង​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់ AFF Suzuki Cup 2020 វគ្គ​ជម្រុះ​ពាន​​រង្វាន់ AFC Asian Cup 2023 និង​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 កន្លងមកនេះ អាច​នឹងមាន​អាទិភាព​ខ្ពស់​។​

​លោក ភា សុ​ភ័​ក្ត្រា បានឱ្យដឹងថា​៖ «​សម្រាប់​បញ្ជី​ឈ្មោះ​ (​ក្រុម​ជម្រើស​​ជាតិ​កម្ពុជា​) យើង​នៅ​មិនទាន់​បានសម្រេច នៅឡើយ​ទេ ព្រោះ​បញ្ជី​សក្តានុពល​របស់​យើង មាន​កីឡាករ​ច្រើន ទាំង​អាយុ​ក្នុង​ស៊ី​ហ្គេមលើក​នេះ និង​ស៊ី​ហ្គេម​លើក​មុន ដោយ​យើង​នៅតាម​ដាន និង​ពិចារណាបន្តទៀត​។ មួយវិញទៀត យើង​មាន​ទិន្នន័យ​មួយចំនួន សម្រាប់​អ្នក​ដែល​បាន​បង្ហាញខ្លួន នៅក្នុង​ព្រឹត្តិការណ៍​ធំៗកន្លងទៅ ដែល​អាច​ថា ពួកគាត់មាន​អាទិភាព ប៉ុន្តែ​យើង​ក៏​នៅ​ពិ​ចារ​ណា​បន្ថែម​ដែរ​»​។​

​តាមរយៈ​កាលវិភាគការប្រកួត​ពាន AFF U23 Championship 2022 នេះបង្ហាញថា គ្រប់ការ​ប្រកួត​​ជម្រុះ​ទាំង​ ៣​ លើក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជាត្រូវធ្វើឡើងនៅ​កីឡដ្ឋាន​​ជាតិ​មរតក​តេ​ជោទាំងអស់ ហើយ​ទាំង​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម ​U23 ​ប្រ៊ុយណេ នៅ​ថ្ងៃទី ​១៤ ការ​​ជួប​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​ ១៧ និង​ការ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ដែល​ឈរ​នៅ​ពូ​ល​ A ជាមួយគ្នានេះ គឺ​កម្ពុជា ត្រូវធ្វើឡើងនៅ​ម៉ោង​ ៧​ យប់​ដូចគ្នា​។​

​ជាមួយ​ការកំណត់​នេះ បានផ្តល់​ឱកាស​ឱ្យ​ក្រុមទី​ម័​រ​ខាងកើត និង​ហ្វីលីពីន បាន​លេង​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ​មរតក​តេ​ជោមុនគេ សម្រាប់​ការ​ប្រកួត​បើកឆាកនៅ​រសៀល​ម៉ោង​ ៤ ថ្ងៃទី ​១៤ ខែកុម្ភៈ ចំណែក​ក្រុម​ចំនួន​ ៨​ ទៀត ដែល​ឈរ​នៅ​ពូ​ល ​B និង​ពូ​ល ​C ត្រូវ​ប្រកួត​ឆ្លាស់គ្នា ទាំង​នៅ​ពហុ​កី​ឡ​​ដ្ឋា​ន​ថ្មី និង​កីឡដ្ឋាន​ព្រី​នស៍ ប៉ុន្តែ​ការ​​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវធ្វើ​នៅ​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​៕