​ក្រុង ​Brighton: គ្រូបង្វឹក​របស់​ក្រុម​តោ​ខៀវ Chelsea លោក Thomas Tuchel បានធ្វើការ​បន្ទោស​ដល់​ភាព​​នឿយហត់ រហូត​នាំឱ្យ​មានការ​​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​នៃ​ទម្រង់​លេង​របស់​ក្រុម ដែល​នៅ​បន្ត​មាន ក្រោយ​ប្រកួត​ត្រឹម​ស្មើ ១-១ នៅ​ទឹកដី​របស់​ក្រុម Brighton កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​មួយ​នេះ បានឈ្នះ​តែ ១​ លើកគត់ ក្នុងចំណោម​ការប្រកួត នៅ​ក្របខ័ណ្ឌ Premier League ៧ ​លើកចុងក្រោយ​របស់ខ្លួន ដែលជា​មូលហេតុ នាំឱ្យមាន​ការជឿ​ទាំងស្រុង​ថា ការ​ប្រជែង​ពាន​របស់​ពួកគេ ត្រូវបាន​ចប់​​សព្វគ្រប់​យ៉ាងពិត​ប្រាកដ ហើយ​កាតព្វកិច្ច​ចម្បង​របស់​ក្រុម​តោ​ខៀវ ដែល​កំពុង​ឈរ​នៅ​លេខ​ ៣ នាពេលនេះ គឺ​ការ​​បានបញ្ចប់​ចំណាត់ថ្នាក់នៅក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង ​៤ ប៉ុណ្ណោះ​។​

​សម្រាប់​ការជួបគ្នា​ជា​លើក​ទី២ ជាមួយ​ក្រុម​រំពេ​សមុទ្រ Brighton ក្នុង​រយៈពេល ២០ ​ថ្ងៃនេះ ក្រុម Chelsea បាន​បណ្ដោយឱ្យ​ការ​នាំមុខ​របស់ខ្លួន​បាត់បង់​គួរឱ្យ​ស្ដាយ ដោយ​គ្រាប់​បាល់​នោះ បានមកពី​ការ​ស៊ុត​យ៉ាង​លឿន​របស់​ខ្សែបម្រើ Hakim Ziyech ដែល​ធ្វើឱ្យ​អ្នកចាំទី Robert Sanchez របស់​ក្រុម Brighton លោត​រារាំង​មិនទាន់​។​

​តែ​យ៉ាងណា ការ​លោត​យ៉ាង​​ខ្ពស់​របស់​ខ្សែការពារ Adam Webster ដើម្បី​តែ​តបាល់​បញ្ចូល​ទី បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​តាម​ស្មើ ដែលជា​លទ្ធផល​បង្ហាញ​ឱ្យឃើញថា ក្រុម Brighton ​សម​នឹង​ទទួល​បាន​ពិន្ទុ​ពី​ការប្រកួត​នេះ​។​

«​អ្នក​អាច​មើលឃើញ​ហើយ​ថា យើង​ខ្សោះ​ទាំង​កម្លាំងកាយ និង​ចិត្ត​។ យើង​ដឹង​ច្បាស់​ថា ពួកគេត្រៀមខ្លួន​បាន​យ៉ាង​ល្អ ដោយ​ពួកគេ​មាន​ពេលវេលា​ច្រើន និង​ហ្គេម​តិច ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក លោក Tuchel បន្ទាប់ពី​ដឹកនាំ Chelsea ប្រកួត​ជា​លើក​ទី១៥ គិត​តាំងពីដើម​ខែធ្នូ​មក​។​

​ក្រុម Chelsea ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur នៅ​ថ្ងៃអាទិត្យ​នេះ សម្រាប់​ការ​​ប្រកួត នៅ​លី​គ​ចុងក្រោយ​របស់​ពួកគេ ដែលមាន​រយៈ​ពេល​ជិត ១ ​ខែ មុន​មានការ​​សម្រាក​ទាត់​លក្ខណៈ​អន្តរជាតិ និង​ការជាប់​ភារកិច្ច​របស់​ពួកគេ ក្នុង​កម្មវិធី​ដណ្ដើមពាន Club World Cup ក្នុង​ខែកុម្ភៈ​។​

​ហើយ​លោក Tuchel កំពុង​រំពឹងថា លោក​នឹង​អាចឱ្យ​ក្រុម​របស់លោក​សម្រាក​បាន​ខ្លះ ដែល​ពួកគេ​ត្រូវការ​ត្រឡប់មក​ខ្លាំង​ជាង​មុន សម្រាប់​ប៉ុន្មាន​ខែ​ចុងក្រោយនៃ​រដូវ​កាល ដោយ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់បាន​ប្រាប់ថា​៖ «​ពួកក្មេងៗ (​កីឡាករ​) ត្រូវការ​ពេល​ឈប់​​សម្រាក​ខ្លះ​។ វា​គ្មាន​ដំណោះ​​ស្រាយ​ផ្សេង​នោះទេ​។ ក្នុង​ពេលនេះ វា​ជា​រឿង​ពិបាក​ពេក​ណាស់ ក្នុងការ​ស្ដីបន្ទោស​ចំពោះ​កីឡាករ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​អ្វី ដែល​កំពុងតែ​កើតឡើង​»​។​

​លោក Tuchel បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​កីឡាករ Romelu Lukaku ដែលមាន​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប បន្ទាប់ពី​បរាជ័យ ១-០ នៅ​ទឹក​​ដី​របស់​ក្រុម Manchester City កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​នៅតែមាន​ជំនឿ​ចិត្ត ដោយ​ដាក់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក និង​កីឡាករ Ziyech នៅ​តំបន់​ប្រយុទ្ធ​ជាមួយគ្នា ខណៈដែល​ខ្សែប្រយុទ្ធ Timo Werner និង Kai Havertz នៅ​អង្គុយ​កៅអី​កីឡាករ​បម្រុង​ជាថ្មី​ម្ដងទៀត​៕ AFP/VN