The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​ក្រុម​តូច​កូ​ម័​រ ទម្លាក់​ជើងឯក ៤​ សម័យកាល​ហ្គា​ណា ពី AFCON

​ក្រុម​តូច​កូ​ម័​រ ទម្លាក់​ជើងឯក ៤​ សម័យកាល​ហ្គា​ណា ពី AFCON

Content image - Phnom Penh Post
​Mogni (ស្ដាំទី ២) រត់​សម្ដែងការអបអរ ក្រោយស៊ុត​ឱ្យ​កូម័រ នាំមុខហ្គាណា ៣-២ អំឡុងការប្រកួត នៅ AFCON។ AFP

​ក្រុម​តូច​កូ​ម័​រ ទម្លាក់​ជើងឯក ៤​ សម័យកាល​ហ្គា​ណា ពី AFCON

ក្រុង​យុន​ដេ​: ម្ចាស់​ជើងឯក ៤ ​សម័យកាល​របស់​តំបន់អាហ្វ្រិ​ក Africa Cup of Nations (AFCON) គឺ​ក្រុម​ជម្រើសជាតិ​ហ្គា​ណា បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ បន្ទាប់ពី​ភ្លាត់​ចាញ់​ក្រុម​ដ៏​តូច​កូ​ម័​រ ក្នុង​លទ្ធផល ៣-២ ពី​ការប្រកួត​ចុងក្រោយ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល កាលពី​ថ្ងៃ​អង្គារ នាទី​ក្រុង​ហ្គា​រ៉ូ (Garoua)​។​

​ក្រុម​ហ្គា​ណា ដែលមាន​រហស្សនាម «The Black Stars» (​តារា​ខ្មៅ​) ឃើញថា ត្រូវបាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​ដល់​ប្រធាន​ក្រុម Andre Ayew នៅ​នាទី​ទី​២៥ ហើយ​បន្ទាប់ពី​ត្រូវ​នាំមុខ ២​គ្រាប់​មុន បាន​រង​បរាជ័យ នៅពេលដែល​ខ្សែការពារ Ahmed Mogni របស់​ក្រុម​កូ​ម័​រ ស៊ុត​គ្រាប់​ទី​២ របស់ខ្លួន នៅ​ប្រមាណ​ជា ៥ ​នាទី ដែល​ហ្គេម​ចុងក្រោយ ប្រចាំ​ពូ​ល C នេះ ត្រូវ​បញ្ចប់​។​

​ក្រុម​ម៉ា​រ៉ុ​ក និង​ហ្គា​បុ​ង ដែល​ស្មើគ្នា ២-២ សម្រាប់​ការប្រកួត​ក្នុង​ពូ​ល​តែ ​១ នៅឯ​ក្រុង​យុន​ដេ បាន​រក្សា​ចំណាត់ថ្នាក់​លេខ​ ១ និង​លេខ ​២ តាម​លំដាប់​លំដោយ និង​បាន​សិទ្ធិ​ឆ្លងទៅ​វគ្គ ១៦ ​ក្រុម​ចុងក្រោយ ដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​ក្រុម​កូ​ម័​រ ដែល​តំណាងឱ្យ​ប្រទេស​កោះ​តូច​មួយ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​នៃ​ទ្វីប​អាហ្វ្រិ​ក បានបញ្ចប់​នៅ​លេខ ៣ ហើយ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បានដឹងថា តើ​ពួកគេ​ស្ថិតក្នុង​ចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ ​៣ ល្អ​បំផុតទាំង ​៤ ដែល​ទទួលបាន​កៅអី​ចុងក្រោយ នៅ​វគ្គ ១៦ ​ក្រុម ឬ​យ៉ាងណា​។​

«​យើង​មិនបាន​ថយក្រោយ​នោះទេ សូម្បីតែ​បន្ទាប់ពី​ក្រុម​ហ្គា​ណាតាម​ស្មើ​។ យើង​តែង​​តែ​ជឿថា យើង​អាច​សម្រេចបាន​នូវ​ជ័យជម្នះ​ដ៏​ល្បី​មួយ សម្រាប់​ប្រទេស​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម​កូ​ម័​រ លោក Amir Abdou ដែល​ចូលមក​ធ្វើ​តួនាទី តាំងពី​ឆ្នាំ​ ២០១៤​។​

«​ខ្ញុំ​បាន​បន្ថែម​កីឡាករ​លើ​តំបន់​ប្រយុទ្ធ ដោយ​មានជំនឿថា យើង​អាច​រក​គ្រាប់​បាល់​ទី៣ បាន​ជាមិនខាន ហើយ​ការ​​សម្រេចចិត្ត​របស់ខ្ញុំ ទទួលបាន​ផល​។ ឥឡូវនេះ យើង​ត្រូវតែ​រង់​ចាំ​មើលថា តើ​យើង​ស្ថិតក្នុង​ចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ​ ៣ ល្អ​បំផុតទាំង​ ៤ ហើយ​តើ​បាន​ទៅលេង​នៅ​ជុំ​ទី​២ ឬ​អត់​?»​។​

«​យើង​ពេញចិត្ត​ចំពោះ​វិធី​​សាស្ត្រ ដែល​យើង​បាន​លេង​។ យើង​បានរៀបចំ​គម្រោង​រួចជាស្រេច​ហើយ និង​ធ្វើតាម​ផែនការ​នោះ​។ យើង​បាន​រៀន​​សូត្រ​ពី​កំហុស ដែល​យើង​បាន​បង្កើតឡើង នៅក្នុង​ហ្គេម​មុនៗ​។ ជាការ​ពិត ខ្ញុំ​មិន​សប្បាយចិត្ត​ទេ ដែល​យើង​បាន​របូត​គ្រាប់​បាល់ ២ ​គ្រាប់ តែ​យើង​នឹង​ប្រសើរឡើង​ជាក់​​ជាមិនខាន​»​។ លោក Abdou បានបញ្ជាក់​បន្ថែម​។​

​ចំណែកឯ​គ្រូបង្វឹក​រប​ស់​ក្រុម​ហ្គា​ណា លោក Milovan Rajevac ដែលមាន​ជាប់​សញ្ជាតិ​ស៊ែ​ប៊ី​ដែរនោះ បាន​ប្រាប់​ឱ្យដឹងថា លោក​នឹងមិន​ធ្វើការ​លាលែង​នោះឡើយ បើទោះបីជា​ក្រុម​បានបញ្ចប់​នៅ​បាត​ពូ​ល ដោយមាន​ត្រឹមតែ ១​ ពិន្ទុ​ក៏ដោយ​។​

«​ខ្ញុំ​មកកាន់​ប្រទេស​ហ្គា​ណា ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅ World Cup​។ នោះ​ជា​គោលដៅ​ចម្បង​របស់ខ្ញុំ​។ ខ្ញុំ​នឹង​បន្ត​ស្នាក់ ហើយ​ដឹកនាំ​ក្រុម ទៅ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់ក្នុង​ខែមីនា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Rajevac​។​

​ការចាប់​ឆ្នោត​នៅក្នុង​ក្រុង​ឌូ​អា​ឡា (Douala) នឹង​សម្រេច​ថា តើ​ក្រុម​ហ្គា​ណា ត្រូវ​ប្រឈម​ជាមួយ​សេ​ណេ​ហ្គា​ល់ ម៉ា​រ៉ុ​ក អាល់​ហ្សេ​រី ទុយ​នី​ស៊ី ឬក៏​នី​ហ្សេ​រី​យ៉ា ក្នុងការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់​ចំនួន ២​ជើង ដោយ​ក្រុម​ឈ្នះ មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​ជុំ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup 2022 នា​ប្រទេស​កាតា​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍