​ភ្នំពេញៈ ក្លិប​បាល់ទាត់​គិរីវង់​សុខ​សែន​ជ័យ បាន​បង្ហាញមុខ​គ្រូបង្វឹក​ថ្មី ដែលមាន​បទពិសោធ​ជោកជាំជា​ផ្លូវការ​ហើយ ហើយក្លិប​នេះ ក៏​កំពុង​សម្លឹងមើល​កីឡាករ​លេង​នៅ​លី​ក​កំពូល​របស់​ថៃ ដើម្បី​យកមក​ជួយ​ក្រុម​ផងដែរ ខណៈ​ការត្រៀមខ្លួននៅ​រដូវ​កាល​ថ្មី​នេះ ត្រូវបាន​ថ្នាក់​ដឹក​​នាំ​ក្លិប​មាន​មូលដ្ឋាននៅ​ខេត្ត​តាកែវ​មួយ​នេះ អះអាងថា មានការ​កែប្រែ​ច្រើន​ទាំង​ទៅលើ​ធន​​ធាន​កីឡា និង​ការរៀបចំ​ក្រុម គឺ​ធ្វើយ៉ាងណាជំរុញ​ឱ្យ​ក្រុម​មួយ​នេះ មានលទ្ធភាព​កាន់តែ​ខ្ពស់ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​ទាំង ​៧ សម្រាប់​ការ​​ប្រកួត​លី​គ​កំពូល​កម្ពុជា ឆ្នាំ​ ២០២២​ នេះ​។​

​ក្លិប​គិរីវង់​សុខ​សែន​ជ័យ បាន​ត្រឹម​បង្ហាញ​រូបថត​គ្រូបង្វឹក​ថ្មី​នេះ តែ​មិនទាន់​ប្រកាស​ឈ្មោះ​ជា​​ផ្លូវការ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ពុធ ម្សិលមិញ ប៉ុន្តែ​លោក ឯម តារា បាន​ប្រាប់ថា គ្រូបង្វឹក​ថ្មី​នេះ ជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែលមាន​បទពិសោធ​ច្រើន ក្នុងការ​ដឹកនាំ​ក្រុម គឺ​បុរស​វ័យ ​៤៨ ​ឆ្នាំ កាន់​វិញ្ញាបនបត្រ​គ្រូបង្វឹក UEFA Pro Licence រូបនេះ ធ្លាប់មាន​បទពិសោធ​ជា​គ្រូបង្វឹក​ចំនួន​ ១៨​ឆ្នាំ និង​ធ្លាប់​ប្រកប​អាជីព​ជា​កីឡាករ​ចំនួន​ ១៧ ​ឆ្នាំ​។​

​តាម​ព័ត៌មាន​ជាបឋម ដែល​ក្លិប​គិរីវង់​សុខ​សែន​ជ័យ បាន​បង្ហោះ​នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​កបានឱ្យដឹងថា គ្រូបង្វឹក​អេ​ស្ប៉ា​ញ​រូបនេះ ធ្លាប់មាន​បទពិសោធ​ជាច្រើន ក្នុងនាម​ជា​គ្រូ​បង្គោល និង​នាយក​ផ្នែក​បច្ចេកទេស ក្នុង​បណ្តា​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​បា​រ៉ែ​ន ឥណ្ឌា ម៉ុង​ហ្គោ​លី និង The United States ជាដើម ហើយ​គាត់​ធ្លាប់ជា​អតីត​កីឡាករ​​អាជីព នៅក្នុង​ក្លិប Real Valladolid ច្រើនជាង​ ៧​ ឆ្នាំ​។ ក្រៅពី​អាជីព​ជា​គ្រូបង្វឹក លោក​ក៏​ជា​អ្នក​អត្ថាធិប្បាយ​កម្មវិធី​កីឡាបាល់ទាត់​តាម​វិទ្យុ​របស់ LA LIGA ផងដែរ​។​

​លោក ឯម តារា អគ្គលេខាធិការ​​រង​ក្លិប​គិរីវង់​សុខ​សែន​ជ័យ បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​សម្រាប់​គ្រូបង្វឹក​ថ្មី យើង​នៅ​មិនទាន់​បង្ហាញ​ពី​ព័ត៌មាន​ទាក់ទង​ជាមួយ​គាត់​អស់​នៅឡើយ​ទេ ព្រោះ​គាត់​ទើបតែ​មកដល់​បាន​ ២ ​ថ្ងៃ អ៊ីចឹង​យើង​គ្រាន់តែ​ចង់បង្ហាញ​ថា ក្រុម​យើងបាន​គ្រូបង្វឹក​ថ្មី​ហើយ ជា​ជនជាតិ​អេ​ស្ប៉ា​ញ ចំណែក​ឈ្មោះ​របស់គាត់ យើង​នឹង​ប្រកាស​ជា​ផ្លូវការនាពេល​ខាងមុខនេះ​»​។​

​ទាក់ទង​នឹង​កីឡាករ​បរទេស​វិញ លោក ឯម តារា បាន​ប្រាប់ថា យើង បាន​បន្ត​កុង​ត្រាតែ​ជាមួយ​កីឡាករ David Julein William Koum ម្នាក់​ទេ ហើយ​យើង​បាន​ចុះ​កុងត្រា​កីឡាករ​ថ្មី បាន​ ២​នាក់​ហើយ គឺ​ម្នាក់​ជា​កីឡាករ​សញ្ជាតិ​អាស៊ី កាត់​អឺរ៉ុប និង​ម្នាក់ទៀត​ជា​ជនជាតិ​ប្រេ​ស៊ី​ល ហើយ​ចំពោះ​កីឡាករ​បរទេស​ ២​ នាក់​ទៀត គឺ​កូតា​អាស៊ី យើង​កំពុង​មើលទៅ​លើ​លី​គ​នៅ​ថៃ ដើម្បី​អាច​ចរចា​យក​ពួកគាត់​មក ដើម្បី​បំពេញ​ឱ្យ​គ្រប់​តាម​កូតា​។​

«​នៅ​ឆ្នាំនេះ គឺ​ទាំង​កីឡាករ​ខ្មែរ និង​បរទេស យើង​មានការ​ផ្លាស់​​ប្តូរ​ច្រើន​មែនទែន ជាពិសេស​កីឡាករ​ខ្មែរ យើង​បានបញ្ចប់​កុងត្រា​ជាមួយ​កីឡាករ​ចាស់ៗ​មួយចំនួន ហើយ​បាន​បញ្ចូល​កីឡាករ​ថ្មី ដែលមាន​បទពិសោធ និង​បាន​ផ្តល់ឱកាស​ឱ្យ​យុវជន​របស់​យើង​មួយចំនួន មក​បំពេញបន្ថែម អ៊ីចឹង​ចំពោះ​គោលដៅ គឺ​យើង​នឹង​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ក្រុម​ទាំងមូល មាន​ភាពរឹងមាំ និង​មានការ​ប្រកួតប្រជែង​កាន់​​តែ​ខ្ពស់ ជាមួយ​ក្រុម​លេង​នៅ​លី​គ​កំពូល ដោយ​នៅសល់តែ​ ៨ ​ក្រុម​»​។​

​អគ្គលេខាធិការរង​រូបនេះ បាន​បន្ថែមថា​៖ «​គោលដៅ​បន្ទាប់ យើង​នឹង​ផ្តល់ឱកាស​បន្ថែម​ដល់​ក្រុមយុវជន​យើង ឱ្យ​គាត់​បាន​លេង និង​បញ្ចេញ​សមត្ថភាព ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដើម្បី​យើង​អាចមាន​កីឡាករ ជា​យុវជន​ក្មេងៗ ឱ្យចូល​រួមជាមួយ​ក្រុម​ជម្រើសជាតិ​បាន​»​។​

​យ៉ាងណាក៏ដោយ សម្រាប់​ក្រុម​ទាំង ​៨ រួមមាន​ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា បឹងកេត ណាហ្គា​វើ​លដ៍ អង្គ​រថា​យ​​ហ្គឺ​រ គិរីវង់​សុខ​សែន​ជ័យ និង​ក្រុម​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវដាក់​ឱ្យចូល​លេង​នៅ​លី​គ​​កំពូល​កម្ពុជា ឆ្នាំ ​២០២២ ​នេះ ត្រូវបាន​អ្នក​ស្នេហា​វិស័យ​បាល់​​ទាត់ នាំគ្នា​បញ្ចេញ​ជា​យោបល់​ថា ក្រុម​គិរីវង់ មាន​កម្រិត​លេង​ទាប​ជាងគេ ហើយ​លើកឡើង​បែបនេះ ក៏​ព្រោះតែ​ការប្រកួតប្រជែង​រវាង​ក្រុម​ទាំង ​៨ ​នេះ ក្នុង​ជើង​ទី​២ កាលពី​ឆ្នាំ ​២០២១ គិរីវង់ បាន​ចាញ់​គ្រប់​ក្រុម​ទាំងអស់​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ឯម តារា បញ្ជាក់ថា​៖ «​វា​មិន​ខុសពី​អ្វីដែល​អ្នកគាំទ្រ បាន​មើលឃើញ​នោះទេ គឺ​កាលពី​រដូវ​កាល​មុន យើង​បាន​ប្រឹងប្រែង​ហើយ តែ​លទ្ធផលមិន​ដូច​អ្វីដែល​យើង​ចង់បាន ចំណែក​រដូវ​​កាល​នេះ ការប្រកួតប្រជែងកាន់​​តែ​ខ្លាំង និង​មាន​សម្ពាធ​ច្រើនជាង​មុន​ទៅទៀត អ៊ីចឹង​ជារួម​ក្លិប​បាន​កែទម្រង់​ជាច្រើន ពាក់​​ព័ន្ធ​នឹង​សមាសភាព​កីឡាករ ក៏ដូចជា​គ្រូបង្វឹក យកមក​ពង្រឹង​ក្រុម ក្នុង​រដូវ​កាល​នេះ ដើម្បីឱ្យ​មានការ​ប្រកួត​ប្រជែង​កាន់​​តែ​ខ្ពស់ជាង​មុន ទាំង​កម្រិត​លេង បច្ចេកទេស និង​ការ​រៀបចំខ្លួន គឺ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្រុម ដែល​យើង​គិតថា ជា​ក្រុម​ខ្លាំងៗ​នោះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​ឆ្នាំមុន​»៕