The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក Xavi ថា Dembele ត្រូវ​ចុះ​កុង​ត្រា​ថ្មី ឬក៏ចាក​ចេញ​ពី Barca ​

លោក Xavi ថា Dembele ត្រូវ​ចុះ​កុង​ត្រា​ថ្មី ឬក៏ចាក​ចេញ​ពី Barca ​

Content image - Phnom Penh Post
Dembele របស់ Barca មាន​ទឹក​មុខ​មិន​សប្បាយ​ចិត្ត អំឡុងការប្រកួតទល់​នឹង Granada នៅ La Liga កាល​ពី​ថ្ងៃទី ៨ ខែ​មករា​។

លោក Xavi ថា Dembele ត្រូវ​ចុះ​កុង​ត្រា​ថ្មី ឬក៏ចាក​ចេញ​ពី Barca ​

ក្រុង​បាសេឡេណា: គ្រូ​បង្វឹក​ក្រុម​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​លើក​ឡើង​ថា កីឡាករ Ousmane Dembele អាច​ត្រូវ​បាន​លក់ចេញ​ក្នុង​ខែ​នេះ បន្ទាប់​ពី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្សែ​បម្រើ​ស្លាប​ត្រូវ​តែ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ថ្មី​ ឬ​បើ​មិន​អ៊ីចឹង​ទេ ពួក​គេ (ក្លិប) នឹង​សម្លឹង​ឱ្យ​មាន​ការ​ចាក​ចេញ​សម្រាប់​កីឡាករូប​នេះ​។

ក្រុម​ Barca កំពុង​ចង់​ធ្វើ​យ៉ាង​ណា​​ជៀស​​ឱ្យ​ផុត​ ក្នុង​ការបណ្ដោយ​ឱ្យកីឡាករ​ Dembele ចាក​ចេញ​ ដោយ​ឥតតម្លៃ​ខ្លួន នៅ​ពេល​ដែល​កិច្ច​សន្យា​របស់គេ ត្រូវ​ផុត​កំណត់​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះហើយ​យ៉ាង​ហោច​ណាស់នឹងបាន​លុយ​ដាក់ហោប៉ៅ​ខ្លះដែរ ពី​ថ្លៃផ្ទេរ​សម្រាប់​កីឡាករ​វ័យ ២៤ ឆ្នាំ ប្រសិន​បើ​គេ​ត្រូវ​បាន​លក់​ក្នុង​អំឡុង​ពេលទីផ្សារ​ដោះ​ដូរ​កីឡាករ​ នាពេល​នេះ​។

កីឡាករ​អន្តរ​ជាតិ​បារាំង Dembele បាន​ជួប​ប្រទះ​នូវ​ការ​រង​របួស​ជា​ច្រើន​ដង ចាប់តាំង​ពី​ផ្ទេរ​ពី​ក្រុម​នៅ​អាល្លឺម៉ង់ Borussia Dortmund ក្នុង​កិច្ច​សន្យារ ដែល​មាន​តម្លៃ ១៤០​ លាន​អឺរ៉ូ ($១៥៨,៩​ លាន​) ក្នុង​ឆ្នាំ​ ២០១៧។

តែ​យ៉ាង​ណា​ក្ដី ក្រោយ​ពី​សុ​ខចិត្ត​បាត់​បង់​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​រូប ដើម្បី​ជាការ​កាត់​ជួយ​សម្រាល​បំណុល​របស់​ក្លិប​ខ្លះ​ៗ​នោះ ក្លិប​យក្ស​នៅ​តំបន់​ការតាឡាន់ បាន​ និង​កំពុង​ផ្ដោត​យ៉ាង​ប្រយ័ត្ន​ប្រយែង​ ក្នុង​ការ​រក្សារ​ទុក​កីឡាករ​រូប​នេះ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ម្នាក់ ក្នុង​ចំណោម​អ្នក​មាន​ទេពកោសល្យ​បំផុត​​របស់​ក្លិប​។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ គ្រូបង្វឹក​ថ្មី លោក Xavi បាន​ប្រាប់​ឱ្យ​ដឹងថា ការ​ជជែក​ពិភាក្សា បាន​ដំណើរការ​ទៅ​រយៈ​ពេល ៥ ​ខែ​ហើយ ហើយ​ថា ក្លិប​មិន​អាច​រង់​ចាំ​បាន​ទៀត​ទេ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា លោក​មិនពិចារណា​ទុក​ឱ្យ​កីឡាករ Dembele អង្គុយ​នៅ​ក្នុង​កៅអី​រហូត​ដល់​រដូវក្ដៅ​នោះ​ឡើយ​។

«​មិន​ថា​ កីឡាករ​ត​កុង​ត្រា​ថ្មី ឬ​ក៏​យើង​សម្លឹង​ដល់​ការរក​ច្រក​ឱ្យ​មាន​ការ​ចាក​ចេញ​សម្រាប់​កីឡាករ ​ មិន​មាន​ផ្លូវ​ផ្សេង​ដទៃ​នោះ​ឡើយ​។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​លំបាក ហើយ​យើង​មាន​ភាព​ច្បាស់​លាស់​ណាស់​ជាមួយ​កីឡាករ Ousmane (Dembele)»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Xavi នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ពុធ​។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ បាន​បន្ថែម​ថា​៖ «​រូប​គេ​ចង់​ស្នាក់​នៅ​បន្ត តែ​នៅ​មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា ដូច្នេះ​ យើង​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត ក្នុង​នាម​ជាក្លិប​មួយ ហើយដែល​មិន​ថា ការ​តកុង​ត្រា​ថ្មី ឬ​ក៏​រក​ច្រក​ឱ្យ​មាន​ការ​ចាក​ចេញ​នោះ​។ វា​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀនមួយ​។ រូ​ប​គេ​បាន​លេង​សឹង​តែ​គ្រប់​នាទី​ ចាប់​តាំង​ពី​ខ្ញុំ​មក​កាន់​តំណែង​គ្រូបង្វឹក​»​។

ជាមួយ​គ្នា​នេះ​ លោក Xavi នឹង​មិន​ធ្វើ​ការ​អះអាង​ថា តើ​កីឡាករ Dembele នឹង​មាន​ចំណែក​ពាក់​ព័ន្ធ​ ឬ​អត់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ដែល​ក្រុម​អ្នក​មាន​បុណ្យ ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ក្រុម Athletic Bilbao ក្នុង​ជំនួប នៅ​វគ្គ ១៦​ ក្រុម​ចុង​ក្រោយ នៃ​ការ​ប្រកួត​ក្នុង​កម្មវិធី Copa del Rey​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍