​ក្រុង​ឡេ​សេ​ស្ទ័​រ​: លោក Antonio Conte បាន​ពោលថា គាត់​បានឃើញ​ពី​ថាមពល ដែល​គាត់​កំពុង​ព្យាយាម​ដាក់បញ្ចូល​ទៅក្នុង​ក្រុម Tottenham Hotspur (Spurs) បន្ទាប់ពី​កីឡាករ Steven Bergwijn ស៊ុត​បញ្ចូល​ទី ២​ គ្រាប់ ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​មាន​របួស ដែលជា​ការធ្វើឱ្យ​ក្រុម Leicester City ស្ងាត់​មាត់​ឈឹង ជាមួយនឹង​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប ៣-២ កាលពី​យប់​ថ្ងៃ​ពុធ​។​

​ក្រុម​កញ្ជ្រោង​ខៀវ Leicester មើលទៅ​គួរតែ​ជា​អ្នកឈ្នះ ពេលដែល​កីឡាករ Patson Daka និង James Maddison បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង ២ ​វគ្គ ដែលជា​គ្រាប់​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ នាំមុខ ២​លើក ខណៈដែល​ខ្សែប្រយុទ្ធ Harry Kane បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុម Spurs តាម​ស្មើ​សម្រាប់​ការនាំ​មុខ​លើក​ទី១​។​

​តែ​យ៉ាងណាក្ដី ខ្សែបម្រើ Bergwijn ដែល​មិនបាន​ស៊ុត​បញ្ចូល​ទី​ទាល់តែសោះ នៅ​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ បាន​ងើប​ចេញពី​កៅអី​កីឡាករ​បម្រុង ហើយ​មក​កែប្រែ​ការប្រកួត​ឱ្យមាន​លទ្ធផល​ក្រឡាប់ចាក់​ដ៏​គួរឱ្យភ្ញាក់ផ្អើល នៅ​វិនាទី​ចុងក្រោយ ជាមួយនឹង​គ្រាប់​បាល់​នៅ​នាទី​ទី​៩០+៥ និង​៩០+៧​។​

​ផ្ទុយទៅវិញ ជំនួស​ឱ្យ​ការផ្ដល់​ភាពឈឺចាប់ សម្រាប់​ការរង​បរាជ័យ នៅ​លី​គជា​លើកដំបូង​របស់លោក Conte គិត​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​គ្រូបង្វឹក ក្នុង​ខែវិច្ឆិកា​នោះ ជ័យជម្នះ​នេះ បាន​ជួយ​រំកិល​ក្រុម​មាន់​ខ្នាយ Spurs ឱ្យ​ឡើងទៅ​ឈរ​នៅ​លេខ ៥ ពីលើ​ក្រុម​​គូប្រជែង​ក្នុង​ក្រុង​ឡុង​ដ៍​ភាគ​​ខាងជើង Arsenal និង​មាន​គម្លាត​តែ ១​ ពិន្ទុ​ប៉ុណ្ណោះ ពី​ក្រុម​លេខ ៤ West Ham United ជាមួយនឹង​ការ​សល់ ៣ ​ហ្គេម នៅក្នុង​ដៃ​។​

​ក្រោយ​ដណ្ដើមបាន ៣ ​ពិន្ទុ​ដ៏​មានតម្លៃ​នេះ អ្នកចាត់ការ​សញ្ជាតិអ៊ី​តា​លី លោក Conte បាន​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា យើង​បានបង្ហាញ​ឱ្យឃើញ នៅថ្ងៃនេះថា យើង​មិន​ចង់បាន​ការ​​ចុះចាញ់​នោះឡើយ ពោលគឺ​មិន​ចង់ឃើញ​ទាល់តែសោះ​។ កីឡាករ​ទាំងអស់​ដឹង​យ៉ាង​​ច្បាស់​នូវ​អ្វី ដែលជា​ទស្សនវិជ្ជា​រប​ស់​យើងត្រូវមាន​។ យើង​ត្រូវតែ​តស៊ូ​ប្រយុទ្ធ​ឱ្យដល់​ទីបញ្ចប់ ហើយក៏​ប្រឹងប្រែង ដើម្បី​ទទួលបាន​លទ្ធផល​ផងដែរ​»​។​

​នេះ​ជាការ​ប្រកួតដែល​ត្រូវបាន​កំណត់ពេល​ឡើងវិញ​តាម​សំណើ​របស់​ក្រុម Leicester ដែល​មិនមាន​កីឡាករ​គ្រប់​​គ្រាន់​ក្នុង​ក្រុម កាលពី​ខែធ្នូ ដោយសារ​ជួបនឹង​បញ្ហា ដែលមាន​ទាំង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ព្រមទាំង​ការ​មាន​របួស​ផ្សេងៗ​ផងដែរ​៕ AFP/VN