​ក្រុង​មែ​ល​ប៊​ន​: កីឡាការិនី​វាយ​កូន​បាល់​លំដាប់​លេខ ៣ ពិភពលោក Garbine Muguruza បាន​ទម្លាក់កំហុស​ដល់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ សម្រាប់​ការធ្លាក់​ចេញ​យ៉ាង​ឆាប់រហ័ស​ពី​ការប្រកួតប្រជែង ក្នុង​កម្មវិធី Australian Open កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បង្ហាញថា ក្រុម​ទាំងមូល​របស់​នាង បាន​បរាជ័យ ក្នុងការ​រៀបចំ​ឱ្យបាន​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការត្រៀមខ្លួន​របស់​នាង​។​

​កីឡាការិនី​ជើងឯក​រង​ឆ្នាំ ២០២០ នៅលើ​ទីលាន Melbourne Park នេះ ត្រូវបាន​គេ​មើលឃើញ​ដោយ​ទូទៅ​ថា ជា​អ្នកមាន​សិទ្ធិ​ប្រកួតប្រជែង​ដ៏​ធំ សម្រាប់​ការប្រកួត​ពាន Grand Slam ប្រចាំឆ្នាំ​ដំបូង​គេ បន្ទាប់ពី​មាននូវ​រដូវ​កាល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​នាង​បានឈ្នះ​ពាន​នៅ​ទីក្រុង​ឈី​កា​ហ្គោ និង​ឌូ​បៃ មុនពេល​ឡើងទៅ​លើក​ពាន ក្នុង​កម្មវិធី WTA Finals 2021​។​

​តែ​បន្ទាប់ពី​ទទួលបាន​ជ័យ​-​ជម្នះ នៅ​ជុំ​ទី១ យ៉ាង​ស្រួលៗ នាង​ត្រូវបាន​ធ្វើឱ្យ​ស្រ​ឡាំង​​កាំ​ង ជាមួយនឹង​ការរង​បរាជ័យ ក្នុង​លទ្ធផល ៦-៣ និង ៦-៣ ក្រោម​ថ្វីដៃ​របស់​កីឡាការិនី​ជើងចាស់​សញ្ជាតិ​បារាំង Alize Cornet នៅក្នុង​ជុំ​ទី២​។​

​កីឡាការិនី Muguruza របស់​អេ​ស្ប៉ា​ញ ដែល​បានឈ្នះ​ពាន​លំដាប់ Grand Slam ក្នុង​កម្មវិធី French Open ក្នុង​ឆ្នាំ​ ២០១៦ និង Wimbledon ១​ ឆ្នាំ​ក្រោយមក មុនពេល​មាន​ទម្រង់​លេង​ធ្លាក់ចុះ បាន​និយាយថា ការត្រៀម​លក្ខណៈ​របស់​នាង បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​វីរុស​កូ​រ៉ូ​ណា​។​

​ក្រោយពី​បាន​ធ្លាក់​ចេញពី​កម្មវិធី​នេះ កីឡាការិនី Muguruza បាន​ប្រាប់​ឱ្យដឹងថា​៖ «​វា​ជាការ​ចាប់ផ្តើម​ដ៏​តានតឹង​មួយ សម្រាប់​ក្រុម​របស់ខ្ញុំ​ផងដែរ​។ ពួកគេ​សុទ្ធតែ បាន​ឆ្លង​ជំងឺ​កូ​វីដ មុនពេល​មក​ទីនេះ​។ ពួកយើង​បាន​នៅ ដោយ​បែក​គ្នា​ចំនួន ១៥ ​ថ្ងៃ​»​។​

«​វា​ជា​រឿង​ពិបាក​សម្រាប់​ខ្ញុំ ក្នុងការ​ត្រៀមខ្លួន មកកាន់​ការប្រកួត​ដ៏​ធំ​នៅ​ប្រទេស​អូស្ត្រាលី​នេះ ហើយ​លេង​ឱ្យបាន​ល្អ​នោះ​។ វា​មាន​បញ្ហា​ស្មុគស្មាញ​បន្តិចបន្តួច​។ រីឯ​ផ្នែក​កាយសម្បទា​វិញ ខ្ញុំ​ក៏មាន​អារម្មណ៍​ដែរ​ថា ហាក់​មិន​រឹងមាំ ១០០ ​ភាគរយ​នោះឡើយ​»​។ កីឡាការិនី​វ័យ ២៨ ​ឆ្នាំ បានឱ្យដឹង​បន្ថែម​។​

​កីឡាការិនី Muguruza បាន​ប្រាប់ថា ដោយសារ​ក្រុម​​គ្រូបង្ហាត់​របស់​នាង ត្រូវ​នៅ​ផ្ដាច់ខ្លួន​ពី​អ្នកដទៃ នាង​ត្រូវធ្វើ​ការហាត់​សមតែ​ម្នាក់ឯង រយៈពេល ២​ សប្ដាហ៍ ហើយ​បើទោះបី​ជាធម្មតា មិនមាន​ការប៉ះពាល់់​ដ​ល់​នាង​ក៏ដោយ ក៏​វា​មិនល្អ​ដល់​ការត្រៀមខ្លួន​របស់​នាង​សម្រាប់​ការចាប់ផ្ដើម​រដូវ​កាល​ដែរ​៕ AFP/VN