​ក្រុង​ឡុង​ដ៍​: លោក Ralf Rangnick បានធ្វើ​ការការពារ​ស៊ុប​ភើ​ស្តារ Cristiano Ronaldo បន្ទាប់ពី​មានប្រតិកម្ម​ដោយ​អារម្មណ៍មិនល្អ​របស់​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ ពេល​ត្រូវបាន​ផ្លាស់ប្ដូរ ដែល​វា​ជាការ​ធ្វើឱ្យ​អាប់អួ​ដល់​ជ័យ​-​ជម្នះ​របស់​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​លទ្ធផល ៣-១ នៅ​ទឹកដី Brentford កាលពី​ថ្ងៃ​ពុធ​។​

​ក្រុម Man United របស់លោក Rangnick បាន​ជំពាក់​គុណ​អ្នកចាំទី David de Gea សម្រាប់​ទម្រង់​លេង​ដ៏​ល្អ​របស់គេ ក្នុង​វគ្គ​ទី១ ដែលនាំឱ្យ​ក្រុម​​ម្ចាស់ផ្ទះ Brentford មិនអាច​ទម្លុះ​សំណាញ់​ទី​បាន មុន​​ពេលដែល​ចុងក្រោយ ក្រុម​​បិសាច​ក្រហម មានជីវិត​ជីវ៉ា​ឡើងវិញ ពី​ការប្រកួតនៅ​ភាគ​​ខាងលិច​ទីក្រុង​ឡុង​ដ៍​នេះ​។​

​កីឡាករ​ខ្សែការពារ Anthony Elanga បាន​ជួយ​ឱ្យ​ក្រុម Man Utd មាន​គ្រាប់​បាល់​បើកឆាកនៅ​ដើម​វគ្គ​ទី២ ហើយ​បន្ទាប់មក​ខ្សែប្រយុទ្ធ​ទាំង ២ គឺ Mason Greenwood និង Marcus Rashford បញ្ចប់​ការប្រកួត​ដោយ​ជ័យជម្នះ​សម្រាប់​ក្រុម​ភ្ញៀវ ដែលជា​លើកដំបូង​របស់​ពួកគេ ក្នុងចំណោម​ការប្រកួត នៅ​ក្របខ័ណ្ឌ Premier League ៣​លើកចុងក្រោយ​។​

​តែ​គឺ​ប្រតិកម្ម​ប្រកបដោយ​អារម្មណ៍​មួម៉ៅ​របស់​កីឡាករ Ronaldo ចំពោះ​ការសម្រេច​របស់លោក Rangnick ក្នុងការ​ប្ដូរ​រូបគេ​ចេញ នៅ​នាទី​ទី​៧១ ទៅវិញ​ទេ ដែល​អាច​នឹង​ក្លាយជា​រូបភាព​ដ៏​យូរអង្វែង​នៃ​ការប្រកួត នា​យប់នោះ​។​

​ដោយ​ធ្វើការ​គ្រវីក្បាល ព្រម​​ទាំង​ការ​រអ៊ូរទាំ កីឡាករ Ronaldo ហាក់ដូចជា​ចង់​ប្រាប់​អ្វី​ម្យ៉ាង​ទៅកាន់ លោក Rangnick ខណៈដែល​រូបគេ​បាន​ដើរកាត់​គ្រូបង្វឹក​បណ្ដោះអាសន្ន​រូប​នោះ​។ ស្របពេល​ជាមួយគ្នា ការបោះ​ចោល​អាវ​ក្រៅ​ទៅលើ​ដី​ដោយ​ខឹងសម្បា រូបគេ​បានធ្វើ​ការចង្អុល​ទៅ​ទ្រូង​ខ្លួនឯង ខណៈដែល​មិត្ត​រួម​ក្រុម ដែលជា​កីឡាករ​បម្រុង បាននាំគ្នា​សម្លឹង​ទៅ​ទី​ផ្សេង ដោយ​អា​រ​ម្មណ៍​មិន​ស្ងប់​។​

​ដំបូង​ឡើយ លោក Rangnick មិន​អើពើ​ជាមួយ​កីឡាករ Ronaldo ឡើយ មុននឹង​ទៅ​អង្គុយ​ក្បែរ ហើយ​ទះ​ជើង​ខ្សែ​ប្រយុទ្ធ​វ័យ ៣៦ ​ឆ្នាំស្រាលៗ ពេល​គាត់​ព្យាយាម​សម្រួល​អារម្មណ៍​កីឡាករ​របស់ខ្លួន​រូប​នេះ​។ ហើយ​ក្រោយ​ចប់​ការ​​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់បាន​បដិសេធក្នុង​​ការបន្ទោស​ចំពោះ Ronaldo នៅពេល​ត្រូវបាន​សួរ​ពាក់ព័ន្ធ​នឹង​អាកប្បកិរិយា​នេះ​។​

«​វា​ជា​រឿង​ធម្មតា ដោយសារ​រូបគេ​ជា​ខ្សែប្រយុទ្ធ ដូច្នេះប្រាកដជា​ចង់​មានឱកាស​រក​គ្រាប់​បាល់​ឱ្យបាន​។ រូបគេ​ទើប​ជា​ពីរ​បួស ហើយ​សម្រាប់​ខ្ញុំ វា​ជាការ​សំខាន់ ក្នុងការ​គិតដល់​ហ្គេម នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Rangnick​។​

​អ្នកចាត់ការ​វ័យ ៦៣ ​ឆ្នាំបាន​បន្ថែមថា​៖ «​ពេល​យើង​នាំមុខ ២-០ ដូច​កាល​ប៉ះ​ជាមួយ​ក្រុម Aston Villa ដូច្នេះ ខ្ញុំ​សម្រេច​ធ្វើការ​ការពារ ដើម្បី​រក្សា​ការនាំ​មុខនៅក្នុង​ពេលនោះ ហើយ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​ប្ដូរ​ដាក់​ខ្សែការពារ​ដល់​ទៅ ៥ ​នាក់​»​។​

Man United យ៉ាងហោច​​ណាស់ បានគេច​ផុតពី​បរាជ័យ​ដ៏​អាម៉ាស់​មួយ​ផ្សេងទៀត បន្ទាប់ពី​បាន​ភា្ល​ត់​ចាញ់​ក្រុម​ Wolves នៅផ្ទះ​ខ្លួនឯង និង​ធ្វើឱ្យ​ការនាំ​មុខ ២-០ បាត់បង់​គួរឱ្យ​ស្ដាយ ដោយ​ការ​បណ្ដោយឱ្យ​ក្រុម​ម្ចាស់ផ្ទះ Aston Villa តាម​ស្មើ សម្រាប់​ការប្រកួត ២ ​លើក នៅមុននេះ​។​

​ពេលនេះ ក្រុម​យក្ស​របស់​ក្រុម​មេន​ឆេ​ស្ទ័​រ​មួយ​នេះ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៧ ក្នុង​តារាង​ពិន្ទុ​របស់ Premier League ដោយមាន​គម្លាត ២ ​ពិន្ទុ ពី​ក្រុម​នៅ​ទី​កំពូល​ទាំង ៤ ខណៈ​ពួកគេ​កំពុង​ប្រឹងប្រែង​ប្រជែង​យក​សិទ្ធិ​ទៅលេង​នៅ​ក្របខ័ណ្ឌ Champions League សម្រាប់​រដូវ​កាល​ក្រោយ​៕ AFP/VN