ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​​អប់រំ យុវជន និង​កីឡា លោក ស សុខា បាន​រំលេច​ចេញ​នូវ​ពាក្យ​ពេចន៍​បែប​ចាក់​ដោត​មួយ ដោយ​លើកឡើងថា ការបង្កើត​សហព័ន្ធ ឬ​ក្លិប​ទាមទារ​ឱ្យមាន​ការលះបង់ ធនធាន នៅក្នុង​កម្រិត​ណាមួយរ​បស់​អ្នកពាក់ព័ន្ធ ដើម្បី​អាចឈាន​ទៅរក​ការរីកចម្រើន និង​ដើរ​ទៅមុខ​ទាំងអស់គ្នា ប៉ុន្តែ​បើ​បង្កើត​សហព័ន្ធ រង់ចាំតែ​ការជួយឧបត្ថម្ភ​ពី​ក្រសួង ឬ​ស្ថាប័ន​ណាមួយ​ទេនោះ គួរ​កុំ​បង្កើត​វិញ​ល្អ​ជាង​។​

«​ខ្ញុំ​សូម​ជម្រាបជូន​ថា ការបង្កើត​សហព័ន្ធ​ទាំងអស់ បើ​បង្កើត ចាំតែ​មានការ​ឧបត្ថម្ភ​ពី​ក្រសួង ឬ​ពី​ស្ថាប័ន​ណាមួយ ខ្ញុំ​គិតថា មិនចាំបាច់​បង្កើត​ល្អ​ជាង ព្រោះ​ការ​បង្កើត​សហព័ន្ធ​ជាការ​លះបង់​កម្រិត​ណាមួយ​។ ដូច្នេះ​សម្ព័ន្ធ​ក្លិប ក៏ត្រូវ​ការចូល​រួមទាំង​អស់​គ្នា ក្នុងការ​ដាក់ទុន​១​កម្រិត ហើយ​សហព័ន្ធ នឹងមិន​មើលរំលង​នោះទេ គឺ​សហព័ន្ធ នឹង​មើល​ហើយ យកចិត្តទុកដាក់​ក្នុងការរៀបចំ ជូន​ទៅលើ​ការងារ​បច្ចេក​ទេស​មួយចំនួន​»​។​

​ការលើកឡើង​បែបនេះ​របស់លោក ស សុខា ត្រូវបាន​ធ្វើឡើង នៅពេល​លោក​បាន​ចូលរួមនៅក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​ ២០២១ និង​កំណត់​ទិសដៅ​ឆ្នាំ​ ២០២២ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​សម្តី​ទាំងនេះ លោក ស សុខា បាន​ផ្តោត​ខ្លាំង​ទៅលើ​ម្ចាស់​សម្ព័ន្ធ ឬ​ក្លិប ចំណុះឱ្យ​សហព័ន្ធ​ប៊ូល និង​កីឡា​ប៉េតង់​កម្ពុជា ដែល​ត្រូវតែ​ហ៊ាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ខ្លះ គឺ​មិនត្រូវ រង់ចាំតែ​ការជួយឧបត្ថម្ភ​ពី​ក្រសួង​​អប់រំ យុវជន និង​កីឡា ឬ​សហព័ន្ធ​ផ្ទាល់ នោះទេ ព្រោះ​ការធ្វើ​បែបនេះ នឹងមិន​អាចជួយ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ ដើរទៅ​មុខ​បាន​រយៈពេល​យូរ​នោះឡើយ​។

​ជាមួយគ្នា លោក ស សុខា ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ផង​នោះបាន​អះអាងថា ការដាក់ទុន​ទាំង​​អស់​របស់​ថ្នាក់ដឹកនាំ គឺ​ចង់ឃើញ​វិស័យ​កីឡា​កម្ពុជា ទទួលបាន​ជោគជ័យ នៅលើ​ឆាក​អន្តរជាតិ ហើយ​វា​ពិតជា​មោទនភាព ចំពោះ​ក្រុមកីឡា​ប៉េតង់ ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ គឺ​ការ​ឈ្នះ​បាន​មេដាយមាស​ពិភព​​លោក ចំនួន​ ៥ ​លើក​ជាប់ៗ​គ្នា លើ​វិញ្ញាសា​វាយយក​ពិន្ទុ​របស់​វីរ​កីឡាការិនី កែ ឡេង ដែល​ឈ្នះ​បាន ​៤ ​លើក និង​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ទើប​បានឈ្នះ​បន្ថែម ជា​លើក​ទី​៥ ឱ្យ​កម្ពុជា​។​

​លោក ស សុខា បាន​ថ្លែងថា​៖ «​ការដាក់ទុន​ទាំងអស់​របស់​យើងខ្ញុំ ក៏ដូចជា​ថ្នាក់ដឹកនាំ​សហព័ន្ធ មាន​គោលបំណង​តែ ​១ ​គត់ គឺចង់ឃើញ​កម្ពុជា ឈរ​នៅលើ​ឆាក​អន្តរជាតិ ហើយ​នៅ​ចុង​​ក្រោយនេះ ជា​មោទនភាព​ធំ​ណាស់ ដែល​កីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបាន​មេដាយមាស​ពិភពលោក ជា​លើក​ទី​៥ បន្ថែម​ទៅលើ​ការ​ឈ្នះ​មេដាយមាស​ចំនួន​ ៤​ លើក​ជាប់ៗ​គ្នា​របស់​វីរនារី កែ ឡេង ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ ដែល​មិនទាន់មាន​អ្នកណា​បំបែក​ឯតទគ្គ​កម្ម​រប​ស់បង​ស្រី (​កែ ឡេង​) បាន​នៅឡើយ​ទេ​»​។​

​ប្រធាន​សហព័ន្ធ​រូបនេះ បញ្ជាក់ថា​៖ «​នេះ (​ការ​ជម្នះ​ការលំបាក ដើម្បី​ឈ្នះ​បាន​មេដាយមាស ពិភពលោក​ ៥ ​លើក​ជាប់ៗ​គ្នា​) ជា​មោទនភាព ដែលជា​សក្ខីភាព ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​អត់ធ្មត់ និង​ការ​​លះបង់​ស្រឡាញ់​កីឡា​មួយ​នេះ​។ ខ្ញុំ​ទទួលស្គាល់ថា កីឡា​មួយ​នេះ វា​មិនអាច​ធ្វើជា​អាជីពវា​មិនអាច​ទៅ​បំពេញ​នូវ​សេចក្តី​តម្រូវការ រកចំណូលបាន​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត គឺ​ការលះបង់ ទៅលើ​ឆន្ទៈ​មួយ ដែល​សហព័ន្ធ​បាន​លះបង់​ជូន​រួចទៅហើយ​»​។​

​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា អាច​ចាត់ទុកថា ជា​សហ​ព័ន្ធ​នាំមុខគេ​នៅ​កម្ពុជា​ក្នុងការ​​ដណ្តើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ ព្រោះ​គិតដល់​បច្ចុប្បន្ន សហព័ន្ធ​នេះ ឈ្នះ​បាន​មេដាយ​អន្តរជាតិ​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក សរុប ​៣៧០ ក្នុងនោះ​មាន​មេដាយមាស ​១០៨ ប្រាក់ ​១៣១ និង​មេដាយ​សំរឹទ្ធ​ចំនួន​ ១៣១ ​គ្រឿង​៕