​ភ្នំពេញ​: អតីត​កីឡាករ​ជើង​ខ្លាំង ដែល​ធ្លាប់បាន​សាង​ភាព​ល្បី​ល្បាញ និង​ធ្លាប់ ដណ្តើមបាន​ខ្សែក្រវាត់​យកមក​គ្រប់គ្រង​ដូចគ្នា ផាន់ គ្រាន់ និង សៀវ ង៉ុ​យ សុទ្ធតែ​បានបង្ហាញ​ការប្តេជ្ញាចិត្ត ដណ្តើម​ឱ្យបាន​ប្រា​ក់លាន នៅពេល​ពួកគេ ត្រូវបាន​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​នៅ​សង្វៀន​ថោ​ន ដាក់ឱ្យ​ពួកគេ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រាក់​លាន ជាមួយ​អ្នក​ប្រដាល់ សោម វិឆ័យ និង​ សំ អាន នា​ថ្ងៃអាទិត្យ​។​

​តែ​ទោះបីជា​យ៉ាងណា នៅមុន​ការដាក់ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន ទម្ងន់​ ៦៣,៥​ គីឡូក្រាម​នេះ ទាំង ផាន់ គ្រាន់ និង សៀវ ង៉ុ​យ មិនសូវ​បានបង្ហាញ​វត្តមាន នៅលើ​សង្វៀន​ប៉ុន្មាន​ទេ ហើយ​ការ ឃើញ​បាត់ៗ​នេះ ត្រូវបាន​គេ​គិតថា អ្នក​ទាំង ​២ ​នេះ អាច​នឹងមាន​បញ្ហា​ផ្នែក​កម្លាំង ហើយ​បច្ចេក​ទេស​ប្រកួត​ក៏​អាច​ធ្លាក់ចុះ ដែល​ពិបាក​ទប់ទល់​ជាមួយ​អ្នកជំនាន់ក្រោយ សំ អាន ជាពិសេស សោម វិឆ័យ ផងដែរ ខណៈ​អ្នកទស្សនា​ភាគច្រើន បានធ្វើការ​វាយតម្លៃ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​ថា អ្នកឈ្នះ​ប្រាក់​លាន លើក​នេះ អាចជា សោម វិឆ័យ ទៅវិញ​ទេ​។​

​ជាមួយគ្នានេះ សៀវ ង៉ុ​យ ក៏បាន​ដំឡើង​ទម្ងន់ មក​ប្រកួត​ក្នុង​ទម្ងន់ ​៦៣,៥​ គីឡូក្រាម​ផងដែរ ដែល​បញ្ហា​ទាំងនេះ សុទ្ធតែ​ចំណុចខ្សោយ​ចំពោះ សៀវ ង៉ុ​យ​។ តែ​ទោះបីជា​យ៉ាងណា សៀវ ង៉ុ​យ ដែល​ទើបបាន​ផ្លាស់ប្តូរ​មក​នៅ​ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង​របស់លោក​គ្រូ សួង បញ្ញា នោះ បាន​ប្តេជ្ញា​ថា នឹង​ដណ្តើម​ប្រាក់​លាន​នេះ​ឱ្យបាន​។​

​ម្ចាស់​ខ្សែក្រវាត់ ​៤ ​ស្ថាប័ន សៀវ ង៉ុ​យ បាន​និយាយថា​៖ «​ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ក្លិប​អភិរក្ស​រុងរឿង ជិត​ ១ ​ខែ​ហើយ ហើយ​នេះ​ជាការ​ប្រកួត​លើក​ទី​២ ​របស់ខ្ញុំ​។ ក្នុងចំណោម​បេក្ខភាព​ដណ្តើម​ប្រាក់​លាន​លើក​នេះ ខ្ញុំ​ធ្លាប់បាន​ជួប សោម វិឆ័យ តែ​ ២​ នាក់​ទៀត មិន​ធ្លាប់​ជួប​ទេ​។ និយាយ​រួម​អ្នក​ទាំង​៣​នេះ មាន​ចំណុច​ល្អ​ម្យ៉ាងៗ​ម្នាក់ អ៊ីចឹង​ទោះ​ជួប​មួយណា ក៏​តានតឹង​ដែរ ប៉ុន្តែ​ខ្ញុំ​ត្រៀមខ្លួន​បានល្អ ហើយ​ប្តេជ្ញា​ថា នឹង​យកប្រាក់​លាន​នេះ​ឱ្យបាន​»​។

​ចំណែក ផាន់ គ្រាន់ ដែល​បាន​ឡើង​ទម្ងន់​រហូតដល់​ជាង ​៧០ ​គីឡូក្រាម​នោះ បាននិងកំពុងនឹង​ហ្វឹកហាត់​ខ្លាំង ដើម្បី​សម្រក​ទម្ងន់​មក​ប្រកួត​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​លើក​នេះ ហើយ​តាមរយៈ​ការព្យាយាម​នេះ ផាន់ គ្រាន់ នៅតែ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ ក្នុងការ​ប្រកួតប្រជែង​ដណ្តើម​ប្រា​ក់លាន លើក​នេះ ព្រោះ ផាន់ គ្រាន់ ធ្លាប់ជា​ជើង​​ខ្លាំង ក្នុង​ប្រភេទ​ទម្ងន់​នេះ​។​

​ជាមួយគ្នានេះ អ្នក​ប្រដាល់​វាយ​មក​ដកថយ ផាន់ គ្រាន់ បាន​និយាយថា​៖ «​រយៈពេល​ ១ ​ខែ មកនេះ ខ្ញុំ​ខំប្រឹង​ហាត់​រហូត ដើម្បី​មក​ប្រកួត​ទម្ងន់ ៦៣,៥​ គីឡូក្រាម ហើយ​បេ​ក្ខ​ភាព​ដែល​ខ្ញុំ​ត្រូវ​ជួប​លើក​នេះ សុទ្ធតែ​វ័យក្មេង ដែល​ល្អ​ស៊ុ​ហ្វ និង​កម្លាំង អ៊ីចឹង​យើង​ត្រូវ​ពង្រឹង កម្លាំង និង​សុ​៊​ហ្វ​ឱ្យបាន​ច្រើន​។ អ្នក​ទាំង ​៣ ​នេះ ជួប​មួយណា​ក៏​តឹង​ដែរ ប៉ុន្តែ​ការចូល​លេង ប្រាក់​លាន​លើក​នេះ ខ្ញុំ​ប្តេជ្ញាចិត្ត នឹង​លើក​ស្លាក​ប្រាក់រង្វាន់ ៣,៤ លាន​រៀល​ឱ្យបាន​»៕