​ភ្នំពេញៈ កីឡាករ​ជម្រើសជាតិ ឈុត សេរី​វ៉ាន់​ថង បានធ្វើការ​​ប្តេជ្ញាចិត្ត​ថា រូបគេ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព យកឈ្នះ​សេក ចៅ​ជូត ឱ្យបានដើម្បី​បាន​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើមពាន​​មាស ចំណែក​ជើង​ខ្លាំង អេ​លី​ត ចំរើន ក៏បាន​តាំងចិត្ត​យកឈ្នះ​លើ គូសត្រូវ​ចាស់ វ៉ាន់ វឿន សម្រាប់ ការប្រកួត នៅ​ថ្ងៃអាទិត្យ​ផងដែរ ដើម្បី​បង្កើតឱ្យមាន​ឱកាស​ឡើងវិញ សម្រាប់​ការ​ប្រជែង​រក​កៅអីទៅកាន់​វគ្គ​បន្ត​។​

​នៅមុន​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​លើក​ទី​២ នៅលើ​សង្វៀន​ថោ​ន លើក​នេះ ទាំង ឈុត សេរី​វ៉ាន់​ថង និង សេក ចៅ​ជូត សុទ្ធតែ​ទទួលបាន ​៣ ​ពិន្ទុ​ពេញ សម្រាប់​ការ​​ប្រកួត​បើកឆាក​របស់ខ្លួន ហើយ​លទ្ធផល​នេះ បានបង្ហាញ​ឱ្យឃើញថា អ្នក​ដែល​ទទួលបាន ​៣ ​ពិន្ទុ​បន្ថែម​លើក​នេះ នឹង​ទទួលបាន​ឱកាស​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មុនគេ ទាំង​នៅសល់​ការប្រកួត​ជុំ​ទី​៣ ប្រចាំ​ពូ​ល ​B ​នេះ មួយលើកទៀត​។​

​សម្រាប់​ការវិល​មកជួប​គ្នា​រវាង​អ្នក​ទាំង ​២ ​នេះ ត្រូវបាន​គេ​ផ្តល់​ភាពជឿជាក់​ខ្លាំង​ទៅលើ ឈុត សេរី​វ៉ាន់​ថង ដែលមាន​ឈ្មោះ​បោះ​សំឡេង​មុន និង​មាន​សមត្ថ​ភាពល្អ​ជាង សេក ចៅ​ជូត ដែល​ទើបបាន​សាង​ភាព​ល្បី​គួរសម ក្នុងពេល​ថ្មីៗ​នេះ​។ តែ​ទោះបីជា​យ៉ាងណា ឈុត សេរី​វ៉ាន់​ថង ដែល​បាន​យកឈ្នះ​លើ វ៉ាន់ វឿន ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​បើកឆាក​ទាំង​លំបាក​នោះ ក៏មាន​ការបារម្ភ​ទៅលើ​ក្បាច់​សម្លាប់​របស់ ចៅ​ជូត ផងដែរ ប៉ុន្តែ​រូបគេ​បាន​ប្តេជ្ញាចិត្ត​ថា ត្រូវ​យកឈ្នះ​ឱ្យបាន ដើម្បី​បាន​ឡើងទៅ​វគ្គ​បន្ត​។​

​ឈុត សេរី​វ៉ាន់​ថង បាន​និយាយថា​៖ «​ក្បាច់ដែល​គួរឱ្យ​ចាប់​​អារម្មណ៍​របស់ សេក ចៅ​ជូត គឺ​គាត់​ពូកែ​ទាត់​លើ និង​កែង ហើយ​ខ្ញុំ​ក៏មាន​ការបារម្ភ​ទៅលើ​ស្នៀត​នេះដែរ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​​ប្រែ​ប្រកួត​ឱ្យបាន​ ៣​ ពិន្ទុ​បន្ថែមទៀត ព្រោះ​អី​វា​ជាវ​គ្គ​សំខាន់ ដែល​ខ្ញុំ​ត្រូវ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ខ្ញុំ​នឹង​ខិតខំ​ហ្វឹកហាត់​ឱ្យ​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត ដើម្បី​សម្រេច​ឱ្យបាន ចំពោះ​ការយក​៣​ពិន្ទុ​បន្ថែម​លើ​នេះ​»​។​

​ចំណែក​ការវិល​មកជួប​គ្នា​រវាង​ជើង​ខ្លាំង អេ​លី​ត ចំរើន និង​អ្នកលេង​កាំភ្លើងខ្លី វ៉ាន់ វឿន វា​បាន​ក្លាយជា​ការប្រកួត​ដ៏​ក្តៅគគុក ដើម្បី​រក​អ្នក​ដែល​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដណ្តើម​ពានមាស​នេះ មុនគេ ព្រោះ​ទាំង វ៉ាន់ វឿន និង អេ​លី​ត ចំរើន សុទ្ធតែ​បាន​ជួប ការខកចិត្ត នៅក្នុង​ការប្រកួតបើកឆាក​ដូចគ្នា​។​

​គិត​ត្រឹម​ពេលនេះ វ៉ាន់ វឿន កំពុង​ឈរ​នៅ​លេខ​ ៣ នៃ​ពូ​ល ​B ​នេះ ដោយមាន​ ១ ​ពិន្ទុ ជាមួយ​ការ​​ចាញ់​ពិន្ទុ ឈុត សេរី​វ៉ាន់​ថង ក្នុងការ​ប្រកួត​ជុំ​ទី​១ ចំណែក អេ​លី​ត ចំរើន គ្មាន​ពិន្ទុ​រាប់​ទេ ព្រោះ​រូបគេ​មាន​របួស​ជើង មិនអាច​ឡើង​ប្រកួត​ជាមួយ សេក ចៅ​ជូត បាន និង​ត្រូវបាន​កំណត់ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​។​

​ចំពោះ​អ្នក​ទាំង ​២ អេ​លី​ត ចំរើន នឹងត្រូវ​ធ្លាក់​ចេញពី​ការប្រកួត​នេះ ដោយ​ស្វ័យប្រវត្តិ​តែម្តង បើសិនជា​រូបគេ ចាញ់ វ៉ាន់ វឿន ក្នុងជំនួប​លើក​នេះ ប៉ុន្តែ​បើសិនជា​រូបគេ ឈ្នះ​វិញ នោះ​ឱកាស​ប្រជែង​របស់ ចំរើន ត្រូវ​អ៊ុត​មើល នៅពេល​រូបគេ ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ ឈុត សេរី​វ៉ាន់​ថង​។ ចំណែក វ៉ាន់ ទោះ​​បី​ជា​ចាញ់ ឬ​ឈ្នះ​ក៏​នៅសល់​ឱកាស​អ៊ុត​មើល​ការប្រកួត​ចុង​​ក្រោយ​ជាមួយ សេក ចៅ​ជូត ផងដែរ តែបើ​ឈ្នះ​វិញ ដឹង​តែមានភាគរយ​ខ្ពស់​បាន​ទៅ​វគ្គ​បន្ត​។​

​ម្ចាស់​ខ្សែក្រវាត់​មាស​ ២​ ជំនាន់ អេ​លី​ត ចំរើន បាន​និយាយថា​៖ «​ខ្ញុំ​មានការ​សោកស្តាយ ដែល​បាន​ខកខាន​ការប្រកួត​បើកឆាក តែ​ធ្វើ​ម៉េច​បែរ​យើង​ឈឺ គឺ​ទោះ​ឡើង​ប្រកួត ក៏​គង់តែ​នៅ​ចាញ់​គេ​ដដែល អ៊ីចឹង​យើង​សុខចិត្ត​អត់​វ៉ៃ​តែម្តង ចំណែក​ការប្រកួត​លើក​នេះ ប្រហែលជា​ពិបាក និង​មាន​ភាព​​តានតឹង​។ ថ្វីបើ​ខ្ញុំ​ធ្លាប់​ឈ្នះ​គាត់ទាំង​ ៣​ លើក សម្រាប់​ការជួបគ្នា​កន្លងមក ប៉ុន្តែ វ៉ាន់ វឿន ឥឡូវ​គាត់​ខំ​ហ្វឹកហាត់​ខ្លាំង​»​។​

​អេ​លី​ត ចំរើន បាន​បញ្ជាក់ថា​៖ «​របួស​ជើង​របស់ខ្ញុំ បានជា​សះ​​ស្បើយ ​១០០ ​ភាគរយ​ហើយ ហើយ​ខ្ញុំ​ក៏បាន​ហ្វឹកហាត់​ពេញ​​លេញ បាន​ ១​ សប្តាហ៍​ផងដែរ ខណៈ​ការប្រកួត​លើក​នេះ ខ្ញុំ​នឹង​ធ្លាក់​១០០ ​ភាគរយ​តែម្តង បើសិនជា​ចាញ់ តែបើ​ឈ្នះ ខ្ញុំ​អាចមាន​សង្ឃឹម​ឡើងទៅ​វគ្គ​បន្ត បើសិនជា​ខ្ញុំ អាច​បន្ត​ឈ្នះ​ការប្រកួត​លើកចុងក្រោយ ហេតុនេះ​សម្រាប់​ការប្រកួត​ជុំ​ទី​២ ​នេះ ខ្ញុំ​ប្តេជ្ញា​ធ្វើ​ម៉េច​យកឈ្នះ​»​។

​កីឡាករដែល​រក្សា​មុខជូរ​ជានិច្ច​រូបនេះ បាន​បន្ថែមថា​៖ «​ទោះបីជា​សន្លប់ ឬ​មិន​សន្លប់ ខ្ញុំ​ត្រូវ​ព្យាយាម ធ្វើ​ម៉េច​យកឈ្នះ​ឱ្យបាន​»៕