​ក្រុង​មេន​ឆេ​ស្ទ័​រ​: គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Marcus Rashford ពី​ការ​ស៊ុត​បាល់ ដែល​ស្ទើរតែ​ជាការ​ទាត់ ១​ ជើង​ចុងក្រោយ​នៃ​ការប្រកួត​ទៅហើយនោះ បាន​ជួយ​រុញឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ឡើងទៅ​ឈរ​ក្នុងចំណោម​ក្រុម​ទាំង​ ៤ នៅ​ទី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ដោយ​ការយក​ប្រៀប​លើ​ក្រុម West Ham ជាមួយនឹង​អ្វី ដែល​លោក Ralf Rangnick បាន​ពណ៌នា​ថា ជា​ជ័យជម្នះ ១-០ ដ៏​មានតម្លៃ​បំផុត កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រុម Man United ហាក់ដូចជា​សោះកក្រោះ​មែនទែន សម្រាប់​ការ​​លេង​វាយលុកក្នុង​រយៈពេល ៩៣​ នាទី ពី​ការប្រកួត នៅ​កីឡដ្ឋាន Old Trafford នេះ តែ​បែរជា​បាន​រកឃើញ​នូវ​ការ​បំបែក​ភាពទាល់ច្រកនៅ​វិនាទី​ស្លា​ប់រស់ ដោយសារ​កីឡាករ​បម្រុង​ទាំង ៣ ​រូប របស់លោក Rangnick ដែល​ត្រូវ​បានដាក់​លេង​ជុំគ្នា នៅពេលដែល​កីឡាករ Anthony Martial និង Edinson Cavani សហការគ្នា​បាន​យ៉ាង​ល្អ មុនពេល​បញ្ជូន​បាល់​ទៅឱ្យ​កីឡាករ Rashford ធ្វើការ​ស៊ុត​បញ្ចូល​ទី​ស្រួលៗ​។​

«​បរិយាកាស (​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​) គឺ​ពិតជា​អស្ចារ្យ​ណាស់​។ ពិតជា​ត្រឹមត្រូវ​ណាស់ ពួកក្មេងៗ (​កីឡាករ​) កំពុង​នាំគ្នា​ធ្វើការ​អបអរ ដោយ​ពួកគេ​ដឹង​ច្បាស់​ថា ជ័យជម្នះ​ដ៏​ធំ​នេះ ជា​អ្វី​។ នោះ​គឺជា​ការ​ឈ្នះ ​១ ក្នុងចំណោម​ការ​ឈ្នះ​ដ៏​ធំ​បំផុត ដោយសារ​យើង​អាច​ស៊ុត​បញ្ចូល​ទី នៅពេលដែល​ក្រុម​ម្ខាង​ទៀត គ្មាន​ឱកាស​សូម្បីតែ​បន្តិច ក្នុងការ​វាយបក​បាន​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Rangnick​។​

​ជ័យជម្នះ​នេះ ជួយ​រុញឱ្យ​ក្រុម Man Utd មាន ១​ ពិន្ទុ នៅ​ពីលើ​ក្រុម​ញញួរ​ធំ West Ham និង​ឃើញថា ក្រុម​បិសាច​ក្រហម ផ្លោះ​ទៅ​នៅលើ​ក្រុម Tottenham Hotspur និង Arsenal ខណៈដែល​ក្រុម​ទាំងអស់នេះ កំពុង​ប្រជែង​ដណ្តើម​សិទ្ធិ​ទៅលេង ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។​

​លើសពីនេះ​ទៀត ជោគជ័យ​នេះក៏​ជា​ចង្វាក់​ពេលវេលា​ដ៏​ធំ​ផងដែរ​សម្រាប់​កីឡាករ Rashford ដែល​ត្រូវបាន​មើលឃើញថា ហាក់ដូចជា​គ្មាន​ទំនុកចិត្ត​ទាល់តែសោះ ក្នុង​ប៉ុន្មាន​ខែ​នេះ ដោយ​កីឡាករ​អន្តរជាតិ​អង់គ្លេសនៅមុននេះ អាច​ស៊ុត​បញ្ចូល​ទី​បាន​គ្រាប់​ដំបូង​របស់ខ្លួន គិត​តាំង​ខែតុលា​មក ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម​ម្ចាស់ផ្ទះ Brentford កាលពី​ថ្ងៃ​ពុធ​កន្លងមក​។​

​ស្របពេល​ជាមួយគ្នាគ្រាប់​បាល់​នេះ បាន​កើតឡើង​ត្រូវ​ពេល​ត្រូវ​វេលាសម្រាប់​អ្វីដែល​អាចជា​វិនាទី​ដ៏​សំខាន់ ចំពោះ​ក្ដីសង្ឃឹម​របស់​ក្រុម Man United ដែលមាន​ការភ័យខ្លាច ក្នុងការ​បាត់​មុខ​ពី​ការប្រកួតប្រជែង​ដ៏​មាន​លុយកាក់ និង​កិត្តិយស គឺ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​កីឡាករ Rashford ជាថ្មី​ម្ដងទៀត ត្រូវ​ដាក់ឱ្យ​អង្គុយ​នៅ​កៅអី​កីឡាករ​បម្រុង ដោយ​លោក Rangnick ពេញចិត្ត​ក្នុង​ការឱ្យ​កីឡាករ​វ័យ ១៩ ​ឆ្នាំ Anthony Elanga លេង​ជម្រើស​ដំបូង តែ​យ៉ាងណា រូបគេត្រូវបាន​ដូរ​ចូល​ដំបូង​គេ ដោយ​អ្នក​ចាត់​​ការ​សញ្ជាតិ​អាល្លឺម៉ង់ មុនពេល​កីឡាករ​បម្រុង ២​ រូប​ចុងក្រោយ មក​មាន​ចំណែក​រួម ក្នុង​គ្រាប់​បាល់​ជ័យជម្នះ​នេះ​៕ AFP/VN