ក្រុង​មែ​ល​ប៊​ន​: កីឡាការិនី​វាយ​កូន​បាល់​ (​តិ​ន្នី​ស​) ​សញ្ជាតិ​អាមេរិក Jessica Pegula បានធ្វើឱ្យ​កីឡាការិនី​ដ៏​មាន​ឥទ្ធិពល​លំដាប់​ទី​៥ Maria Sakkari ស្រឡាំងកាំង រួច​ធ្វើ​ដំណើរ​ឡើងទៅ​វគ្គ ៨​ នាក់​ចុង​​ក្រោយ ជា​លើក​ទី២ បន្តបន្ទាប់​គ្នា ពី​ការប្រកួតប្រជែង​ដណ្ដើមពាន​ដ៏​ធំ​ប្រចាំឆ្នាំ ក្នុង​កម្មវិធី Australian Open របស់​អូស្ត្រាលី កាលពី​ថ្ងៃអាទិត្យ​។​

​កីឡាការិនី Pegula ដែល​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​លេខ ២១ ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ឆ្លងទៅ​វគ្គ​បន្ត តាមរយៈ​ជ័យ​ជម្នះ ២ ​សិត​ទល់នឹង​ ០ ដោយ​សិត​ដំបូង​រាង​លំបាក​បន្តិច ទម្រាំ​អាច​យកឈ្នះ​គូប្រកួត​សញ្ជាតិ​ក្រិ​កបាន ជាមួយនឹង​លទ្ធផល ៧-៦ តែ​សិត​ទី​២ រាង​ស្រួល​បន្តិចសម្រាប់​ការ​​ប្រកួតនៅ​ទីលាន Margaret Court Arena ដោយ​ឈ្នះ ក្នុង​លទ្ធផល ៦-៣​។​

​កីឡាការិនី​វ័យ ២៧ ​ឆ្នាំ នឹងត្រូវ​ប្រឈម​ជាមួយ​ម្នាក់ រវាង​កីឡាការិនី Ashleigh Barty ដែលមាន​ចំណាត់ថ្នាក់​លេខ​ ១ ពិភពលោក និង​ដែល​ត្រូវបាន​ចាត់ទុកថា មាន​សិទ្ធិ​ខ្ពស់​ជាងគេ ក្នុងការ​ឈ្នះ​ពាន​លំដាប់ Grand Slam ក្នុង​ព្រិ​ត្តិ​ការណ៍​នេះ និង​កីឡាការិនី Amanda Anisimova ដែលជា​អ្នក​ទម្លាក់​កីឡាការិនី​ឆ្នើម​សញ្ជាតិ​ជប៉ុន Naomi Osaka ដើម្បី​ប្រជែង​គ្នា​យក​កៅអីនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

«​នោះ​ពិតជា​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ខ្ញុំ​។ ខ្ញុំ​គិតថា ខ្ញុំ​វាយ​បាល់​បក​ត្រឡប់​ទៅ​គូប្រកួត​វិញ​បានល្អ​ណាស់ ខ្ញុំ​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​ការ​វាយ​សឺ​វី​ស​របស់​នាង (Sakkari) ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​ធ្វើបាន​។ ខ្ញុំ​ព្យាយាម​មាន​ភាព​អត់ធ្មត់ ហើយ​លេង​ឱ្យ​ឆ្លាត​បំផុត តាម​ដែល​ខ្ញុំ​អាច​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Pegula​។​

​កីឡាការិនី​លេខ​ ៥០ ពិភព​​លោក Pegula ដែល​ឪពុក​មហាសេដ្ឋី​របស់​នា​ង គឺជា​ម្ចាស់​ក្លិប​បាល់ទាត់ (​បាល់​​ទាត់​បែប​អាមេរិក​) Buffalo Bills នៅ​ក្របខ័ណ្ឌ National Football League (NFL) របស់​សហរដ្ឋអាមេរិក​នោះ ក៏បាន​ឡើងទៅ​ដល់​វគ្គ ៨ ​នាក់​ដែរ កាលពី​ឆ្នាំ ​២០២១ កន្លងទៅ តែ​ពេលនោះ នាង​បាន​ចាញ់​មិត្ត​រួម​ជាតិ​អាមេរិក Jennifer Brady៕ AFP/VN