ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា លោក អ៊ូ រតនា បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​សិក្ខាកាម​ចំនួន ​២៥ ​នាក់ ដែល​ទើបបាន​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​ចៅក្រម អាជ្ញា​កណ្តាល កម្រិត «​ក​» កីឡា​វ៉ូ​វី​ណា​ម ត្រូវគោរព​ឱ្យបាន​នូវ​សច្ចៈ និង​យុត្តិធម៌ ពេល​កាត់​​សេចក្តី​នៅលើ​ទីលាន ព្រោះ​ភាពត្រឹមត្រូវ​នេះ នឹង​ធ្វើឱ្យ​កីឡាករ-កីឡាការិនី កាន់តែ​មានទឹក​ចិត្ត​ប្រកួត និង​ខំប្រឹង​ជម្នះ​ការលំបាក ដើម្បី​ឈានទៅរក​ការដណ្តើម​បាន​មេដាយ​ជូន​ជាតិ ក្នុងការ​ប្រកួតនៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ស៊ី​ហ្គេម​។​

​លោក អ៊ូ រតនា បាន​ថ្លែង នៅក្នុង​ពិធី​បិទ​វគ្គ កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​ក្រៅពី​សម្រួច​បច្ចេកទេស​របស់​កីឡាករ-កីឡាការិនី ឱ្យ​កាន់​តែមាន​ភាព​មុត​ស្រួច ដើម្បី​ដណ្តើមយក​មេដាយ​មក​ជូន​ជាតិ​នោះ ការបណ្តុះបណ្តាល​ចៅក្រម​ ​អាជ្ញាកណ្តាល ក៏​ជា​រឿង​សំខាន់ ព្រោះ​បើសិនជា​ចៅក្រម​​ អាជ្ញាកណ្តាល​របស់​យើង កាត់សេចក្តី​ប្រកបដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ វា​នឹង​ក្លាយជា​ការលើកទឹកចិត្ត​មួយ​ដ៏​ខ្ពស់ សម្រាប់​ឱ្យ​កីឡាករ-កីឡាការិនី​របស់​យើង ចូលរួម​ដោយ​សប្បាយចិត្ត និង​កាន់តែ​ខំប្រឹង​ថែមទៀត​»​។​

​លោក​បន្ថែមថា​៖ «​ជា​ចៅក្រម ​អាជ្ញាកណ្តាល ត្រូវអនុវត្ត​ធ្វើ​ម៉េច​រក្សា​នូវ​តម្លៃ​របស់​យើង ដោយ​ប្រកាន់​នូវ​ភាព​សច្ចៈ និង​យុត្តិធម៌ គឺ​ពេល​ឡើង​ទៅជា​ចៅក្រម និង​អាជ្ញាកណ្តាល បញ្ជា​នៅលើ​ទីលាន ខ្ញុំ​សូមឱ្យ​មាន​ភាព​សច្ចៈ និង​យុត្តិធម៌​! សូមកុំ​មានការ​លម្អៀងចិត្ត កុំ​មាន​ឱ្យសោះ​។ មិនត្រូវ​គិតថា អ្នកនេះ ឬ​អ្នក​នោះ មកពី​ក្លិប​ណា​នោះទេ គឺ​ត្រូវ​កាត់សេចក្តី​ដោយ​យុត្តិធម៌ ដើម្បី​ផ្តល់នូវ​ក្តីសង្ឃឹម និង​ភាពជឿជាក់​ដល់​បងប្អូន​កីឡាករ-កីឡាការិនី​របស់​យើង ហើយក៏​ដើម្បី​ប្រកួតប្រជែង​ចូលរួម​ធ្វើជា​ចៅក្រម និង​អាជ្ញាកណ្តាល​អន្តរជាតិ​ផងដែរ​»​។

​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម ​អាជ្ញាកណ្តាលកម្រិត «​ក​» ដែល​បានចាប់ផ្តើម​ពី ​១៩ និង​បានបញ្ចប់​កាលពី​ព្រឹក​ថ្ងៃទី ​២៣ ខែ មករា ឆ្នាំ ​២០២២ ​នេះ មាន​សិក្ខាកាម ​២៥ ​នាក់ (​ស្រី ​៧ ​នាក់​) មកពី​រាជធានី​-​ខេត្ត​ចំនួន ​១០ បាន​ចូលរួម ហើយ​តាម​ការវាយតម្លៃ​របស់​គ្រូឧទ្ទេស​ក្នុង​វគ្គ​នេះ បាន​បង្ហាញថា សិក្ខាកាម​ ១៥ ​នាក់ បាន​និទ្ទេស​ល្អ និង ​១០ ​នាក់ បាន​និទ្ទេស​ល្អ​បង្គួរ​។ ជាមួយគ្នានេះ លោក អ៊ូ រតនា បាន​បង្ហើប​ថា ចៅក្រម​អាជ្ញាកណ្តាល ២ ​រូប ក្នុង​វគ្គ​នេះ នឹងត្រូវ​បានជ្រើសរើស ដើម្បី​ចូលរួម​កាត់សេចក្តី ក្នុង​ស៊ី​ហ្គេម នៅ​វៀតណាម​ខាងមុខនេះ​។​

«​ខ្ញុំបាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក គឺ​យើង​នឹង​បញ្ជូន​ចៅ​​ក្រម ​អាជ្ញាកណ្តាល​របស់​យើង ​២ ​រូប ទៅធ្វើជា​ចៅក្រម​អាជ្ញាកណ្តាល ក្នុងការ​ប្រកួតស៊ី​ហ្គេមលើក​ទី​៣១ ក្នុង​ខែឧសភា ឆ្នាំ ​២០២២ ​នេះ នៅ​វៀតណាម អ៊ីចឹង​គ្រូបង្វឹក និង​ក្រុម​ជំនាញ​របស់​យើង នឹងធ្វើ​ការពិនិត្យ​ទៅលើ​ការអនុវត្ត​ជាក់ស្តែង របស់​ក្រុម​ចៅក្រម​អាជ្ញាកណ្តាល​របស់​យើង ចាប់ពីពេលនេះ​ទៅ ដើម្បី​រក​អ្នក​ឆ្នើម​ ២​ នាក់ សម្រាប់​យកទៅ​ចូលរួម​កាត់សេចក្តី ក្នុង​ស៊ី​ហ្គេមលើក​នេះ ដើម្បី​ជា​បទពិសោធ និង​ត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​»​។​

​លោក អ៊ូ រតនា បាន​បញ្ជាក់ថា​៖ «​នា​ខែមករា ឆ្នាំ​ ២០២៣ សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជានឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​អាស៊ីអាគ្នេយ៍មួយទៀត ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក ដើម្បី​ជាការ​ត្រៀម​មួយ មុន​ឈានទៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ហើយ​ពេលធ្វើ​ម្ចាស់ផ្ទះ យ៉ាងហោចណាស់ ក៏​យើង​ប្រើប្រាស់​ធនធាន​ចៅក្រម អាជ្ញាកណ្តាល​របស់​កម្ពុ​ជា​ចំនួន​ ៥​ រូប ជាមួយ​មន្ត្រី​វ៉ូ​វី​ណា​ម​អន្តរជាតិ​ផងដែរ​។ ដូច្នេះ​សូមឱ្យ​មន្ត្រី​ទាំងអស់ ត្រូវមាន​ការប្តេជ្ញា​​ចិត្ត​ខ្ពស់ ដើម្បី​ស​ម្រ​ច​គោលដៅ​អភិវឌ្ឍន៍​នេះ ទាំងអស់គ្នា​»៕