​ភ្នំពេញៈ កីឡាករ​ជា​ក្មេង​កំព្រា អេ ណា​រ័ត្ន មានការ​បាក់​ទឹក​​ចិត្តខ្លាំង ទៅនឹង​ការរិះគន់​របស់​អ្នកទស្សនា​មួយចំនួន ជុំវិញ​ការ​​សន្លប់​របស់គេ ក្រោម​កណ្តាប់ដៃ ជើង​ខ្លាំង​ជំនាន់​ក្រោយ ពេជ្រ សម្បត្តិ ក្នុងការ​ប្រកួត Mas Fight ៩ ​នាទី នៅលើ​សង្វៀន​ថោ​ន កាលពី​ថ្ងៃអាទិត្យ​។​

​តាមរយៈ​ការប្រកួត​នោះ អេ ណា​រ័ត្ន អាច​រក្សា​ជំហរ​វាយ​ប្តូរ​ជាមួយ ពេជ្រ សម្បត្តិ បាន​ជាង ​១ ​នាទី ហើយក៏​ប្តូរ​មក​តាំង​ឃុំ​បិទមុខ នៅពេល​រូបគេ ហាក់​ជាប់គាំង​ក្រោម​ការ​វាយ​សម្រុក​ដោយ​កណ្តាប់ដៃ និង​បុក​កែង​របស់ សម្បត្តិ ប៉ុន្តែ​ការព្យាយាម​បិទ មិន​តបត​នេះ ធ្វើឱ្យ សម្បត្តិ កាន់តែ​វាយ​សម្រុក ហើយ​ការ​​ម៉ាត់​ពីក្រោម​ឡើងលើ ចូល​ផ្ទៃមុខ​ពេញទំហឹង​របស់គេ បណ្តាលឱ្យ ណា​រ័ត្ន ដួល​ទាំង​ជំហរ និង​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ភ្លាមៗ​។​

​ស្ថិតក្នុង​ស្ថានភាព​ដ៏​ល្អ​នេះ ពេជ្រ សម្បត្តិ បាន​ស្ទុះ​ចូល រួច​ប្រើ​កណ្តាប់​ដៃស្តាំ​វាយ​ចេញពី​ចំហៀង ចូល​ថ្គាម​ឆ្វេង​ពេញទំហឹង បណ្តាលឱ្យ ណា​រ័ត្ន ដួល​ក្រោក​លែងរួច ហើយ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​របស់គេ នៅក្នុង​នាទី​ទី​៣​។ ទោះ ណា​រ័ត្ន ពិតជា​បាត់បង់​ស្មារតី មិនអាច​បន្ត​ប្រកួត​ទៀត​បាន ប៉ុន្តែ​អ្នកទស្សនា​មួយចំនួន បាន​រិះគន់ អេ ណា​រ័ត្ន ខ្លាំង​ដោយ​អ្នកខ្លះ​បាន​ចោទ ណា​រ័ត្ន ថា ឡើងទៅ​ឈរ​ឱ្យគេ​វ៉ៃ រួច​ធ្វើជា​សន្លប់ ដើម្បី​បាន​ផលប្រយោជន៍​អ្វីមួយ ពី​ការប្រកួត​លើក​នេះ​។​

​យ៉ាងណាក៏ដោយ អេ ណា​រ័ត្ន បាន​ហៅ​ការរិះគន់​ទាំងនោះថា ជាការ​គិត​បែប​អគតិ ដោយ​រូបគេ​បាន​ឆ្លើយតប ជាមួយ​ការសរសេរ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ជេរ​ខ្ញុំ​ឆ្អែត​នៅ បន្ទោស​ខ្ញុំ​ឆ្អែត​នៅ បំបាក់ទឹកចិត្ត​ខ្ញុំ​ឆ្អែត​នៅ គ្មាន​អ្នកណា​ចង់​ចាញ់ គ្មាន​អ្នក​​ណា​ចង់​សន្លប់ គ្មាន​អ្នកណា​ចង់ឱ្យ​គេ​ស្អប់​ទេ បើ​អ្នក​មួយចំនួន​មិនទាន់​ឆ្អែត​ទេ បន្ដ​ការគិត​អគតិ​មកលើ​ខ្ញុំ​ទៀត​ទៅ​។ ខ្ញុំ​លែងមាន​កម្លាំង​បន្ត​ទៅមុខ​ទៀតហើយ​»​។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ​ហើយ ដែល អេ ណា​រ័ត្ន បាន​សន្លប់នៅក្នុង​ការប្រកួត​ម៉ាស​ហ្វៃ ខណៈ​កាលពី​ថ្ងៃទី​ ៩ ខែមករា​នេះ អេ ណា​រ័ត្ន ដែល​បាន​វ៉ៃ លន់ សៀក​ឡុង ឱ្យ​អាជ្ញាកណ្តាល​រាប់​មុន​នោះ បែរជា​ត្រូវ សៀក​ឡុង ម៉ាត់​ឱ្យ​សន្លប់​វិញ​។ យ៉ាងណាក៏ដោយ ក្រោយ​សន្លប់​ជា​លើក​ទី​២ ក្រោម​កណ្តាប់ដៃ ពេជ្រ សម្បត្តិ លើក​នេះ ណា​រ័ត្ន បាន​ខម​មិន ​(​ការ​​បញ្ចេញមតិ​) តបទៅ​អ្នកគាំទ្រ​ថា​៖ «​សុំទោស​បងប្អូន​ទាំងអស់គ្នា សម្រាប់​ ១ ​ប្រកួត​ហ្នឹងហើយ ខ្ញុំ​ក៏​សុំ​ឈប់​វ៉ៃ​ ៩​ នាទី​ដែរ​»​។​

​ជុំវិញ​នឹង​បញ្ហា​នេះ លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​កីឡាករ នៅ​សង្វៀន​ថោ​នបាន​ប្រាប់កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ចំពោះ អេ ណា​រ័ត្ន ការ​​ប្រកួត​របស់គាត់​ ២ ​លើក​នេះ អាច​និយាយបានថា សមត្ថភាព​ដៃគូ​គាត់ គឺ​ទាប​ជាង​គាត់​។ ជាក់ស្តែង​ដូច លន់ សៀក​ឡុង សមត្ថភាព​ទាប​ជាង​គាត់ ប៉ុន្តែ​នៅលើ​សង្វៀន​វា​អាស្រ័យទៅលើ​សំណាង​ដែរគឺ សៀក​ឡុង សំណាង វ៉ៃ​ចូល ណា​រ័ត្ន ១ ​ដៃ តែ ណា​រ័ត្ន អត់​សូវ​សំណាង ដែល​ប្រកួត​ជាមួយ​អ្នកមាន​កម្រិត​ទាប​ជាង​ហើយ តែ​គាត់​នៅតែ​ធ្វើ​អត់​បានល្អ​»​។​

​លោក​បាន​បន្ថែមថា​៖ «​ចំណែក ពេជ្រ សម្បត្តិ ធ្លាប់​វ៉ៃ​តែ​ជាង ​១០ ​ប្រកួត​ទេ រីឯ អេ ណា​រ័ត្ន ចូល ​៥០ ទៅ ​៦០ ​ប្រកួត​ហើយ ហើយ​ធ្លាប់​ប្រកួត​អន្តរជាតិ​ច្រើន​ទៀត ប៉ុន្តែ​ជាក់ស្តែង សម្បត្តិ បច្ចុប្បន្ន​គាត់​ឡើង​ជើង ហើយ ណា​រ័ត្ន ឡើង​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ គ្រាន់តែ​ទប់ គឺ​មើលទៅ​អត់​មានអី​វាយ​ចេញ​ទៅលើ​ដៃគូ ដែល​ធ្វើឱ្យ​គាត់​គិតថា ការប្រកួត​ ៩ ​នាទី ឬ​ម៉ាស​ហ្វៃ វា​មិនសូវមាន​ភាពអំណោយ​ផល​សម្រាប់​គាត់ ព្រោះ​ម៉ាស​ហ្វៃ យើង​ទាមទារ​កីឡាករ​ខ្លាំង និង​វាយ​បុក អ៊ីចឹង​កីឡាករ​ថយ វ៉ៃ​ក្បាច់ ប្រហែលជា​ពិបាក​វ៉ៃ​ជាមួយ​ច្បាប់​ម៉ាស​ហ្វៃ ហេតុនេះ​វា​ជាការ​យល់ឃើញ​របស់​កីឡាករ គឺ​បើ​គាត់ (​អេ ណា​រ័ត្ន​) ចង់​ប្រកួត យើង​នឹង​រៀបចំ តែបើ​គាត់​មិន​ចង់ ក៏​យើង​មិន​រៀបចំ​ឱ្យ​គាត់​ដែរ​»៕