ក្រុង​មី​ឡាន​: ខ្សែប្រយុទ្ធ Federico Chiesa នឹង​អ​វត្ត​​មានក្នុង​រយៈពេល​ប្រហែលជា ៧​ ខែ​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប Juventus កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​កីឡាករ​អន្តរ​​ជាតិ​អ៊ី​តា​លី ទទួល​ការវះកាត់​ជង្គង់​ខាងឆ្វេង​។​

​ក្រុម​សេះបង្កង់ Juve បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ មុនពេល​ចាប់ផ្តើម​ការប្រកួតនៅ​ក្របខ័ណ្ឌ Serie A របស់​ពួកគេ នៅឯ​ទឹកដី​របស់​ក្រុម AC Milan ថា កីឡាករ Chiesa ត្រូវធ្វើ​ការវះកាត់នៅ​ទីក្រុង Innsbruck ដើម្បី​ត​ភ្ជាប់​សរសៃពួរ​នៃ​ជង្គង់​ខាងឆ្វេង​របស់គេ​ឡើងវិញ​។​

«​ការវះកាត់បានទទួល​ផល​ល្អ​ណាស់​។ ពេលវេលា​នៃ​ការ​​សះស្បើយ​ឡើងវិញ គឺ​ប្រមាណ​ជា ៧ ​ខែ​»​។ នេះ​ជាការ​ឱ្យដឹង​របស់​ក្លិប Juventus នៅក្នុង​សេចក្ដីប្រកាស​នោះ​។​

​កីឡាករ Chiesa ដើរ​ដោយ​ដំណើរ​ខ្ញើចៗ​ចេញពី​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្នុង​វគ្គ​ទី១ នៃ​ការប្រកួត ដែល​ក្រុម Juve មានជ័យ​ជម្នះ ៤-៣ លើ​ក្រុម​ម្ចាស់ផ្ទះ Roma កាលពី ២​ សប្ដាហ៍​មុន ដោយ​មិនជា​យូរ​ប៉ុន្មាន​នោះឡើយ បន្ទាប់ពី​ទើបបាន​វិល​មក​មាន​សកម្មភាព​វិញ ក្រោយ​បាត់​មុខ​ប៉ុន្មាន​សប្ដាហ៍ ដោយសារ​របួស​សាច់ដុំ​។​

​កីឡាករ​វ័យ ២៣ ​ឆ្នាំ Chiesa នឹង​ខកខាន ក្នុងការ​រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី ដែល​ត្រូវ​ប្រឹងប្រែង​ដណ្ដើម​សិទ្ធិ ដើម្បី​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ World Cup 2022 តាមរយៈ​ការប្រកួត​វគ្គ​ចាញ់​ធ្លាក់ ដែល​ចាប់ផ្តើម​ដោយ​ការជួប​ជាមួយ​ក្រុម​ម៉ា​សេ​ដ្វា​ន​ខាងជើង នៅ​ចុងខែ​មីនា​នេះ​។​

​ការ​អវត្តមាន​របស់គេ នឹង​កា្ល​យ​ជា​ផលប៉ះពាល់​ដ៏​ធំ​ចំពោះ​គ្រូបង្វឹក​ក្រុម​អ៊ី​តា​លី លោក Roberto Mancini ដោយសារ​រូបគេ​ គឺជា​កីឡាករ​ដ៏​សំខាន់​មួយរូប ដែល​ជួយ​ឱ្យ​ក្រុម​រហស្សនាម «Azzurri» (​ពណ៌​ខៀវ​) ឈ្នះ​ជើងឯក ក្នុង​ព្រឹត្តិការណ៍ Euro 2020 ថ្មីៗ​នេះ​៕ AFP/VN