​ក្រុង​លីម​បេ​: កីឡាករ Ismahila Ouedraogo ស៊ុត​បាល់​ចុងក្រោយ ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​កាត់ក្ដី ដើម្បី​ជួយ​ឱ្យ​ក្រុម​ជម្រើស​​ជាតិ​ប៊ួ​គី​ណា​ហ្វា​សូ ឈ្នះ​ក្រុម​ហ្គា​បុ​ង ៧-៦ រួច​ឡើងទៅ​វគ្គ ៨​ ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ Africa Cup of Nations (AFCON) ខណៈដែល​ការ​​ប្រកួត កាលពី​ថ្ងៃអាទិត្យ នៅ​ក្រុង​លីម​បេ (Limbe) ក្នុង​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​ពិសេសស្មើគ្នា ១-១​។​

​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ អាច​នឹងមាន​ជ័យជម្នះក្នុង​ម៉ោង​ធម្មតា ៩០ ​នាទី សម្រាប់​ការប្រកួតក្នុង​វគ្គ ១៦ ​ក្រុម​នេះ ដោយសារ​គ្រាប់​បាល់នៅ​វគ្គ​ទី​១ របស់​កីឡាករ​ប្រធាន​ក្រុម Bertrand Traore ដែល​នៅមុន​ហ្នឹង​ប្រមាណ​ជា ១០ ​នាទី ទាត់​បាល់​ពិន័យ ១១ ​ម៉ែត្រប្លាត​។​

​ហើយ​សំខាន់​ទៀត​នោះ ក្រុម​គូបដិបក្ខ​ហ្គា​បុ​ង ត្រូវ​កាត់បន្ថយ​សមាជិក​មា្ន​ក់ទៀត នៅពេលដែល​ខ្សែការពារ​កណ្ដាល Sidney Obissa ទទួលបាន​កាត​​លឿង​ជា​លើក​ទី​២ នៅ​ពាក់​​កណ្ដាល​តង់​ទី​២ តែ​ខ្សែបម្រើ​​ការពារ Adama Guira របស់​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ សំណាង​មិនល្អ បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង នៅ​នាទី​ទី​១ នៃ​ម៉ោង​បន្ថែម​បង្គ្រប់​មាន​របួស ដែលនាំឱ្យ​ការប្រកួត​ត្រូវ​បន្លាយពេល​ដល់​ម៉ោង​បន្ថែម​ពិសេស​។​

​បន្ទាប់ពី​មិនមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា ក្នុង​ម៉ោង​បន្ថែម​ពិសេស​នេះ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើងទៅ​វគ្គ​បន្ត ការសម្រេច​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ក៏​កើតឡើង ហើយ​ខ្សែ​ការពារ Lloyd Palun បាន​ក្លាយជា​កីឡាករ​ហ្គា​បុ​ង​ទី​៣ ដែល​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនេះ​អត់​ចូល មុនពេល​កីឡាករ Ouedraogo ទម្លុះ​សំណាញ់​ទី ដើម្បី​បញ្ជូន​ក្រុម​សេះ​ឈ្មោល​ប៊ួ​គី​ណា​ហ្វា​សូ ទៅ​បង្ហាញមុខ​នៅ​វគ្គ​បន្ត​។​

​ក្រុម​ជើងឯក​រងនៅ AFCON ក្នុង​ឆ្នាំ​ ២០១៣ ទៅធ្វើ​ការប្រកួតក្នុង​វគ្គ ៨ ​ក្រុម នៅ​ក្រុង​ហ្គា​រូ​អា (Garoua) នា​ថ្ងៃ​សៅរ៍​នេះ ដោយ​ត្រូវ​ប៉ះ​ក្រុម​ទុយ​នី​ស៊ី ដែល​យកឈ្នះ​ក្រុម​នី​ហ្សេ​រី​យ៉ា ក្នុង​លទ្ធផល ១-០​។​

«​វា​ជា​ហ្គេម​ដ៏​រញ៉េរញ៉ៃ​មួយ ហើយ​វា​មិន​ងាយស្រួល​នោះទេ ក្នុងការ​គ្រប់គ្រង​អារម្មណ៍​របស់​ពួកយើង​។ យើង​មានឱកាស ក្នុងការ​សម្លាប់ (​បញ្ចប់​) ការ​​ប្រកួត​នេះ ដោយ​មិនចាំបាច់​បន្លាយពេល តែ​នោះ​ គឺជា​បាល់​​ទាត់​។ វា​អាច​កើតឡើង​តាមផ្លូវ​ណាមួយ តែ​យ៉ាងណា យើង​រីក​​រាយ​នឹង​លទ្ធផល​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម​ប៊ួ​គី​ណា​ហ្វា​សូ លោក Kamou Malo​។​

​ក្រុម​ហ្គា​បុ​ង ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​រឿងរ៉ាវ​អាប់អួ ដែល​កើតឡើង​ដោយសារតែ​អវត្តមាន​របស់​កីឡាករ​ឆ្នើម ២ ​រូប ពី​ការប្រកួតប្រជែង​នេះ គឺ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង​ខ្សែបម្រើ Mario Lemina ដោយ​កីឡា​ករទាំង ២​ រូប ត្រូវបាន​បញ្ជូនទៅ​ប្រទេស​វិញ កាល​សប្ដាហ៍​មុន ដោយ​មិនបាន​ចូល​លេង​សូម្បី ១ ​នាទី ក្រោយពី​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​​កូ​វីដ ១៩៕ AFP/VN