ភ្នំពេញៈ កីឡាករ​មាន​រហស្ស​នាម «​អ្នកលេង​កាំភ្លើងខ្លី​» វ៉ាន់ វឿន បាន​អះអាងថា ខ្លួនបាន​ប្រើ​បច្ចេកទេស​ថ្មី ក្នុងការ​​យកឈ្នះ​លើ​ម្ចាស់​ខ្សែក្រវាត់ មាស អេ​លី​ត ចំរើន ដើម្បី​បង្កើតឱ្យមាន​ភាគរយ​ឡើងវិញ​ក្នុងការ​ប្រជែង​ឡើងទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការប្រកួត​ដណ្តើម​ពានមាស នៅ​សង្វៀន ថោ​ន ចំណែក ឈុត សេរី​វ៉ាន់​ថង បាន​ប្រើ​ក្បាច់​ពិសេស ដើម្បី​បំបាក់​ភាព​ស៊ូទ្រាំ​របស់ សេក ចៅ​ជូត រួច​ឡើងទៅ​វគ្គ​បន្ត​។​

​តាមពិត នៅមុន​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ ក្នុង​ពូ​ល ​B កាល​​ពីថ្ងៃ​អាទិត្យ កន្លងមកនេះ វ៉ាន់ វឿន ធ្លាប់បាន​ចាញ់ អេ​លី​ត ចំរើន ៣​ លើក​មកហើយ ក្នុងនោះ​រាប់ទាំង​ការប្រកួត​ផ្តាច់​​ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​មាស រដូវ​កាល​ទី​១ នៅលើ​សង្វៀន PNN ផងដែរ ប៉ុន្តែ​ការជួបគ្នា​លើក​នេះ វ៉ាន់ វឿន បាន​កែប្រែ​ស្ថានភាព​ប្រកួត​បាន​យ៉ាង​ល្អ ដើម្បី​កែប្រែ​ប្រវត្តិ​ជូរចត់​ទាំងនោះ ឱ្យ​វិល​មករក​ភាពប្រសើរ​វិញ​។​

​ទាំង វ៉ាន់ វឿន និង អេ​លី​ត ចំរើន សុទ្ធតែ​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ប្រជែង​យក ​៣ ​ពិន្ទុ ព្រោះនេះ​ជា​ជំនួប​កាត់សេចក្តី រក​អ្នក​ដែល​ត្រូវ​ធ្លាក់​ចេញពី​ការ​​ប្រកួត​នេះ​មុនគេ ហើយ​ជាមួយ​ការតាំង​ចិត្ត​នេះ អ្នក​ទាំង ​២ បាន​វ៉ៃ​ប្តូរ​គ្នា​ទៅវិញទៅមក គួរឱ្យ​ជក់​​ចិត្ត​បំផុត ប៉ុន្តែ​នៅ​ទីបំផុត វ៉ាន់ វឿន គឺជា​អ្នកឈ្នះ​បាន​ ៣​ ពិន្ទុ ដើម្បី​បង្កើតឱ្យមាន​ក្តីសង្ឃឹម​ឡើងវិញ ក្នុងការ​ប្រជែង​ទៅ​វគ្គ​បន្ត បន្ទាប់ពី​ចៅក្រម​ទាំង ​៥ ​នាក់ បានសម្រេច​ឱ្យ​រូបគេ​ឈ្នះ​លើ អេ​លី​ត ចំរើន ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៣-២​។​

​ម្ចាស់​ខ្សែក្រវាត់​មាស ​២​ សម័យកាល អេ​លី​ត ចំរើន បានទទួល យក ចំពោះ​ការ​ចាញ់ វ៉ាន់ វឿន លើក​នេះ ប៉ុន្តែ​កីឡាករ​ទើប​ក្លាយជា​ឪពុក​របស់គេរូបនេះ បានអះអាងថា ការហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់ ដោយសារតែ រវល់​មើលថែ​ប្រពន្ធ និង​កូនប្រុស​ដំបូងនៅ​មន្ទីរពេទ្យ បានធ្វើឱ្យ​រូបគេ​មាន​អារម្មណ៍​ភ័យព្រួយសម្រាប់​ការប្រកួត​លើក​នេះ​។​

​អ្នក​ប្រដាល់​មុខស្ងួត អេ​លី​ត ចំរើន បាន​និយាយ​ក្រោយ​ការ​​ប្រកួត​ថា​៖ «​ការប្រកួត​លើក​នេះ ខ្ញុំ​ហ្វឹកហាត់បាន​តិចតួច​ដែរ ព្រោះ​រវល់​មើល​កូននៅ​ពេទ្យ ដល់​អ៊ីចឹង​ខ្ញុំ​ដូចជា​ភ័យ និង​ពិបាក​ដែរ​។ ខ្ញុំ​មានការ​បារម្ភ ទៅលើ​កម្លាំង​ស៊ុ​ហ្វ ប៉ុន្តែ​កីឡា តែងមាន​ឈ្នះ មាន​ចាញ់ ហេតុ​​នេះ​ទើប​ខ្ញុំ​ចាញ់ក៏​ខ្ញុំ​ទទួលស្គាល់ថា វា​សមរម្យ​ហើយ​»​។​

​តាមរយៈ​ការ​ចាញ់ វ៉ាន់ វឿន លើក​នេះ អាច​បញ្ជាក់បាន​ថា អេ​លី​ត ចំរើន បាន​ធ្លាក់​ចេញពី​ការប្រកួត​នេះហើយ នោះ​នៅសល់​១​ប្រកួត​ទៀត​ក្នុង​ដៃ​។ តែ​ទោះបីជា​យ៉ាងណា វ៉ាន់ វឿន នៅតែ​សរសើរ​ពី​ចំណុច​ល្អ​របស់ ចំរើន ហើយ​រូបគេ បាន​បង្ហើប​ថា ការ​អាច​យកឈ្នះ​លើ អេ​លី​ត ចំរើន លើក​នេះ ដោយសារ​គេ​ប្រើ​បច្ចេកទេស​ថ្មី គឺ​ប្រើ​ទម្លាប់​ចាស់​របស់ ចំរើន ដើម្បី​យក​ប្រៀប​លើ​គេ​វិញ​។​

​វ៉ាន់ វឿន បាន​និយាយថា​៖ «​គាត់​នៅតែ​ល្អ អត់​មាន​ថមថយ​នោះទេ ហើយ​លើក​នេះ​គាត់​ដើរ​បុក​ខ្ញុំ​មុន​វិញ ប៉ុន្តែ​ចំណុច​នេះ ខ្ញុំ​បាន​យក​បច្ចេកទេស​គាត់​ពីមុន មក​ប្រើ គឺ​ថយ ឱ្យ​គាត់​ចូល​វ៉ៃ​ម្តង ព្រោះ​កន្លងមកខ្ញុំ​ចូល​វ៉ៃ​គាត់​មុន​រហូត​។ តែ​ទោះបីជា​យ៉ាងណា ការប្រកួត​នេះ មាន​ភាព​តានតឹង​ខ្លាំង ព្រោះ​មាន​ទៅមក​ហើយ តែ​ខ្ញុំ​អាចមាន​ប្រៀប​លើ​គាត់​នៅ​ទឹក​ទី​២ និង​ទឹក​ទី​៣ ខណៈ​៣​ទឹក​ទៀត ប្រហែល​គ្នា​ទេ​»​។

​ចំណែក ឈុត សេរី​វ៉ាន់​ថង បាន​ក្លាយជា​បេក្ខភាព​ទី​១ ប្រចាំ​ពូ​ល ​B ​នេះ ដែល​ត្រូវ​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បើទោះបីជា​នៅសល់​ ១ ​ប្រកួត​ទៀត​ជាមួយ អេ​លី​ត ចំរើន ព្រោះ​ការ​ផ្តួល​កីឡាករ សេក ចៅ​ជូត ដោយ​ប្រើ​ក្បាច់​ពិសេស នៅក្នុង​ទឹក​ទី​៥ បន្ថែម​ទៅលើ​ការ​ឈ្នះ​ពិន្ទុ វ៉ាន់ វឿន កន្លងមក វា​គ្រប់គ្រាន់ សម្រាប់​រូបគេ​ឡើងទៅ​វគ្គ​បន្ត​ហើយ​។​

​ចំពោះ​ការប្រកួត​លើក​នេះ ត្រូវបាន​គេ​គិតថា​ ជើង​ខ្លាំង ឈុត សេរី​វ៉ាន់​ថង នឹង​អាច​ឈ្នះ សេក ចៅ​ជូត ដោយ​មិន​ពិបាក​ទេ នៅពេល ចៅ​ជូត បង្ហាញ​ការឈឺ​ជើងក្រោម​ការទា​ត់របស់ វ៉ាន់​ថង និង​ត្រូវបាន​អាជ្ញា​កណ្តាល​រាប់ នៅ​ចុង​ទឹក​ទី​១ ​នោះ ហើយ​នៅ​ទឹក​ទី​២ និង​ទឹក​ទី​៣ ចៅ​ជូត ក៏ត្រូវ​បាន អាជ្ញា​កណ្តាល​រាប់​ផងដែរ ប៉ុន្តែ​គ្រប់គ្នា បាន​សរសើរ​ទៅដល់​ស៊ូ និង​ភាព​អំណត់​របស់ សេក ចៅ​ជូត ដែល​មិន​ព្រម​ចុះចាញ់​។​

​ផ្ទុយទៅវិញ នៅក្នុង​ទឹក​ទី​៤ សេក ចៅ​ជូត បាន​វ៉ៃ​ប្តូរ​ជាមួយ ឈុត សេរី​វ៉ាន់​ថង កាន់តែ​ល្អ ហើយក៏​មិនបាន​បង្ហាញ​ការឈឺ​ជើង​ក្រោម​ទៀត​នោះដែរ ប៉ុន្តែ​នៅក្នុង​ទឹក​ទី​៥ វ៉ាន់​ថង បាន​ប្រើ​ក្បាច់​ពិសេស​នាគ​វាត់​កន្ទុយ ធាក់​ចំពោះ ចៅ​ជូត ពេញទំហឹង បណ្តាល​ដួល​ដេក ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​ការ​​ប្រកួត​តែម្តង​។ តែ​ទោះបីជា​​យ៉ាងណា សេក ចៅ​ជូត នៅសល់​ឱកាស​ប្រជែង​ជាមួយ វ៉ាន់ វឿន គឺ​រវាង​អ្នក​ទាំង​ ២​ នេះ អ្នក​​ឈ្នះនឹងត្រូវ​ឡើង ទៅ​វគ្គ​បន្ត​ប្រចាំ​ពូ​ល ​B ​នេះ ជាមួយ ឈុត សេរី​វ៉ាន់​ថង​៕