​ក្រុង​ឡុង​ដ៍​: អតីត​អាជ្ញាកណ្តាល​របស់​ក្របខ័ណ្ឌ Premier League លោក Mark Clattenburg ដែល​បច្ចុប្បន្ន​សរសេរ​អត្ថបទ​ឱ្យ​កាសែត Daily Mail បាន​លើកឡើងថា លោក Kevin Friend បានធ្វើការ​សម្រេចចិត្ត​ខុស​ចំនួន ២​លើក ក្នុងការ​ប្រកួតដែល​ក្រុម​ហង្ស​ក្រហម Liverpool មានជ័យ​​ជម្នះ ៣-១ លើ​ក្រុម​ម្ចាស់ផ្ទះ Crystal Palace នៅឯ​កីឡដ្ឋាន Selhurst Park កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​។​

​ក្នុងការ​ប្រកួត​នោះ គ្រាប់​បាល់​របស់​ក្រុម Liverpool បានមកដោយ​ខ្សែ​ការពារ Virgil van Dijk នៅ​នាទី​ទី​៨ ខ្សែបម្រើ Alex Oxlade-Chamberlain នៅ​នាទី​ទី​៣២ និង​កីឡាករ Fabinho ដែលជា​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី នៅ​នាទី​ទី​៨៩ ខណៈដែល ១​គ្រាប់​របស់​ក្រុម Palace ស៊ុត​បញ្ចូល​ទី ដោយ​កីឡាករ Odsonn Edouard នៅ​នាទី​ទី​៥៥​។​

​តែ​បញ្ហា​នៅត្រង់ថា គ្រាប់​បាល់ ២ ​គ្រាប់​ចុងក្រោយ​របស់​ហង្ស​ក្រហម ត្រូវបាន​លើក​យកមក​ជជែក​ដេញដោល​យ៉ាងខ្លាំង ដោយ​ការ​ស៊ុត​របស់​កីឡាករ Oxlade-Chamberlain ត្រូវបាន​ក្រុម​ម្ចាស់ផ្ទះ យល់ឃើញថា កីឡាករ Roberto Firmino មាន​សួន​រួម ក្នុងការ​​លេង​មុនគេ ខណៈដែល​ពេលនោះ ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល កំពុងស្ថិត​ក្នុង​ជំហ​អក​ហ្សឺ​។​

​ចំពោះ​គ្រាប់​ទី​៣ វិញ ក្រុម Palace គិតថា វា​មិនគួរ​ជា​បាល់​ពិន័យ ១១ ​ម៉ែត្រ​ទេ ព្រោះ​បើទោះជា​ខ្សែប្រយុទ្ធ Diogo Jota របស់​ក្រុម Liverpool បាន​បុក​ទង្គិច​ជាមួយ​អ្នកចាំទី Vicente Guaita ក៏ដោយ ក៏​គេ​មិនទាន់​ដឹង​ច្បាស់​ដែរ​ថា តើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ នឹង​អាចរ​ត់ទៅ​ទាន់​បាល់ ឬ​អត់​? ហើយ​ជាក់ស្ដែងពីដំបូង លោក Friend ក៏​មិនបាន​ផ្លុំ​ផ្ដល់​បាល់​ពិន័យ​ដែរ តែ​ពេល​ពិនិត្យ VAR (​វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល​) ឡើងវិញ ក៏​ផ្លាស់ប្ដូរ​ការសម្រេច​។​

​លោក Clattenburg បាន​បញ្ចេញ​ទស្សនៈ​ថា​៖ «​ក្រុម Crystal Palace សម​នឹង​ខឹង ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល ក្នុងការ​ផ្តល់​គ្រាប់​បាល់​ទី​២ ឱ្យ​ក្រុម Liverpool ព្រោះ​នៅពេលដែល​កីឡាករ Andy Robertson បាន​លើក​បាល់​ចូលទៅក្នុង​ប្រអប់​គ្រោះថ្នាក់​នោះ កីឡាករ Roberto Firmino កំពុង​ឈរ​នៅក្នុង​ជំហ​អក​ហ្សឺ​ច្បាស់​ណាស់ ហើយ​ពេលនោះ រូបគេ​បាន​ព្យាយាម​លោត ដើម្បី​យក​បាល់​។ ប្រសិនបើ​គេ​មិនបាន​នៅ​ទីតាំង​នោះ តាំងពី​ដំបូង​ទេ ខ្សែការពារ​ឆ្វេង​របស់ Tyrick Mitchell របស់ Palace អាច​នឹង​លោត​តែ​ត​ផ្ដាច់​បាល់​ចេញ​បាន​ហើយ​។ ត្រង់នេះ គួរតែ​ពិនិត្យ VAR ឡើងវិញ​»​។​

«​លើសពីនេះ​ទៀត លោក Kevin Friend គួរតែ​រឹងមាំ​ជាមួយនឹង​ការ​-​សម្រេច​ដើម​របស់គាត់​ផងដែរ នៅពេលដែល Jota បណ្ដើរ​បាល់​ឆ្លងកាត់ Guita ដោយ​រូបគេ​បាន​ព្យាយាម​យក​ខ្លួន​ឱ្យទៅ​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី ដោយ​ចេតនា​។ ខ្ញុំ​មិន​យល់ថា ហេតុអ្វី​លើក​នេះ លោក Craig Pawson ដែលជា​អាជ្ញាកណ្តាល​ទទួលបន្ទុក VAR សុំ​ពិនិត្យ ក្នុង​ចង្វាក់​លើក​នេះ ដូច្នេះ លោក Friend មិនបាន​កាត់ក្ដី​ខុស​នោះឡើយ ដោយសារ​បានឃើញ​ហេតុការណ៍​នោះ​ច្បាស់​ណាស់​។ តែ​គួរឱ្យ​ស្ដាយ លោក Friend មិន​ជឿជាក់​លើ​ការសម្រេច​ដំបូង​របស់គាត់ ដែលជា​ការត្រឹមត្រូវ​សោះ បន្ទាប់ពី​គាត់​ពិនិត្យមើល​ចង្វាក់​នៃ​ការលេង​ពី​អេក្រង់​នៅ​ខាងក្រៅ​ទីលាន​»៕ VN