ក្រុង​ឡុង​ដ៍​: អ្នកចាត់ការ​ក្រុម Watford លោក Claudio Ranieri ត្រូវបាន​បញ្ចប់​តួនាទី​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ធ្វើ​តួនាទី​បានត្រឹមតែ ១៤​ ហ្គេម​ប៉ុណ្ណោះ ក្នុងការ​ទទួលបន្ទុក​ដឹកនាំ​ក្រុម​កំពុង​យ៉ាប់យ៉ឺន នៅ​ក្របខ័ណ្ឌ Premier League មួយ​នេះ​។​

​លោក Ranieri ត្រូវបានតែងតាំង ក្នុង​ខែតុលា ដើម្បី​ជំនួស​តំណែង​របស់លោក Xisco Munoz បន្ទាប់ពី​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនោះ ត្រូវបាន​ដក​តួនាទី​។ តែ​បុរស​សញ្ជាតិអ៊ី​តា​លី​វ័យ ៧០ ​ឆ្នាំ​រូបនេះ មិន​អាចជួយ​កែប្រែ​ជោគវាសនា​របស់​ក្រុម Watford បានឡើយ ដោយ​ដឹក​នាំឱ្យ​ក្រុម​ឪម៉ាល់ ដណ្ដើម​បានតែ ៧​ ពិន្ទុ​ប៉ុណ្ណោះ អំឡុង​ការ​គ្រង​តំណែង​រយៈពេល​ខ្លី​របស់គាត់​នេះ​។​

​រយៈពេល​ត្រឹមតែ ១១២ ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការតែងតាំង​ផ្លូវការ​របស់គាត់ លោក Ranieri បាន​ទទួលផល​តបស្នង​ហើយ សម្រាប់​ការធ្លាក់ចុះ​របស់​ក្រុម Watford រហូត​ទៅ​ឈរ​ក្នុង​តំបន់​ត្រូវ​កាត់​​ចោល ក្រោយ​រង​បរាជ័យ ៣-០ កាលពី​សប្តាហ៍​មុន ក្រោម​ថ្វី​ជើង​របស់​ក្រុម​គូប្រជែង Norwich ដែល​ស៊ូ​ដើម្បី​រស់នៅ​លី​គ​កំពូល​ដូចគ្នា​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការបញ្ចប់​តំណែង​នេះ ក្លិប Watford បានឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាសថា​៖ «​ក្លិប​បាល់ទាត់ Watford សូមបញ្ជាក់​អះអាង​ពី​ការចាកចេញ​របស់​គ្រូបង្វឹក លោក Claudio Ranieri»​។​

​ក្រុម Watford កំពុង​ឈរ​នៅ​ចំណាត់​​ថ្នាក់​បាត​តារាង​ទី​២ ដោយមាន​គម្លាត ២ ​ពិន្ទុ ពី​ក្រុម​នៅ​តំបន់​សុវត្ថិភាព បន្ទាប់ពី​ចាញ់ ៧ ​លើក ក្នុងចំណោម ៨​ ហ្គេម​ចុង​​ក្រោយនៅ​លី​គ​។ ពួកគេ​មិន​ឈ្នះ​សូម្បី ១ ​ប្រកួត​ឡើយ នៅ​គ្រប់​កម្មវិធី​ទាំងអស់ ដែលជា​ដំណើរ​ផ្លូវ​មិន​ទទួលបាន​ជ័យជម្នះ​ដ៏​យូរ​បំផុត​របស់​ពួកគេ គិត​ចាប់តាំងពី​ឆ្នាំ ២០១៣ មក​។​

​ម្ចាស់​ក្លិប Watford គ្រួសារ​ត្រកូល «Pozzo» ទទួល​អារម្មណ៍​ថា ពួកគេ​ត្រូវ​​តែ​ធ្វើ​សកម្មភាពនាពេលនេះ ដើម្បីឱ្យ​ក្រុម​មានឱកាស ក្នុង​ការតស៊ូ​ប្រជែង ដើម្បី​គេច​ឱ្យ​ផុតពី​ការធ្លាក់​ពី​លី​គ​កំពូល ដោយសារ​ទើបបាន​ឡើង​ពី​លី​គ​លំដាប់​ទី​២ Championship រដូវ​កាល​មុន​នេះឯង​។​

«​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប Watford ទទួលស្គាល់ថា លោក Claudio (Ranieri)​ជា​បុគ្គល​ដ៏​ស្មោះត្រង់ និង​មាន​កិត្តិយស​ម្នាក់ ដែល​តែងតែ​ត្រូវបាន​គោរព​នៅទីនេះ ក្នុង​ទឹកដី Vicarage Road សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ក្នុង​ការដឹកនាំ​ក្រុម​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​»​។ សេចក្ដីប្រកាស​របស់​ក្លិបបានឱ្យដឹង​បន្ត​ដូច្នេះ​។​

«​តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្រុមប្រឹក្សាភិបាលមាន​អារម្មណ៍​ថា ជាមួយ​​នឹង​ការ​នៅសល់​ស្ទើរតែ​ពាក់កណ្តាល​ទៀត នៃ​រដូវ​កាល​របស់ Premier League នោះ ការផ្លាស់ប្តូរ​តំណែង​គ្រូបង្វឹកឥឡូវនេះ នឹង​បើកផ្លូវ​ឱ្យ​អ្នក​ត្រូវបានតែងតាំង​ថ្មី មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​កីឡាករ​ដ៏​មាន​ទេពកោសល្យ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ភ្លាមៗ ក្នុងការ​រក្សា​ស្ថានភាព​របស់​ក្លិបនៅ Premier League»​។​

​លោក Ranieri ធ្លាប់​បានឈ្នះ​ពាន Premier League យ៉ាង​ល្បីល្បាញ​ជាមួយ​ក្រុម Leicester City ក្នុង​ឆ្នាំ ​២០១៦ ប៉ុន្តែ​ពេលវេលា​របស់គាត់ នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស គឺ​មិនសូវ​ទទួលបាន​ជោគជ័យ​នោះឡើយ ចាប់​តាំង​​ពី​ពេល​នោះមក​៕ AFP/VN