ក្រុង​យុន​ដេ​: មនុស្ស ​៨ ​នាក់បាន​ស្លាប់ និង​ប្រហែលជា​ ៥០ ​នាក់ បាន​រងរបួស ក្នុង​ហេតុ​ការណ៍​ច្របូកច្របល់​មួយ នៅ​ខាងក្រៅ​កីឡដ្ឋាន​បាល់ទាត់​របស់​ប្រទេស​កា​មេ​រូ​ន ដែល​កើតឡើង នៅមុន​ការប្រកួត​នៃ​កម្មវិធី Africa Cup of Nations (AFCON) កាលពី​ថ្ងៃ​ចន្ទ​។​

​ក្រុមមនុស្ស​បាន​ព្យាយាម​សម្រុកចូល​ទៅក្នុង​កីឡដ្ឋាន Olembe ក្នុង​រដ្ឋធានី​យុន​ដេ ដើម្បី​ចូលទៅ​មើល​ការប្រកួត ក្នុង​វគ្គ ១៦ ​ក្រុម​ចុងក្រោយ ដែល​បញ្ចប់​ទៅដោយ​ក្រុម​ជម្រើស​​ជាតិ​កា​មេ​រូ​ន យកឈ្នះ​ក្រុម​កូ​ម័​រ ក្នុង​លទ្ធផល ២-១​។​

​បើទោះបីជា​ចំនួន​ផ្ទុក​របស់​កីឡដ្ឋាន ដែលមាន ៦០ ០០០ កៅអី ត្រូវបាន​កម្រិត​ដោយសារ​ការបារម្ភ​ពី​ការឆ្លង​នូវ​វីរុស​កូ​រ៉ូ​ណា​ក្ដី ក៏​ការកំណត់​ត្រឹម ៦០ ​ភាគរយ ត្រូវបាន​ដំឡើង​ដល់ ៨០ ​ភាគ​​រយ នៅពេលដែល​ក្រុម​ម្ចាស់​ផ្ទះកា​មេ​រូ​ន ធ្វើការ​ប្រកួត​។​

«​មាន​អ្នក​បាត់បង់​ជីវិត ៨ ​នាក់ ក្នុងនោះ​ស្ត្រី ២ ​នាក់ វ័យ​ ៣០ ​ឆ្នាំ និង​បុរស ​៤ ​នាក់ វ័យ​ ៣០ ​ឆ្នាំ ព្រមទាំង​ទារក​ម្នាក់ ហើយ​សព​ម្នាក់ទៀត ត្រូវបាន​ក្រុមគ្រួសារ យកទៅ​បាត់​ហើយ​»​។ នេះ​បើ​យោងតាម​របាយការណ៍​ប​ឋ​ម​របស់​មន្ត្រី​សុខាភិបាល ដែល AFP ទទួលបាន​។​

​មន្ត្រី​សុខាភិបាលបានឱ្យដឹង​ទៀតថា អ្នករងគ្រោះ ត្រូវបាន​ដឹក​ភ្លាមៗ​តាម​រថយន្ត​សង្គ្រោះបន្ទាន់ តែ​ការស្ទះ​ចរាចរណ៍ បានធ្វើឱ្យ​ដំណើរ​ការដឹក​ជនរងគ្រោះ​មានការ​យឺតយ៉ាវ ហើយ​បើតាម​មន្ត្រី​ដដែល​នោះ មាន​មនុស្ស​ប្រមាណ​ជា ៥០​ នាក់​រងរបួស ក្នុងនោះ​មាន ២ ​នាក់ របួស​ស្ទើរ​ពេញ​រាងកាយ ខណៈ ២​ នាក់​ផ្សេងទៀត របួស​ធ្ងន់ធ្ងរ​ផ្នែក​ក្បាល​។​

​គណៈកម្មការ​គ្រប់គ្រង​ការ​​ប្រកួត​នេះ បាន​អះអាង​ប្រាប់ AFP នៅមុននេះ​ថា ចំនួន​អ្នក​ស្លាប់ និង​របួស ត្រូវបាន​កត់ត្រា​ទុក ដោយ​មិនមាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀតឡើយ​។​

​អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការរៀបចំ​ការប្រកួត​ប្រជែង AFCON លោក Abel Mbengue បាន​ប្រាប់​មក AFP ថា​៖«​មានការ​​ជាន់គ្នា ដែល​អាច​នឹង​កើតឡើង នៅពេល​មានការ​សម្រុកចូល​។ យើង​កំពុង​រង់ចាំ​ព័ត៌មាន​ដែល​អាច​ជឿទុកចិត្ត​បាន អំពី​ចំនួន​អ្នកស្លាប់ និង​របួស ក្នុង​ហេតុ​​ការណ៍​សោកនាដកម្ម​នេះ​»​។​

​សហព័ន្ធ​បាល់ទាត់អាហ្វ្រិ​ក (CAF) ដែល​គ្រប់គ្រង​ដំណើរការ​នៃ​ការប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​ដ៏​ធំ​ប្រចាំ​ទ្វីប​នេះ បានឱ្យដឹងថា សហព័ន្ធ​កំពុងធ្វើការ​​ស៊ើបអង្កេត​ចំពោះ​ស្ថានការណ៍​នេះ និង​កំពុង​ព្យាយាម​រក​ឱ្យបាន​នូវ​ព័ត៌មាន​លម្អិត​ពីអ្វី ដែល​បាន​នាំឱ្យមាន​បញ្ហា​ដ៏​គួរឱ្យ​ស្លុតចិត្ត​នេះ​កើតឡើង​៕ AFP/VN