ភ្នំពេញៈ ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​នបាន​បង្ហើប​ថា ក្លិប​កំពុង​សម្លឹងមើល​ខ្សែប្រយុទ្ធ​មុត​ស្រួច​ជា​កីឡាករ​បរទេស​ចំណូល​ថ្មី​ម្នាក់ទៀត ដើម្បី​មកជួយ​ពង្រឹង​ក្រុម ជាមួយ​កីឡាករ​បរទេស​ចាស់​ ៤​ នាក់ ដែល​បាន​ជួយ​ឱ្យ​ក្រុម​សិង្ហ​ក្រហម ឱ្យ​លើក​ពាន​លី​គ​កំពូល​កម្ពុជា កាលពី​ឆ្នាំ​ ២០២១ ហើយ​ភ្នំពេញ​ក្រោ​ន ក៏បាន​ប្រកាស​ពី​ការបន្ត​កុងត្រា​រយៈ​​ពេល​វែង ដល់​កីឡាករ​ក្នុងស្រុក មាន​សមត្ថ​ភាពល្អៗ​ជាច្រើនរូប​ទៀត ដើម្បី​បន្តដំណើរ​ឆ្ពោះទៅ​បង្កើត​ប្រវត្តិសាស្ត្រ រួមគ្នា​បន្ថែម​ទៀតផង​ដែរ​។​

​គិត​មកដល់ពេលនេះ ក្រុម​ភ្នំពេញ​​ក្រោ​ន បាន​បន្ត​កុងត្រា​ថ្មី​រួចហើយ ដល់​កីឡាករ​ជប៉ុន Yudai Ogawa និង Ose Takaki រួមទាំង​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​កូ​ឡុំ​ប៊ី Andre Nieto និង​ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Valeriy Hryshyn ដែល​អ្នក​ទាំង​ ៤ ​នេះ រួមទាំង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ទើប​ចែក​​ផ្លូវ​គ្នា Matheuse បាន​ក្លាយជា​កម្លាំង​យ៉ាងសំខាន់ ក្នុង​ការជួយ​ឱ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា កាលពី​ឆ្នាំ ​២០២១ និង​ជា​ពាន​លើក​ទី​៧ របស់​ពួកគេ​ផងដែរ​។​

​ជាមួយគ្នានេះ លោក កែវ សុខ​ង៉​ន អ្នកចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅតែ​ផ្តល់​ទំនុកចិត្ត​ដល់​កីឡាករ​បរទេស​ទាំង ​៤ ​នាក់​នេះ ថា​នឹង​បន្ត​ជួយ​ក្រុម បាន​កាន់តែច្រើន​។ សុខ​ង៉​ន បាន​និយាយថា​៖ «​សម្រាប់​កីឡាករ​បរទេស ​៤ ​នាក់ ដែល​យើង​បាន​បន្ត​កុងត្រា​នេះ គឺ​ពួកគាត់ សុទ្ធ​តែមាន​បទពិសោធ នៅក្នុង​ការប្រកួត​លី​គ​កំពូល ហើយ​គុណភាព​នៃ​ការ​​លេង​របស់​ពួកគាត់ យើង​គិតថា នឹង​នៅតែ​សហការគ្នា​ក្នុង​ការជួយជ្រោមជ្រែង​ក្រុម​បាន​ច្រើន​»​។​

​យ៉ាងណាក៏ដោយ ភ្នំពេញ​ក្រោ​ន គ្រោង​នឹង​នាំយក​ខ្សែប្រយុទ្ធ​បរទេស​ម្នាក់ទៀត ដែលមាន​សមត្ថភាព កាន់តែ​ខ្ពស់ ក្នុងការ​បញ្ចប់​ទី ឬ​រក​គ្រាប់​បាល់​ជូន​ក្រុម​។ លោក កែវ សុខ​ង៉​ន បាន​បញ្ជាក់ថា​៖ «​សម្រាប់​កីឡាករ​បរទេស​មួយទៀត យើង​កំពុងតែ​សម្លឹង​ទៅរក​ខ្សែប្រយុទ្ធ​មួយ ដែល​មុត​ស្រួច ដើម្បី​ជួយ​ក្រុម គឺ​ធ្វើយ៉ាងណា​ឱ្យ​ការបញ្ចប់​ទី​របស់​យើងកាន់តែ​បានល្អសម្រាប់​ការប្រកួតរដូវ​កាល​ថ្មី​នេះ​»​។​

​ជាមួយគ្នានេះ ក្រុម​ភ្នំពេញ​ក្រោ​ន បានសម្រេច​បន្ត​កុងត្រា​រយៈពេល​វែង ដល់​កីឡាករ​ក្នុងស្រុក ដែលមាន​សមត្ថ​ភាពជា​ច្រើន​រូប សម្រាប់​បន្ត​ជួយ​ក្រុម​ទៀត​។ ក្រុម​សិង្ហ​ក្រហម បាន​បន្ត​កុងត្រា​ដល់​អ្នកចាំទី ជា​ម្ចាស់​ស្រោមដៃ​មាស​ឆ្នាំ ២០២១ សា​វែង សំណាង ខ្សែបម្រើ យ៉ើ ម៉ូ​ស្លី​ម ខ្សែការពារ យ៉ើ សា​ហ្វី ខ្សែបម្រើ ប្រាក់ ធី​វ៉ា និង​ខ្សែប្រយុទ្ធ ពៅ ប៉ុន​វុទ្ធី រហូតដល់​ឆ្នាំ​ ២០២៥ ​ដូចគ្នា ព្រមទាំង​បន្ត​កុងត្រា​ដល់​ខ្សែបម្រើ​កណ្តាល​ជា​ប្រធាន​ក្រុម អ៊​ន ចាន់​ប៉ូ​លីន ដល់​ឆ្នាំ ​២០២៤ ហើយ ក្លិប​នេះ ក៏​ទើបបាន​ចុះកិច្ចសន្យា​នាំយក​ខ្សែបម្រើ​វ័យក្មេង កើត ពេជ្រ ពី​សាលា​បាល់ទាត់​ជាតិ​បាទី មក​ចូលរួម​ផងដែរ​។​

​បន្ថែម​លើ​នេះ កីឡាករ សឿត បារាំង ដែល​បាន​ទៅលេង​ឱ្យ​ក្លិបអង្គ​រថា​យ​ហ្គឺ​រ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង កាលពី​ឆ្នាំ ​២០២១ និង​អ្នកចាំទី គង់ ចាន់​វុទ្ធី ដែល​បាន​ទៅលេង​ឱ្យ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង កាលពី​ឆ្នាំមុន​ដែរនោះ ក៏បាន​វិលត្រឡប់​មកលេង​ឱ្យ​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាល​នេះ​ផងដែរ ប៉ុន្តែ​ភ្នំពេញ​​ក្រោ​ន បាន​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ៅ ពិសិដ្ឋ ឱ្យទៅ​លេង​នៅ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​កូន​ខ្មែរ​-​បារាំង ប៉ាក់ កែវ​ម៉ូ​នី ដែល​ពេលនេះ បាន​ទៅលេង​ឱ្យ​ក្រុម ISI ដង្កោ​សែន​ជ័យ នៅក្នុង​លី​គ​២​។​

​ចំពោះ​ការបន្ត​កុងត្រា​រយៈពេល​វែង​នេះ លោក កែវ សុខ​ង៉​ន បាន​និយាយថា​៖ «​ការបន្ត​កុងត្រា​រយៈពេល​វែង ដល់​កីឡាករ​វ័យក្មេង​របស់​យើង​ទាំងនេះ ក៏​ព្រោះតែ​យើង​គិតថា ពួកគាត់​ជា​គ្រួសារ​របស់​យើង​។ ភ្នំពេញ​ក្រោ​ន បាន​បើក​ឱ្យមាន​ក្រុមយុវជន​តាំងពី​ឆ្នាំ​ ២០១២ ឆ្នាំ​ ២០១៣ ហេតុនេះ​ពួកគាត់​បាន​នៅ​ជាមួយ​យើង​ចូល​ ១០ ​ឆ្នាំ​មកហើយ អ៊ីចឹង​ការបន្ត​កុងត្រា​ឱ្យ​ពួកគាត់ នាពេលនេះ ជាការ​គោរព និង​ជាការ​ស្រឡាញ់ ព្រមទាំង​ផ្តល់​ភាពកក់ក្តៅ​ឱ្យ​ពួកគាត់​បន្ថែមទៀត ដើម្បី​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​ក្លិប ក្នុងការ​សាង​ប្រវត្តិសាស្ត្រ​ជាមួយគ្នា​បន្ថែមទៀត​»​។​

​ដោយឡែក សម្រាប់​ការចូលរួម​ប្រកួត​បាល់ទាត់​ពានរង្វាន់​បើក​រដូវ​កាល Prince Beer Pre-Season Cup 2022 ដែល​កំពុងដំណើរការ នៅ​កីឡដ្ឋាន​ព្រី​នស៍ និង​កីឡដ្ឋាន​ស្តា​ត​ចាស់ ដើម្បី​ត្រៀមខ្លួន​ប្រកួត​រដូវ​កាល​ថ្មី​នេះ ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​ឈរ​នៅ​ពូ​ល ​A ជាមួយគ្នា កងយោធពល​ខេមរភូមិន្ទ ១-០ និង​បាន​បន្ត​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ៣-០ ដើម្បី​ឡើងទៅ​អង្គុយចាំ នៅ​វគ្គ​ពាក់កណ្តាល​​ផ្តាច់ព្រ័ត្រ មុនគេ ក្នុងនាម​ជា​ក្រុម​លេខ​ ១ ប្រចាំ​ពូ​ល ​A ​នេះ​៕