ភ្នំពេញៈ មន្ត្រី​ជំនាញ​បច្ចេក​ទេស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) លោក វ៉ា​ត់ ចំរើន បាន​អះអាងថា ការសាងសង់​ភូមិ​កីឡា​ជា​ចំណុចក្តៅ និង​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុង​ការឈាន​ទៅធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិ​​សាស្ត្រ​លើក​នេះ​។​

«​ការងារ​ទី​១ នៅ​កិច្ចប្រជុំថ្ងៃនេះ យើង​មានការ​បទ​បង្ហាញ​ពី​ក្រុមហ៊ុន​សាងសង់​ភូមិ​កីឡា ព្រោះនេះ​ជា​ចំណុចក្តៅ និង​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ ព្រោះ​បើ​យើង​មាន​កន្លែង​ភូមិ​កីឡា​នេះ គឺ​យើង​នឹងកាត់បន្ថយ​ការចំណាយ​បាន​ច្រើន ហើយ​ត្រូវ​នឹង​ស្តង់ដា​ចលនា​​អូឡាំពិក របស់​ការប្រកួត​កីឡា​អូឡាំពិក​ធំៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ របស់ CAMSOC បានបញ្ចប់នៅ​ម៉ោង ១១:៥០​ នាទី​កាលពី​ថ្ងៃ​អង្គារ​។

​យ៉ាងណាក៏ដោយ នៅក្នុង​កិច្ច​ប្រជុំ ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន ជា​អនុប្រធាន​អចិន្ត្រយ៍ រួមទាំង​ក្រុម​គណៈកម្មការ​ជំនាញរ​បស់ CAMSOC ព្រមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​នោះ គឺ​តំណាង​របស់​ក្រុមហ៊ុន​សាង​ភូមិ​កីឡា បាន​អះអាង នៅក្នុង​អង្គប្រជុំ​ថា ភូមិ​កីឡា នឹង​សាងសង់​រួច​​រាល់​ទាន់ពេលវេលា បើទោះបីជា​មានការ​ពន្យា​រ​ពេល ក្នុងការ​​ប្រគល់​មកឱ្យ CAMSOC ជាអ្នកគ្រប់គ្រង​ក៏ដោយ​។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា​៖ «​យើង​ទទួលបាន​នូវ​បទ​បង្ហាញ​ពី​ការសាងសង់​ភូមិ​កីឡា​នេះ គឺ​ក្រុមហ៊ុន​ថា មាន​វឌ្ឍន​ភាពល្អ​​ប្រសើរមានន័យថា មូលដ្ឋានគ្រឹះ​នៃ​សំណង់ ដូចជា​ការបុក​គ្រឹះ ការរៀបចំ​គ្រឹះ និង​ការដំឡើង​ពី​ជា​ន់ទី​១ ដល់​ជាន់​ទី​៣ នោះ ក្រុមហ៊ុន​បានធ្វើ​រួចហើយ ហើយ​ក្រុមហ៊ុន​បាន​អះអាងថា ពី​ជា​ន់ទី​៤ ​ឡើង គឺ​ ១ ​សប្តាហ៍ (​ធ្វើ​ហើយ​) ១​ ជាន់ៗ​។ ១ ​សប្តាហ៍ ​១ ​ជាន់​នេះ គឺ​ធ្វើ​ទាំង​ ៦​ អគារ​ខ្ពស់ៗ​ហ្នឹង មិនមែន​ ១ ​សប្តាហ៍​ ១​ ជាន់ ធ្វើ​តែ​ ១ ​អគារ​នោះទេ​។ ចំណែក​ផ្ទះ​វីឡា មួយចំនួនទៀត ដែល​ត្រូវ​បម្រើការ​ផ្នែក​រដ្ឋបាល នឹងត្រូវ​រួចរាល់នៅមុន​អគារ​នេះ​ទៅទៀត​»​។​

«​យើង​សង្ឃឹមថា ផែនការ​របស់គាត់​បា​ន​គ្រប់គ្រាន់ ហើយ​គណៈ​ក​ម្មា​ធិ​ការ CAMSOC ក៏បាន​ស្នើសុំ​នូវ​ប្រតិទិន​ការងារ​នៃ​ការ​សាង​​សង់​របស់គាត់ ដែល​គម្រោង​ពីមុន គាត់​ត្រូវ​ប្រគល់ឱ្យ​យើង នៅ​ដំណាច់ឆ្នាំ​ ២០២២ តែ​ឥឡូវនេះ អាច​ពន្យារពេល ទៅដល់​ដើមខែ​កុម្ភៈ ឆ្នាំ ​២០២៣​។ បើ​យើង​បានទទួល​នៅ​ដើមខែ​ ២ យើង​អាច​និយាយបានថា អ្វីៗ​នឹង​រឹងមាំ បរិស្ថាន​ក៏​រៀបចំ​រួចរាល់​អស់ ចំណែក​ពណ៌​ថ្នាំ ឬ​ក្លិនថ្នាំ នៅក្នុង​អគារ​ក៏​រលាយបាត់​ដែរ​»​។​

អគ្គលេខាធិការ CAMSOC លោក វ៉ា​ត់ ចំរើន បាន​បន្ថែមទៀតថា​៖ «​យើង​ធ្លាប់​ទៅ​ស៊ី​ហ្គេម​កន្លងមក គឺ​ពេលខ្លះ ពេល​យើង​ទៅដល់ គេ​ទើបតែ​លាបថ្នាំ​បាន​ប្រហែល​ ១ ​អាទិត្យ ហើយ​អាហ្នឹង​វា​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​ប្រតិភូ​ចូលរួម ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង​បាន​កំណត់ថា យើង​ធ្វើ​ម្ចាស់​​ផ្ទះ​នេះ ឱ្យមាន​កិត្តិយស​ខ្ពង់ខ្ពស់ ហេតុនេះ​យើង​ត្រូវតែមាន​ភាព​​អស្ចារ្យ​មួយ​ថា យើង​រៀបចំ​បាន​រួចរាល់ ក្នុងការ​ទទួល​គេ អ៊ីចឹង​ក្រុមហ៊ុន​អះអាងថា នឹង​សាង​​សង់​ភូមិ​កីឡា​នេះ ឱ្យបាន​ទាន់ពេលវេលា តាម​កាលកំណត់​»​។​

​នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​អង្គារ​នោះ អង្គប្រជុំក៏បាន​លើកឡើង​ពី​បញ្ហា​ទីលាន និង​បញ្ហា​ចំនួន​ទៀត ដែល​អាចជា​ចំណុច​រាំងស្ទះ ដល់​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ មក​ពិភាក្សា​ផងដែរ​។ ប៉ុន្តែ​លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា​៖ «​នៅក្នុង​សន្និបាត​របស់ CAMSOC ខាងមុខនេះ យើង​នឹង​លើកយក​បញ្ហា​ទាំងអស់ មក​ដោះស្រាយ គឺ​អ្វី​ដែលជា​របាំង និង​បញ្ហា​ប្រឈម នៅក្នុង​ដំណើរការ រហូតដល់​ឆ្នាំ ​២០២៣ យើង​ត្រូវ​ដោះ​ឱ្យអស់​។ ពេល​ដោះ​អស់ហើយ យើង​សម្រួល​ឱ្យ​គណៈ​​កម្ម​ការ​យើង ធ្វើការ​ដោយ​ងាយ​-​ស្រួល មាន​ទំនុកចិត្ត និង​មានការ​ប្រទាក់ក្រឡា​គ្នា​ល្អ​»៕