​ក្រុងម៉ាឌ្រីដ​: ប្រភពពី​ប៉ូលិសបាន​ប្រាប់ AFP កាលពី​ថ្ងៃ​ចន្ទ​ថា ផ្ទះ​របស់​កីឡាករ Karim Benzema ត្រូវបាន​គេ​លួច​ចូល កាលពី​ថ្ងៃអាទិត្យ ខណៈ​ខ្សែ​​ប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ កំពុង​ជួយ​ក្រុម​អធិរាជ​ស Real Madrid លេង​ទល់នឹង​ក្រុម Elche នៅផ្ទះ​ខ្លួនឯង​។​

Benzema ដែល​ទាត់​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល និង​បន្ទាប់​មកត្រូវបាន​ដូរ​ចេញ ដោយសារ​រងរបួសក្នុង​ហ្គេម នៅឯ​កីឡដ្ឋាន Santiago Bernabeu នេះ បាន​ត្រឡប់មក​ឃើញ​ផ្ទះ​របស់ខ្លួន នៅក្នុង​ភាព​រញ៉េរញ៉ៃ ទោះ​​បី​ជា​គេ​មិនទាន់​ដឹងថា តើ​មាន​អ្វីខ្លះ ត្រូវបាន​លួច​ក៏ដោយ​។​

«​កីឡាករ (Benzema ) បានឱ្យដឹងថា មាន​អ្វី​កើតឡើងនៅពេលដែល​គេ​មកដល់​ផ្ទះ ក្រោយ​ចប់​ការប្រកួត និង​បានឃើញ​ផ្ទះ​ទាំងមូល នៅក្នុង​ភាព​​រញ៉េរញ៉ៃ​ទាំងស្រុង​»​។ នេះ​បើតាម​ប្រភព​នោះ​ឱ្យដឹង​។​

​កីឡាករ Benzema រស់នៅ​ក្រុង San Sebastian de los Reyes ភាគ​ខាងជើង​ទីក្រុងម៉ាឌ្រី​ដ​។ ជនខិលខូច​នោះ ត្រូវបាន​គេ​ជឿថា បាន​លោត​ផ្លោះ​របង​ក្រៅ​ផ្ទះ​មុននឹង​ដើរទៅ​ក្រោយ ដោយ​ការ​វាយ​បំបែក​បង្អួច​។​

​កីឡាករ​វ័យ ៣៤ ​ឆ្នាំ​រូបនេះ គឺជា​អត្ត​ព​លិ​ក​បាល់ទាត់​ចុងក្រោយ​គេ នៅ​អេ​ស្ប៉ា​ញ ដែល​ផ្ទះ​របស់ខ្លួន ត្រូវបាន​គេ​ចូល​លួច​ទ្រព្យ​​សម្បត្តិ ក្នុងខណៈដែល​កំពុង​ធ្វើ​​ការប្រកួត ទោះបីជា​ក្រុមប៉ូលិស ប្រឹងប្រែង​ធ្វើការ​បង្ក្រាប ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​ក៏ដោយ​។​

​ប៉ូលិសនៅ​ប្រទេស​អេ​ស្ប៉ា​ញ បានប្រកាសកាលពី​ឆ្នាំ ​២០១៩ ថា ពួកគេ​បាន​រកឃើញ​ដោយ​ជោគជ័យ​នូវ​បណ្តាញ​ពួកចោរ ដែល​គ្រោង​នឹងមាន​ប្រតិបត្តិការ​ជាពិសេស ចំពោះ​កីឡាករ​បាល់​​ទាត់ ដែល​លេង​ឱ្យ​ក្លិប Atletico Madrid និង Real Madrid​។​

​ខ្សែបម្រើ Casemiro របស់​ក្រុម Real និង​Thomas Partey របស់​ក្រុម Atletico ដែល​បច្ចុប្បន្ន ជា​សមាជិក​របស់​ក្រុម​កាំភ្លើង​ធំ Arsenal សុទ្ធតែ​ស្ថិតនៅ​ក្នុងចំណោម​គោលដៅ​របស់​ពួក​​ជនខិលខូច​ទាំងនោះ​។​

​កីឡាករ Benzema ត្រូវ​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​២ នៃ​ការប្រកួត ដែល​ចុងក្រោយ​ក្រុម Real និង Elche ស្មើគ្នា ២-២ ដោយសារ​មាន​បញ្ហា​របួស​សរសៃពួ​រ ហើយ​ក្លិប​បានឱ្យដឹងថា រូបគេ​នឹង​ឆ្លង​​កាត់​ការត្រួតពិនិត្យ​តាមដាន​បន្ថែមទៀត​។​

​ជាមួយគ្នានេះ មុននឹង​ដូរ​ចេញ រូបគេ​ក៏​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល​ផងដែរ នៅក្នុង​វគ្គ​ទី​១ ដែលជា​ការ​ស៊ុត​ប្លាត​លើកដំបូង ពី​ការ​​ទាត់ ១ ​ទល់នឹង​ ១ ជាមួយ​អ្នក​ចាំទី​ចំនួន ១៧ ​ដង ​ឱ្យ​ក្រុម​យក្ស​នៃ​ក្រុង​ម៉ាឌ្រី​ដ​៕ AFP/VN