ភ្នំពេញៈ ក្រុម​ម្ចាស់​ជើងឯក​លី​គ​​កំពូល​កម្ពុជា ចំនួន​ ៧​ សម័យកាល ភ្នំពេញ​ក្រោ​ន នឹង​បាត់​កម្លាំង​សំខាន់​ម្នាក់ជា​កីឡាករ​បរទេស ក្នុង​រយៈពេល​យូរ ហើយ​ស្របពេល​ជាមួយគ្នានេះ ខ្សែការពារ​កណ្តាល​ដ៏​ឆ្នើម កុក បូរី​ស ក៏​ត្រូវបាន​ផ្ទេរចេញ ឱ្យ​ទៅលេង​ជាមួយ​ក្លិប​ថ្មី​មួយ នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ​នា​រដូវ​កាល ឆ្នាំ ​២០២២​ នេះ ផងដែរ​។​

​តាម​ព័ត៌មាន​ផ្លូវការដែល​ក្លិប​ភ្នំពេញ​ក្រោ​នបានប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បានឱ្យដឹងថា កីឡាករ​ជប៉ុន Yudai Ogawa ដែល​ទើបបាន​រួមចំណែក​យ៉ាងសំខាន់ ឱ្យ​ក្រុម​សិង្ហ​ក្រហម ឈ្នះ​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា កាលពី​ឆ្នាំ​ ២០២១ ​នេះ គឺ​រូបគេនឹងត្រូវ​អវត្តមាន​នៅលើ​ទីលាន​រយៈ​​ពេល​យូរ ដោយសារតែ​រូបគេ​មាន​របួស និង​ត្រូវធ្វើ​ការវះកាត់​។​

«​ក្លិប​ភ្នំពេញ​ក្រោ​ន សូម​ជម្រាបជូន​អ្នកគាំទ្រ​ទាំងអស់​ឱ្យបាន​ជ្រាបថា កីឡាករ Yudai Ogawa បាន​មាន​បញ្ហា​របួស Hernia ingrinial (​ពោះវៀន​) ដែល​តម្រូវឱ្យ​រូបគេ​ធ្វើការ​វះកាត់​។ Yudai បានធ្វើ​ដំណើរ ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ធ្វើការ​វះ​​កាត់ ​និង​សម្រាក​ព្យាបាល ដែលនាំឱ្យ​រូបគេនឹងមិន​អាចមាន​វត្ត​មាននៅលើ​ទីលានក្នុង​រយៈពេល​យូរ​។ ក្លិប​ភ្នំពេញ​ក្រោ​ន សូម​ជូនពរ​កីឡាករ Yudai Ogawa វះកាត់​ប្រកបដោយ​ជោគជ័យ និង​ត្រឡប់មកវិញ ជាមួយ​ភាពរឹងមាំ សម្រាប់​ភ្នំពេញ​ក្រោ​ន​»​។​

​តាមរយៈ​ការប្រកាស​នេះ គឺ​មានន័យថា ក្រុម​ភ្នំពេញ​ក្រោ​ននៅសល់​កម្លាំង​បរទេស​ត្រឹម ​៤ ​នាក់​ប៉ុណ្ណោះ រួមមាន​ខ្សែការពារ​ជប៉ុន Ose Takaki ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​កូ​ឡុំ​ប៊ី Andre Nieto ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Valeriy Hryshyn និង​កីឡាករ​ចំណូល​ថ្មី​ជាន​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន Fareed Sadat ដែល​នឹង​ប្រើប្រាស់​សម្រាប់​ការប្រកួត​លី​គ​កំពូល​កម្ពុ​ជានា​រដូវ​កាល ឆ្នាំ ​២០២២ នេះ​។​

កុក បូរីស ពេលថតជាមួយពានលីកកំពូល ឆ្នាំ ​២០២១។ ភ្នំពេញក្រោន

​ជាមួយគ្នានេះ​ខ្សែការពារ​កូន​ខ្មែរ​-​បារាំង កុក បូរី​ស ដែលជា​អ្នក​រា​៉​ប់រង​តំបន់​ការពារ​យ៉ាងសំខាន់ ហើយក៏​ធ្លាប់បាន​រួមចំណែក​ជួយ​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន ឈ្នះ​បាន​លី​គ​កំពូល​កម្ពុជា ចំនួន​ ៣​លើកចុងក្រោយ​នេះ ត្រូវបានភ្នំពេញ​ក្រោ​ន ប្រកាស​ផ្ទេរ​ឱ្យទៅ​លេង​នៅ Sarawak United FC ដែលជា​ក្លិប​លេង​នៅ​ក្របខ​ណ្ខ Malaysia Super League ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ចំនួន ​១ ​រដូវ​កាលផងដែរ​។​

​តាមរយៈ​ការប្រកាស​នេះ បាន​បញ្ជាក់ថា កុក បូរី​ស នឹងត្រូវ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ ដែល​រូបគេធ្លាប់​បានរស់នៅ​ជាច្រើន​ឆ្នាំ​មកនេះ ដើម្បី​ទៅ​ប្រកប​អាជីពបាល់ទាត់​នៅ​លី​គ​កំពូល​ម៉ាឡេស៊ីវិញ​ម្តង ខណៈ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ប្រាក់ មុន្នី​ឧ​ត្ត​ម និង ធា​រី ចន្ថា​ប៊ី​ន សុទ្ធតែ​ធ្លាប់បាន​ទៅ​នៅ​លី​គ​កំពូល​មួយ​នេះ ក្នុងនាម​ជា​កីឡាករ​ចេញពី​លី​គ​កំពូល​កម្ពុជា ប៉ុន្តែ​នៅក្នុង​ចំណោម​អ្នក​ទាំង​ ៤ ​នេះ គឺ​មានតែ​កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ម្នាក់​ទេ ដែល​ទទួលបាន​ជោគជ័យ​ជាងគេ សម្រាប់​ការ​ទៅលើនៅ​លី​គ​កំពូល​ម៉ាឡេស៊ី នៅមុន​ពេល​រូបគេ​ត្រឡប់​មកលេង​នៅ​លី​គ​កំពូល​កម្ពុជា​វិញ ក្នុងនាម​ជា​កីឡាករ​របស់​ក្លិប​វិសាខា កាលពី​ឆ្នាំ​ ២០២១​។​

​សម្រាប់​ការរួមរស់​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន អស់​រយៈពេល​ ៧​ ឆ្នាំ មកនេះ កុក បូរី​ស បានបង្ហាញ​ពី​មោទនភាព​ខ្លាំង ហើយ​បាន​ចាត់​​ទុក​ខ្លួនឯង ជា​កីឡាករ​ដ៏​ជោគជ័យ​ម្នាក់ ដែល​បានរួម​ចំណែក​ជួយ​ឱ្យ​ក្រុម​សិង្ហ​ក្រហម ឈ្នះ​បាន​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា ចំនួន​៣​សម័យកាល កាលពី​ឆ្នាំ ​២០១៤ ឆ្នាំ ​២០១៥ និង​ឆ្នាំ ​២០២១​។​

​យ៉ាងណាមិញ សម្រាប់​ក្រុម​ថ្មី Sarawak United FC ដែល​កីឡាករ កុក បូរី​ស ត្រូវ​ទៅ​ចូលរួម​នេះ គឺជា​ក្រុមដែល​ទើប​ទទួលបាន​កៅអី មកលេង​នៅ​ក្រប​ខ័​ណ្ខ Malaysia Super League នា​រដូវ​កាល ឆ្នាំ ​២០២២​ នេះ បន្ទាប់ពី​ក្រុម​មួយ​នេះ ដណ្តើមបាន​តំណែង​ជើងឯក​រង នៅក្នុង​ការប្រកួត​លី​គ​ទី​២ ​របស់​ម៉ាឡេស៊ី (Malaysia Premier League) កាលពី​ឆ្នាំ​ ២០២១ ដោយ​ការប្រកួត​ចំនួន​ ២០ ​លើក​នោះ ពួកគេ​បាន​យកឈ្នះ​ ១១​ ប្រកួត ស្មើ ​៥ ចាញ់​ចំនួន ​៤ ដង មាន​ ៣៨​ ពិន្ទុ គឺ​តិចជាង​ក្រុម​ម្ចាស់​ជើងឯក Negeri Sembilan ដែលមាន​ ៤១​ ពិន្ទុ​៕