​ក្រុង​ហុងកុង​: ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ត្រូវបាន​ដកហូត​ខ្សែក្រវាត់​ខ្មៅ​កិត្តិយស ដោយ​ស្ថាប័ន​គ្រប់គ្រង​កីឡា​តេ​ក្វាន់​ដូ​អន្តរជាតិ កាលពី​ថ្ងៃ​អង្គារ ពាក់ព័ន្ធ​នឹង​ការ​ឈ្លា​ន​​ពាន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ខណៈពេលដែល​កងទ័ព​រុស្ស៊ី ប្រមូលផ្តុំ​នៅ​ខាងក្រៅ​ក្រុង​កៀវ ហើយ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​រាប់សែន​នាក់ បានគេច​ខ្លួន​ទៅ​ប្រទេសជិតខាង​នោះ មេដឹកនាំ​ពិភពលោក បាន​ចាត់វិធានការ​ដោយ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​លោក Putin និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់គាត់ ក៏ដូចជា​អ្នករកស៊ី ដែលមាន​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី​ផងដែរ​។​

​ពិភព​កីឡាក៏មាន​ប្រតិកម្ម​ស្រដៀង​គ្នា​ដែរ ដោយ​ក្រុម​រុស្ស៊ី ត្រូវ​ដក​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ហើយ​គណៈ​​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) ជំ​រុញឱ្យ​សហព័ន្ធ​ដក​អត្ត​ពលិកម​ក​ពី​រុស្ស៊ី ក៏ដូចជា​ពី​សម្ព័ន្ធមិត្ត​របស់​ប្រទេស​នេះ គឺ​បេឡា​រុស​។​

​សហព័ន្ធ​តេ​ក្វាន់​ដូ​ពិភព​​លោក ដែល​គ្រប់គ្រង​កីឡា​នេះ ជា​សហព័ន្ធ​ថ្មី​ចុងក្រោយបង្អស់ ដែល​ថ្កោលទោស​លោក Putin ដោយបាន​ឱ្យដឹង កាលពី​ថ្ងៃ​អង្គា​រថា ទង្វើ​របស់​ក្រុង​មូ​៉​ស្គូ បានធ្វើ​ផ្ទុយ​នឹង​ចក្ខុវិស័យ​របស់​កីឡា ព្រោះថា សន្តិភាព​មានតម្លៃ​ជាង​ជ័យជម្នះ​។​

«​ក្នុងន័យនេះ កីឡា​តេ​ក្វាន់​ដូ​ពិភពលោក បានសម្រេច​ដក​ខ្សែក្រវាត់​ខ្មៅ​កិត្តិយស ៩ ​ជាន់ ដែល​បាន​ប្រគល់ជូន​លោក Vladimir Putin កាលពី​ខែវិច្ឆិកា ឆ្នាំ ​២០១៣»​។ នេះ​ជាការ​​ឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ពី​ស្ថាប័ន ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល​។​

​ស្ថាប័ន​បាន​បន្ថែមទៀតថា ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ​ផ្លូវការ នឹងមិន​ត្រូវ​បានរៀបចំ នៅ​រុស្ស៊ី ឬ​បេឡា​រុស​ឡើយ ហើយ​ដើម្បី​ជាការ​ស្របតាម​ការស្នើ​របស់ IOC ទង់ជាតិ និង​ភ្លេងជាតិ​នៃ​ប្រទេស​ទាំង ២ នឹងមិន​ត្រូវបាន​បង្ហូ​ត និង​ចាក់​ក្នុង​ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ ជុំវិញ​ពិភពលោក​ទេ​។​

«​ទស្សនៈ​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក គឺ​ការគាំទ្រ​ប្រជាជន​អ៊ុយ​ក្រែ​ន ហើយ​យើង​សង្ឃឹម​ពី​ការ​មាន​សន្តិភាព និង​ការបញ្ចប់​ភ្លាមៗ​ចំពោះ​សង្គ្រាម​នេះ​»​។ សេចក្ដីប្រកាស​របស់​ស្ថាប័នបាន​បន្ថែម​។​

​តាមពិត​លោក Putin មិន​ហាត់​តេ​ក្វាន់​ដូ​នោះទេ តែ​ផ្ទុយ​​ទៅវិញ ទទួលបាន​ជោគជ័យ ក្នុង​កីឡា​យូ​ដូ ហើយ​បានធ្វើ​តួនាទី​ជា​ប្រធានកិត្តិយស​របស់​សហព័ន្ធ​យូ​ដូ​អន្តរជាតិ (IJF) ជា​យូរ​មកហើយ​។​

​កាលពី​ថ្ងៃអាទិត្យ IJF បាន​ព្យួរ​ឋានៈ​របស់គាត់ ក្នុងនាម​ជា​ប្រធានកិត្តិយស និង​ទូត​សុច្ឆន្ទៈ​ចំពោះ​កីឡា​នេះ​៕ AFP/VN