​ភ្នំពេញៈ ការ​ផ្តួល​ក្រុម​វិសាខា ដើម្បី​ឈ្នះ​ពាន​ត្រៀម​បើក​រដូវ​​កាល​ថ្មី កាលពី​ថ្ងៃ​អង្គារ បាន​បង្ហាញថា ក្រុម​ភ្នំពេញ​ក្រោ​ន ពិតជា​ត្រៀមខ្លួន​បានល្អ ទាំង​ទៅលើ​ការ​រចនាសម្ព័ន្ធ​រៀបចំ​ក្រុម និង​ការពង្រឹង​គុណភាព​លេង​របស់​កីឡាករ ដើម្បី​ឈានទៅរក​ការសម្រេច​គោលដៅ​ធំនៅ​ចំពោះមុខ គឺ​ការ​ប្រជែង​យក​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា ម្តងទៀត នា​រដូវ​កាល​ថ្មី ឆ្នាំ ​២០២២ នេះ​។​

​សម្រាប់​ការត្រៀម​រដូវ​កាល​ថ្មី​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ចំនួន ​២ ​ដង​រួចទៅហើយ ទៅលើ​ក្រុម​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នៅពេល​ពួកគេ​បានឈ្នះ​ជើងឯក នៅក្នុង​ការប្រកួត​ពាន​បើក​រដូវ​កាល Beer Pre-Season Cup 2022 ដែល​រៀបចំឡើង ដោយ​ក្លិប​វិសាខា​។​

​យ៉ាងណាមិញ ការប្រកួត​ដណ្តើមពាន​ត្រៀម​បើក​រដូវ​កាល​ថ្មី Cambodian Super Cup 2022 សម្រាប់​ក្រុម​ជើងឯក​ទាំង​ ២ ​ក្របខ័ណ្ឌ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ កាលពី​យប់​ថ្ងៃ​អង្គារ ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន វិសាខា ២-១ ដើម្បី​លើក​ពាន​បើក​រដូវ​កាល ជា​លើក​ទី​២ នៅមុន​ពេល​ការ​ប្រកួត​ផ្លូវកា​រលីគ​កំពូល​កម្ពុជា ឆ្នាំ ​២០២២ ដែល​នឹង​ត្រូវធ្វើ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ​។​

​តាមរយៈ​ជ័យជម្នះ​នេះ ក៏បាន​បង្ហាញ​ដែរ​ថា ខ្សែប្រយុទ្ធ​ចំណូល ថ្មី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន Fareed Sadat របស់​ភ្នំពេញ​​ក្រោ​ន ពិតជា​បានបង្ហាញ​ពី​ភាព​​មុត​ស្រួច និង​មាន​ជំនាញ​ខ្ពស់ ក្នុងការ​បញ្ចប់​ទី ដោយ​រូបគេ​រកបាន ​២ ​គ្រាប់​តែម្នាក់ឯង នៅ​នាទី​ទី​១៥ និង​ទី​៣៧ គឺ​នៅ​មុនពេល ការ​តែ​ត​បញ្ចូល​ទី​បាន ​១ ​គ្រាប់​វិញ​របស់​ខ្សែប្រយុទ្ធ កែវ សុខ​ផេង នៅ​នាទី​ទី​៥០ ហើយ Fareed ក៏​ទទួលបាន​ពាន​ជា​កីឡាករ​លេង​បានល្អ​ជាងគេ ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​ជាមួយ​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ Fareed នឹង​ក្លាយ​​ជា​កីឡាករ​ដ៏​សំខាន់​ថ្មី​មួយទៀត ក្នុងការ​ចាប់ដៃ​លេង​ជាមួយ​កីឡាករ​ជប៉ុន Daisuke Kobayashi ​ខ្សែការពារ​ជប៉ុន Ose Takaki រួមទាំង​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​កូ​ឡុំ​ប៊ី Andre Nieto និង​ខ្សែប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន Valeriy Hryshyn ​ដើម្បី​សម្រួច​ទៅរក​ការសម្រេច​គោលដៅ​ធំ​របស់​ភ្នំពេញ​ក្រោ​ន ដោយ​ក្រុម​​នេះ មាន​មហិច្ឆតា ចង់​បន្ត​ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី​នេះម្តងទៀត បន្ថែម​ទៅលើការ​ឈ្នះបាន​ចំនួន ​៧ ​លើក​កន្លងមក​។

​លោក លី ហៀ​ង អគ្គលេខា​​ធិ​ការ​ក្លិប​ភ្នំពេញ​ក្រោ​នបាន​និយាយ ក្នុងពេល​បង្ហាញ​ឡូហ្គោ​ថ្មី របស់​លី​គ​កំពូល​កម្ពុជាថា​៖ «​ជា​ទស្សនៈ​ទូទៅ ក្រុម​ម្ចាស់​ជើង​​ឯក តែងតែមាន​សម្ពាធ​ខ្ពស់ជាង​ក្រុម​ផ្សេងៗ​ទៀត ព្រោះ​យើង​ជឿថា គ្រប់​ក្រុម​ទាំងអស់ គេ​ចង់​ឈ្នះ​ក្រុម​ជើងឯក អ៊ីចឹង​បើ​យើង​ចង់​ឈ្នះ​ពាន​នេះ​ម្តងទៀត ទាំង​ទម្រង់​លេង និង​ការរៀបចំ​របស់​យើង មិនមែន​ ១០០ ​ភាគរយ​នោះទេ គឺ​ត្រូវតែ​ប្រសើរ​ជាង​ហ្នឹង​ទៀត​»​។​

​លោក​បាន​បន្ថែមថា​៖ «​ជា​គោលដៅ​រួម​របស់​ក្លិប គឺ​យើង​មិនបាន​ដាក់ សម្រាប់​ប្រជែង​យក​លេខ​ ២ ឬ​លេខ ​៣ ​នោះទេ គឺ​គ្រប់​លទ្ធភាព​ទាំងអស់ យើង​ដាក់​គោលដៅ​យក​ជើងឯក ហើយ​បើ​យើង​មិនបាន​ជើងឯក មានន័យថា យើង​បរាជ័យ​ ១ ​ឆ្នាំ​។ ជាមួយគ្នានេះ គ្រប់​ក្រុម​ទាំងអស់​ ៨ បានដឹងហើយថា រដូវ​កាល​នេះ វា​ជា​រៀង​ថ្មី​មួយ សម្រាប់​ពួកយើង នៅក្នុង​បាល់​​ទាត់ ព្រោះនេះ​ជាការ​ប្រកួត​បែប​ទម្រង់​ថ្មី​មួយ ដែល​នឹង​មានការ​​ប្រកួតប្រជែង​ខ្ពស់ តាម​បែបផែន​ស្តង់ដា ខណៈ​ក្រុម​ទាំង ​៨ សុទ្ធតែជា​ក្រុម​ល្អ និង​មាន​ទិស​​ដៅ​ខ្ពស់​ដូចគ្នា​»៕