​ភ្នំពេញៈ កីឡាករ​គុន​ចម្រុះ​លំដាប់​ជួរមុខ​របស់​កម្ពុជា ចាន់ រតនា មិនបាន​បង្ហាញ​ការបាក់​ទឹកចិត្ត​ណាមួយ ទៅលើ​ការ​ចាញ់ ដោយ​សន្លប់​ក្នុង រយៈពេល​តែត្រឹម​ជាង ​១ ​នាទី ក្រោម​ដៃ​អ្នក​ប្រយុទ្ធ​របស់​ឥណ្ឌូនេស៊ី Eko Roni Saputra សម្រាប់​ការប្រកួត​វាយ​ដាក់​ទ្រុង នៅ​សង្វៀន ONE Championship ក្នុងប្រទេស​សិង្ហ​បុរី កាលពី​រាត្រី​ថ្ងៃ​សុក្រនោះទេ​។​

​បើទោះបីជា អ្នកគាំទ្រ​មួយចំនួន មាន​អារម្មណ៍​មិនសូវ​ពេញចិត្ត ចំពោះ​ការ​ចាញ់​យ៉ាង​លឿន​នេះ និង​បាន​ជំរុញ​ឱ្យ ចាន់ រតនា គួរ​ឈប់​ឡើង​វ៉ៃ​នៅ ONE រួច​ងាក​មក​ប្រកួត​បែប​គុន​ខ្មែរ​វិញ ដែល​ស្របទៅតាម​វ័យ​របស់ខ្លួនដែល​ចាស់ ហើយ​ធ្លាក់​កម្លាំង ប៉ុន្តែ ចាន់ រតនា មិនបាន​គិត​បែប​ហ្នឹង​នោះទេ​។​

​ផ្ទុយទៅវិញ អ្នក​ប្រដាល់​ចេះ​ច្រើន​ជំនាញ​រូបនេះ នៅតែ​ប្រកាន់​ជំហរ​ឆ្ពោះទៅមុខ ដោយបាន​ចាត់ទុក​ការ​បរាជ័យ​យ៉ាង​លឿន ក្រោម​ក្បាច់​ក្លេ​ករ​បស់ Eko Roni សម្រាប់​ការប្រកួត​លើក​នេះថា ជា​រាត្រី មិនមែនជា​របស់ខ្លួន ហើយ ចាន់ រតនា បានកំណត់​យក​ការ​ចាញ់​យ៉ាង​ជូរចត់​នោះ​ថា ជា​មេរៀន ឬ​បទពិសោធ ដែល​ជំរុញ​ឱ្យ​រូបគេ កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព ខ្លួនឯង​ថែមទៀត សម្រាប់​បន្ត​អាជីពនៅ ONE Championship​។​

«​ការចូល​ប្រឡូក នៅក្នុង​ឆាកប្រយុទ្ធ ដើម្បី​គ្រួសារ​ខ្ញុំ និង​ប្រទេស​របស់ខ្ញុំ គឺជា​អ្វីដែល​ខ្ញុំ​ធ្វើ​។ វា​តែងតែ​មានតម្លៃ ដែល​ត្រូវ​លះបង់ ហើយ​ជួនកាល វា​មិនមែនជា​រាត្រី​របស់​យើង ព្រោះ​ខ្ញុំ​បាន​មើលស្រាល និង​ធ្វេស​​ប្រហែស​នឹង​ក្បាច់​របស់គេ ធ្វើឱ្យ​ការ​​ចាប់​រឹត​របស់គេ​ចូលដល់​បំពង់ក​»​។ នេះ​ជា​អ្វីដែល ចាន់ រតនា បាន​ប្រាប់​បន្ទាប់ពី​រូបគេ បាន​ចាញ់​កីឡាករ​របស់​ឥណ្ឌូនេស៊ី Eko Roni ហើយក៏​ជាការ​​បរាជ័យ​ជា​លើក​ទី​២ ​ជាប់ៗ​គ្នា​របស់ រតនា នៅ ONE ផងដែរ បន្ទាប់ពី​រូបគេ បាន​ចាញ់កីឡាករ​របស់​ចិន Xie Wei ​ក្នុង​ទឹក​ទី​៣ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​ ១៨ ខែ ធ្នូ ឆ្នាំ ​២០២០​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការ​​ប្រកួតកាលពី​យប់​ថ្ងៃ​សុក្រ កន្លង​​មកនេះ ចាន់ រតនា បាន​អះអាងថា រូបគេ​មិនទាន់បាន​បញ្ចេញ​ជំនាញ​ជាមួយ​ការខិតខំ​ហ្វឹកហាត់​របស់ខ្លួននៅឡើយ​ទេ តែ​ក៏បាន​ភ្លាត់ស្នៀតបណ្តាលឱ្យ Eko Roni ប្រើ​ក្បាច់​ក្លេ​រឹត​ករហូត​ធ្វើឱ្យ ចាន់ រតនា សុំ​ចុះចាញ់ ខណៈ​ការប្រកួត​ទើប​ចាប់ផ្តើមបាន ១ៈ​៤០ ​នាទី នៅក្នុង​ទឹក​ទី​១​។​

​កីឡាករ​របស់​កម្ពុជា ចាន់ រតនា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនអាច​បង្ហាញ​ពី​ជំនាញ​របស់ខ្ញុំ និង​ការហ្វឹកហាត់​ដ៏​លំបាក​ទាំងអស់ ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នោះទេ ប៉ុន្តែ​នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​ខ្ញុំ ក្នុង​ការបន្ត​ហ្វឹកហាត់​ឱ្យបាន​ខ្លាំងក្លា និង​ពង្រឹងសមត្ថភាព ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​បន្ថែមទៀត​។ គ្មាន​ការ​ឈ្នះ​ណា ដែល​មិន​ចាញ់​នោះឡើយ​! អរគុណ​អ្នក​ទាំងអស់គ្នា ដែល​គាំទ្រ និង​ជឿជាក់​លើ​រូបខ្ញុំ​។ គ្រួសារ​ខ្ញុំ ក្រុម​របស់ខ្ញុំ អ្នកគាំទ្រ​របស់ខ្ញុំ ប្រទេស​របស់ខ្ញុំ អ្នក​ឧបត្ថម្ភ​របស់ខ្ញុំ និង ONE Championship សម្រាប់​ឱកាស​នេះ​»៕