អិនឌៀ​ន​វេ​លស៍​: កីឡាករ​វាយ​កូន​បាល់ (​តិ​ន្នី​ស​) អាជីព Rafael Nadal កាលពី​ថ្ងៃ​ចន្ទ បាន​សម្តែង​ការអាណិតអាសូរ​ចំពោះ​កីឡាការិនី Naomi Osaka បន្ទាប់ពី​ការធ្លាក់​ដោយ​ទឹកភ្នែក ពី​កម្មវិធី Indian Wells តែមាន​ជឿថា អត្ត​ព​លិ​ក​ទាំងអស់គួរតែ​រៀន​ដោះស្រាយ​នឹង​ការ​ចំអក​ពី​អ្នកគាំទ្រ​។​

​ម្ចាស់​ជើងឯក​ពាន​លំដាប់ Grand Slam ៤ ​សម័យកាល កីឡាការិនី Osaka ត្រូវបាន​ធ្វើឱ្យ​ស្រក់​ទឹកភ្នែក ដោយសារ​ពាក្យ​ប្រមាថ​ពី​អ្នក​មក​ទស្សនា​ម្នាក់ កាលពី​ថ្ងៃ​សៅរ៍ ខណៈ​នាង​បាន​ធ្លាក់​ចេញពី​ការប្រកួតនៅ​សហរដ្ឋអាមេរិក​នេះ ដោយ​បរាជ័យ ២​ សិត​ទល់នឹង​ ០ ក្រោម​ថ្វីដៃ​របស់​កីឡាការិនី Veronika Kudermetova​។​

​កីឡាការិនី​សញ្ជាតិ​ជប៉ុន Osaka ធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត​ទទួលបាន​ការចាប់អារម្មណ៍នៅ​ឆ្នាំមុន បន្ទាប់ពី​បានបង្ហាញ​ថា នាង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

​ដោយនិយាយ​បន្ទាប់ពី​ជ័យ​ជម្នះនៅ​ជុំ​ទី​៣ ក្នុង​លទ្ធផល ៧-៥ និង ៦-៣ លើ​កីឡាករ Dan Evans របស់​អង់គ្លេស Nadal និយាយថា រូបគេ​មាន​អារម្មណ៍​សោកស្តាយ​ជាមួយ​កីឡាការិនី Osaka ដែល​ត្រូវបាន​ទទួលរង​នូវ​ការជេរប្រមាថ​ពី​អ្នក​មក​មើល​ការប្រកួត កាល​​ពីថ្ងៃ​សៅរ៍​នោះ​។​

​តែ​កំពូល​កីឡាករ ដែល​គ្រង​ពាន​លំដាប់ Grand Slam ចំនួន ២១​ សម័យកាលនិយាយថា រូបគេ​ជឿថា គ្រប់​កីឡាករ-កីឡាការិនី គួរតែ​រៀន​ត្រៀមខ្លួន សម្រាប់​បរិយាកាស​មិនជា​ទី​​គាប់ចិត្ត​។ ពេល​ត្រូវបាន​សួរ​នូវ​ការយល់ឃើញ​របស់គេ​ពី​អត្ត​​ព​លិ​ក ដែល​ទទួលរង​នូវ​ខម​មិន​អវិជ្ជមាន​ពី​ក្នុង​រង្វង់​អ្នកគាំទ្រ Nadal ឆ្លើយថា សំណួរ​ប្រភេទ​នេះ គឺ​ពិបាក​ឆ្លើយ​ណាស់​។​

«​ចម្លើយ​ដ៏​ងាយ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​សោកស្ដាយ​ចំពោះ​អ្វី ដែល​បាន​កើតឡើង ដោយ​នោះ មិនគួរ​កើតមាន​ឡើយ​។ តែ​ទោះបី​​ជា​ពាក្យ​មិនល្អ ដែល​យើង​មិន​ចង់​ឮ​ក៏ដោយ ក៏​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ពាក្យ​បែប​​នោះ មែន​ទេ​?​។ យើង​ត្រូវតែ​ទ្រាំ​ឱ្យបាន​ជាមួយនឹង​បញ្ហា​បែបនេះ ដែល​អាច​កើតឡើង នៅពេល​អ្នកធ្វើ​ផ្ទុយ​ពី​មនុស្ស​ទូទៅ​»​។ កីឡាករ Nadal បាន​ប្រាប់ឱ្យដឹង​បែបនេះ​។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញបន្ថែមថា​៖ «​ខ្ញុំ​យល់ថា ប្រហែលជា Naomi បាន​រង​ទុក្ខ​ជាច្រើន​ជាមួយនឹង​បញ្ហា​នោះ​។ រឿង​តែ​ម្យ៉ាង គឺ​ខ្ញុំ​សុំ​ជូនពរ​ឱ្យ​នាង​បានជា​សះស្បើយ​ពី​ជំងឺ​នោះ ហើយក៏​ជូនពរ​ឱ្យ​នាង​ជួប​នូវ​ជោគជ័យ​ផងដែរ​។ តែ​ជីវិត​នេះ គ្មានអ្វី​ល្អឥតខ្ចោះ​នោះទេ ដូច្នេះយើង​ត្រូវ​ត្រៀមខ្លួនសម្រាប់​ការជួប​នូវ​ទុក្ខលំបាក​»៕ AFP/VN