​ក្រុងប៉ារីស​: ក្រុម​អ្នកមាន​​បុណ្យ Barcelona និង​ក្រុម Sevilla កំពុង​សង្ឃឹមថា នឹង​អាច​ទទួលបាន​កៅអី ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League ក្នុង​សប្តាហ៍​នេះ ខណៈដែល​ក្រុម​អេ​ស្ប៉ា​ញ​ចំនួន ​៣ នៅតែមាន​វត្តមាន ក្នុង​កម្មវិធី​មួយ ដែល​គ្របដណ្ដប់​ដោយ​ក្លិប​របស់​ក្របខ័ណ្ឌ La Liga ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រុម​ដ៏​ស្រស់ស្រាយ Barca ត្រូវ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទី​​ក្រុង​អ៊ី​ស្តង់​ប៊ូល ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទី​២ វគ្គ ១៦ ​ក្រុម​ចុង​​ក្រោយ​របស់​ពួកគេ ទល់នឹង​ក្រុម Galatasaray អម​ជាមួយនឹង​ដំណើរ​ផ្លូវ​មិន​បរាជ័យ​សោះ​ចំនួន ១០ ​ហ្គេម ដែល​បាន​ជួយ​រុញឱ្យ​ពួកគេ​វិល​ទៅ​ចំណាត់​​ថ្នាក់​លេខ​ ៣ វិញ ក្នុង​តារាង​ពិន្ទុ​របស់ La Liga ហើយ​ត្រូវបាន​ឃើញថា ជា​ក្រុម ​១ នៅក្នុង​ចំណោម​ក្រុម ដែលមាន​សិទ្ធិ​ខ្ពស់ ក្នុងការ​ឈ្នះ​ពានរង្វាន់នៅ Europa League​។​

«​អ្នកគាំទ្រ​សប្បាយចិត្ត នៅពេលដែល​ពួកគេ​ចូលមក​កាន់​កីឡដ្ឋាន ហើយ​ពួកយើង​ក៏​នៅលើ​ទីលាន​ដែរ​។ លទ្ធផល​កំពុង​ត្រឡប់មកវិញ ហើយ​យើង​សង្ឃឹមថា នឹង​បន្ត​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​នេះ​»​។ នេះ​ជា​សម្ដី​របស់​ខ្សែការពារ​កណ្ដាល​ចាស់វស្សា Gerard Pique ដែល​បាន​ចូល​លេង​លើក​ទី៦០០ ឱ្យ​ក្លិប Barca ក្នុង​ជ័យ​​ជម្នះ ៤-០ លើ​ក្រុម Osasuna កាលពី​ថ្ងៃអាទិត្យ​។​

​តែ​យ៉ាងណា ក្រុម​របស់លោក Xavi Hernandez ត្រូវបាន​ទប់​ស្មើដោយ​គ្មាន​គ្រាប់​បាល់ នៅលើ​ទឹកដី​ខ្លួនឯង ដោយ​ក្រុម​កំពុង​យ៉ាប់ Galatasaray ពី​ការប្រកួត​ជើង​ទី​១ កាលពី​សប្តាហ៍​មុន ដូច្នេះ​នៅមាន​ការងារ​ត្រូវធ្វើ​ទៀត ដើម្បី​បាន​ឆ្លងទៅ​វគ្គ ៨ ​ក្រុម​ចុងក្រោយ​។​

​ស្របពេល​ជាមួយគ្នានេះ ក្រុម Sevilla ដែល​ត្រូវបាន​ចាត់​​ទុក​ថា ជា​ក្រុម​ដ៏​ជំនាញ​មួយ សម្រាប់​ការប្រកួតប្រជែង​នេះ កំពុងស្ថិត​នៅឯ​ក្រុង​ឡុង​ដ៍ ដើម្បី​តទល់​ជាមួយ​ក្រុម West Ham United ដែល​ពួកគេ​មានប្រៀប​ជាមួយនឹង​ការនាំ​មុខ ១-០ កាលពី​ជើង​ទី​១ ដោយសារ​គ្រាប់​របស់​កីឡាករ by Munir El Haddadi​។​

​ការ​ស្មើ ៦​ លើក​របស់​ពួកគេ ក្នុងចំណោម ៨​ ហ្គេម​ចុងក្រោយនៅ​លី​គ បានបញ្ចប់​យ៉ាងពិត​​ប្រាកដ​នូវ​ក្ដីសង្ឃឹមក្នុងការ​​ប្រជែង ដើម្បី​ឈ្នះ​ជើងឯកក្នុងស្រុក ដោយសារ​មាន​គម្លាត​ដល់​ទៅ ១០​ពិន្ទុ ពី​ក្រុម​កំពូល​តារាង Real Madrid តែ​ក្រុម​របស់លោក Julen Lopetegui នៅ​ស្ថិត​លើផ្លូវ នៃ​ការ​មានជោគ​​ជ័យ​បន្ថែមទៀត សម្រាប់​ការ​​ប្រកួតប្រជែង ក្នុង​កម្មវិធី​កម្រិត​ទី​២ របស់​អឺរ៉ុប ដែល​ពួកគេ​ធ្លាប់​បានឈ្នះ​ជា​កំណត់ត្រា ៦ ​លើក ចាប់ពី​ឆ្នាំ​ ២០០៦ មក​។​

​ជាមួយគ្នានេះ ក្រុម Sevilla ក៏មាន​នូវ​ការជំរុញ​ទឹកចិត្ត ដើម្បី​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ឡើងទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹងត្រូវ​លេងក្នុង​កីឡដ្ឋាន Ramon Sanchez Pizjuan របស់ខ្លួន នៅ​ថ្ងៃទី​១៨ ខែឧសភា​។​

​តែ​យ៉ាងណាក្ដី ពួកគេ​ត្រូវ​អវត្តមាន​កីឡាករ Marcos Acuna ដោយសារ​មាន​របួស ក្នុង​ដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស ដើម្បី​ប្រឈម​ជាមួយ​ក្រុម West Ham ដែល​មើលឃើញ​កម្មវិធី Europa League នេះ ជា​ឱកាស​ដ៏​ល្អ​បំផុត នៃ​ការ​​បានឈ្នះ​ពានរង្វាន់​ដ៏​សំខាន់​ជា​លើកដំបូង ក្នុង​រយៈពេល​ជាង ៤ ទសវត្សរ៍​៕ AFP/VN