ក្រុង​វែ​រ​សៃយ៍​: ប្រភព​មួយ​ពី​តុលាការបានឱ្យដឹងកាលពី​ថ្ងៃ​អង្គា​រថា ការប្តឹង​ឧទ្ធរណ៍​ពី​ខ្សែ​​ប្រយុទ្ធ Karim Benzema របស់​ក្លិប Real Madrid ប្រឆាំងនឹង​ការកាត់ទោស​ឱ្យ​ជាប់ពន្ធ​​នាគារ​រយៈពេល ១​ ឆ្នាំ ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្ដី​គំរាម​ទារប្រាក់​ចំពោះ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង Mathieu Valbuena ដោយ​ប្រើ​វិ​ដេ​អូ​សិច​នោះ នឹងត្រូវ​បើកសវនាការនៅ​ថ្ងៃទី​ ៣០ ខែមិថុនា ដល់​ថ្ងៃទី​ ១ ខែកក្កដា​។​

Benzema ក៏ត្រូវ​ពិន័យ​ជា​ប្រាក់ ៧៥ ០០០​ អឺរ៉ូ ($៨២ ០០០) ហើយ​ការកាត់ទោស ពីបទ​ប៉ុនប៉ង​ជំរិត​ទារប្រាក់ក្នុង​ឆ្នាំ ​២០១៥ ដែលនាំឱ្យ​រូបគេ ត្រូវ​ដក​ឈ្មោះ​ចេញពី​ក្រុម​បារាំង​អស់​រយៈពេល ៥ ​ឆ្នាំកន្លះ​នោះ គឺមាន​ភាព​តឹងរ៉ឹង​ជាង​រដ្ឋអាជ្ញា​បានស្នើ​ឡើងទៅ​ទៀត​។​

​កីឡាករ​វ័យ ៣៤​ ឆ្នាំ មិនត្រូវ​បាន​ចោទ​ពី​ការ​នៅក្រោយ​នៃ​ការប៉ុនប៉ង​ជំរិត​ទារប្រាក់​នោះទេ តែមាន​ការឃុបឃិត​ជាមួយ​ជន​សង្ស័យ ដោយ​ការដាក់​សម្ពាធ​លើ​កីឡាករ Valbuena ដែល​ឱ្យ​ព្រម​បង់ប្រាក់​ដល់​ពួកគេ​។​

​តុលាការ​នៅ​ទីក្រុង​វែ​រ​សៃយ៍នៅក្រៅ​ក្រុងប៉ារីសបានសម្រេច​ថា ខ្សែប្រយុទ្ធ​រូបនេះ បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ តាមរយៈ​ការប្រើ​វិធី និង​ពាក្យ​កុហក ដើម្បី​បញ្ចុះបញ្ចូល​មិត្ត​រួម​ក្រុម​របស់គេ នាពេលនោះ ឱ្យ​ព្រម​តាម​ការ​ជំរិត​ទារប្រាក់​នោះ​។​

Benzema ស៊ុត ២ ​គ្រាប់ ក្នុង​ជ័យជម្នះ ៣-០ ទល់នឹង Real Mallorca នៅ​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃ​ចន្ទ ដែល​ធ្វើឱ្យ​គ្រាប់​បាល់​សរុប ក្នុង​អាជីព​របស់គេ​មាន​ចំនួន ៤១២​ គ្រាប់ ដែលនាំឱ្យ​គេ​ក្លាយជា​កីឡាករ​បារាំង ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ ក្នុង​ប្រវត្តិសាស្ត្រ ពោលគឺ​ច្រើនជាង​អតីត​កីឡាករ Thierry Henry ២ ​គ្រាប់​។​

​កាលពី​សប្ដាហ៍​មុន គេ​ធ្វើបាន​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣​ គ្រាប់​) ដើម្បី​ជួយ​ឱ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real ទម្លាក់​ក្រុម​អ្នកមាន​របស់​បារាំង Paris Saint-Germain ពី​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ ១៦​ ក្រុម​ចុង​​ក្រោយ ជាមួយ​លទ្ធផល​ទាំង ២ ជើង ៣-២៕ AFP/VN