ក្រុង​ឡុង​ដ៍​: លោក Thomas Tuchel បាន​លើកឡើងថា គាត់​ចង់ឱ្យ Chelsea ក្លាយជា​ក្រុម​មួយដែល​គ្រប់គ្នា មានបំណង​ចៀសឱ្យផុតនៅ​ក្របខ័ណ្ឌ Champions League បន្ទាប់ពី​ក្រុម​តោ​ខៀវ​របស់លោក​បន្ត​រក្សា​ផ្លូវ​នៃ​ការ​​ការពារ​ជើងឯក​របស់ខ្លួន​មិនឱ្យ​បាត់បង់ កាលពី​ថ្ងៃ​ពុធ ដោយ​ការ​បាន​ឆ្លងទៅ​វគ្គ ៨ ​ក្រុម​ចុង​​ក្រោយ ជាមួយ​ជយ​ជម្នះ​ទាំង ២ ជើង ៤-១ លើ​ក្រុម Lille​។​

​ដោយ​នាំមុខ ២-០ ពី​ការ​​ប្រកួត ក្នុង​ជើង​ទី១ នៅឯ​កីឡដ្ឋាន Stamford Bridge កាលពី ៣ ​សប្ដាហ៍​កន្លងទៅ ក្រុម​របស់លោក Tuchel ភ្លាត់​តាម​ពីក្រោយ សម្រាប់​ហ្គេម​ជើង​ទី​២ នៅ​កីឡដ្ឋាន Pierre-Mauroy នេះ ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Burak Yilmaz ដែល​ទាត់​ប៉េ​ណា​ល់​ទី​បានសម្រេច​។​

​តែ​ខ្សែប្រយុទ្ធ Christian Pulisic បាន​ជួយ​ឱ្យ​តាម​ស្មើ​វិញ ក្នុង​ម៉ោង​បន្ថែម​មាន​របួស នៃ​វគ្គ​ទី​១ មុនពេល​ខ្សែការពារ Cesar Azpilicueta បាន​ជួយ​បំពេញ​សព្វគ្រប់​នូវ​ការ​​វាយបក​នេះ ជាមួយនឹង​ការ​នៅសល់ ១៩​ នាទីចុងក្រោយ ហើយ​គ្រូបង្វឹកបានធ្វើការ​សរ​​សើរ​ផងដែរ​ ចំពោះ​កីឡាករ​ប្រធាន​ក្រុម​រូបនេះ ដែល​គ្រាប់​បាល់ នៅ Champions League លើកចុងក្រោយ ក៏​កើតមាន​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ក្រុម Lille នេះដែរ កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩​។​

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ លោក Tuchel ប្រាប់ថា​៖ «​ខ្ញុំ​ចង់ឱ្យ​យើង​ក្លាយជា​ក្រុម ដែល​គ្មាន​អ្នកណា​ចង់​លេង​តទល់​ជាមួយ​។ នោះ​ហើយ​ជា​កិច្ចការ ដែល​យើង​ចង់ឃើញ​ខ្លួន​យើង ក្នុង​វគ្គ ៨ ​ក្រុម​ចុង​ក្រោយនេះ​។ Azpilicueta ប្រហែលជា​គំរូ​ដ៏​ល្អឥតខ្ចោះ ដើម្បី​យកមក​ពណ៌នា​អំពី​បុគ្គល​ម្នាក់​ជា​អ្នក​​ដឹកនាំ​។ រូបគេ​កំពុង​ធ្វើ​វា ទាំង​ក្នុងស្ថានភាព​ល្អ និង​អាក្រក់ ទោះបីជា​គេ​បាន​ចូល​លេង​ជម្រើស​ដំបូង​យ៉ាង​ទៀងទាត់ ឬ​អត់​ក៏ដោយ​»​។

«​បើទោះបីជា​រូបគេ​កំពុង​លេង នៅ​តំបន់​ការពារ​ស្លាប ដែល​ប្រហែលជា មិនមែន​ទីតាំង​ល្អ​បំផុត​របស់គេ​ក៏ដោយ ក៏​គេ​នៅតែ​ឈរ​ទីតាំង​នោះ​។ យើង​មិន​ត្រូវការ​អ្វី​បន្ថែមទៀត​ទេ ពោលគឺ​ក្នុង​កាលៈទេសៈ​នេះ​តែម្ដង ដោយ​យើង​គ្រាន់តែ​ត្រូវការ​ក្រុម​មួយ​ដែល​អាច​ទុក​​ចិត្តបាន និង​ស្មារតី ដែល​អាច​ទុកចិត្តបាន​។ ខ្ញុំ​មិនដឹងថា តើ​គេ​កំពុងនិយាយ​អ្វី​ជាមួយ​កីឡាករ ឬ​អត់​នោះទេ ខ្ញុំ​គ្រាន់តែ​ដឹងថា គេ​កំពុង​ធ្វើ​អ្វីដែល​គេ​តែង​ធ្វើជា​ប្រក្រតី​ធម្មតា​»​។ នេះ​ជាការ​បន្ថែម​របស់លោក Tuchel៕ AFP/VN