ភ្នំពេញៈ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោរបស់​កម្ពុជា ដែល​ត្រូវបាន​សាងសង់​យ៉ាង​​ទំនើប​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន​នោះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ​៦ នៅក្នុង​ចំណោម​ពហុ​កីឡដ្ឋាន​ល្អផ្តាច់គេ ប្រចាំឆ្នាំ​ ២០២១ នៅលើ​ពិភពលោក​។​

​តាមរយៈ​ការបោះឆ្នោត «​ពហុ​កីឡដ្ឋាន​ប្រចាំឆ្នាំ ​២០២១ ឬ Stadium of The Year 2021» ដែល​រៀបចំ​ដោយ​គេហទំព័រ ដ៏​ធំ​មួយ​លើ​ពិភពលោកឈ្មោះថា Stadium DB នេះ បាន​បង្ហាញថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោរបស់​កម្ពុជា ដែល​បាន​ចំណាយ​ការសាងសង់​អស់​ប្រមាណ ​១៥០ ​លាន​ដុល្លារ​អាមេរិក​នោះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ​៦ នៅក្នុង​ចំណោម​ពហុ​កីឡដ្ឋាន ទាំង ​២៣ នៅលើ​ពិភពលោក ដែល​បាន​សម្រិតសម្រាំង​យកមក​ធ្វើការ​បោះឆ្នោត​នេះ​។

​ចំណែក​ពហុ​កីឡដ្ឋាន Estadio El Sadar របស់​អេ​ស្ប៉ា​ញបាន​ជាប់​ចំណាត់​​ថ្នាក់​លេខ ​១ រីឯ​លេខ ​២ បាន​ទៅ​ពហុ​កីឡដ្ឋាន Unico Madre de Ciudades របស់​ប្រទេស​អា​ហ្ស​ង់​ទីន លេខ​ ៣ ពហុ​កីឡដ្ឋាន Banco Guayaquil របស់​ប្រទេស​អេក្វាទ័រ លេខ​ ៤ ជា​ពហុ​កីឡដ្ឋាន Stadionul Steaua របស់​ប្រទេស​រូ​ម៉ា​នី រីឯ​លេខ ​៥ គឺ​ពហុ​កីឡដ្ឋាន Europa-Park Stadion របស់​អាល្លឺម៉ង់ ចំណែក​ពហុ​កីឡដ្ឋាន Q2 Stadium របស់​អាមេរិកបាន​ជាប់​លេខ​ ២៣ ក្រោយ​គេ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការ​ពហុ​កី​ឡ​ដ្ឋា​ន ដែល​ត្រូវបាន​ជ្រើសរើស​មក​ធ្វើការ​បោះឆ្នោត​នេះ គឺ​សំដៅ​ទៅលើ​តែ​ពហុ​កីឡដ្ឋាន ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ ​២០២១ ខណៈ​ការបោះឆ្នោត​របស់​គេហទំព័​រ Stadium DB នេះ ទើបបាន​បញ្ចប់​កាលពី​ថ្ងៃទី ​១៤ ខែមីនា ឆ្នាំ ​២០២២ នេះ​។​

​គួរ​បញ្ជាក់ថា វិមាន​កី​ឡ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦,២២ ​ហិកតា ដោយមានទំហំ​សំណង់​ប្រហែល ៨,២៤ ម៉ឺន​ម៉ែត្រការ៉េ គឺជា​កី​ឡដ្ឋា​ន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនាបាន​រហូតដល់ ៦ ​ម៉ឺន​នាក់ ហើយ​ពហុ​កី​ឡ​ដ្ឋា​ន​នេះ​ ត្រូវបាន​សាងសង់ឡើង ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ការប្រកួតស៊ី​ហ្គេម ឆ្នាំ​ ២០២៣ គឺ​នៅពេល​កម្ពុជា ត្រូវធ្វើ​ម្ចាស់ផ្ទះ​ជា​លើកដំបូង​៕