ក្រុង​ឡុង​ដ៍​: លោក Jurgen Klopp បានធ្វើការ​ព្រមាន​ចំពោះ​កីឡាករ​របស់​ក្រុម​ហង្ស​​ក្រហម Liverpool របស់គាត់​ថា សម្ទុះ ឬ​ថាមពល​របស់​ពួកគេ ក្នុងការ​តាម​ប្រជែង​ពាន​​រង្វាន់នៃ​ក្របខ័ណ្ឌ Premier League គឺ​ប្រៀបដូចជា​ផ្កា​ដ៏​ងាយ​នឹង​រុះ​រោយ​អ៊ីចឹង បន្ទាប់​​ពី​ដណ្ដើមបាន​នូវ​ជ័យជម្នះ​ដ៏​សំខាន់ កាលពី​ថ្ងៃ​ពុធ ក្នុង​លទ្ធផល ២-០ នៅឯ​ទឹកដី​របស់​ក្រុម Arsenal​។​

​ក្រុម​របស់លោក Klopp បាន​រំកិល​ទៅ​កៀក​នឹង​ក្រុម នៅ​ទី​កំពូល​តារាង Manchester City ជាមួយនឹង​គម្លាត​ត្រឹមតែ ១ ​ពិន្ទុ​ប៉ុណ្ណោះ ដោយសារ​គ្រាប់​បាល់ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ​ទាំង ២ ​រូប Diogo Jota និង Roberto Firmino សម្រាប់​ការប្រកួត នៅ​កីឡដ្ឋាន Emirates នេះ​។​

​ការ​មានជ័យ​ជម្នះ ក្នុង​លី​គ ៩ ​លើក​ជាប់ៗ​គ្នា​របស់​ក្រុម Liverpool ធ្វើឱ្យ​ការកំណត់​ជោគវាសនា​នៃ​ការ​គ្រង​ជើង​​ឯក ត្រូវ​ធ្លាក់​ក្នុង​ដៃ​របស់​ពួកគេ ខណៈដែល​ពួកគេ នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​លី​គ​កំពូល នា​រដូវ​កាល​នេះ ប្រសិនបើ​ឈ្នះ​ការប្រកួតដែល​នៅសល់​ទាំង ៩​ លើក​ក្នុងនោះ​រួមទាំង​ហ្គេម​ដ៏​សំខាន់ ពេល​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មេន​ឆេ​ស្ទ័​រ នៅ​ថ្ងៃទី ១០ ខែមេសា​ផងដែរ​។​

​ខណៈពេលដែល​ក្រុម Man City បាន​ភ្លាត់ស្នៀត​លេង​ស្មើដោយ​គ្មាន​គ្រាប់​បាល់​នៅឯ​ផ្ទះ​របស់​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចន្ទ ក្រុម Liverpool ឯណេះ មិនបាន​បន្ធូរបន្ថយ​នៃ​ល្បឿន​ដ៏​ល្អ​បំផុត​របស់​ពួកគេ​នោះឡើយ ខណៈដែល​ពួកគេនៅ​ទីបំផុត បានគេច​ផុតពី​ឧបសគ្គ​ដ៏​ធំ ដែល​បង្កឡើង​ដោយ​ក្រុម Arsenal នៅ​វគ្គ​ទី១ ជាមួយនឹង​ការ​ដណ្តើមបាន ៣ ​ពិន្ទុ​ពេញ នៅ​វគ្គ​ទី​២​។​

​តែ​ទោះបីជា​ក្រុម Liverpool កំពុងស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ សម្រាប់​ការប្រកួត ក្នុង​លី​គ​ក៏ដោយ ក៏​គ្រូបង្វឹក​របស់​ក្រុម​ហង្ស​ក្រហម​លោក Klopp មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​មានការ​ជឿជាក់​ជ្រុល​ពេក​លើស​ម្ទុះ ឬ​ថាមពល​របស់​ពួកគេ​នេះ​។​

«​សម្ទុះ ឬ​ថាមពល គឺ​ប្រៀបដូចជា​ផ្កា​ដ៏​ងាយ​នឹង​រុះ​រោយ​បំផុតនៅលើ​ផែន​ពសុធា (​ផែនដី​) នេះ​។ ប្រសិនបើ​នរណាម្នាក់​ដើរ​លើ​វា បន្ទាប់​​មក​អ្នក​ត្រូវតែ​ប្រឹងប្រែង​ទាញ​ថាមពល​មកវិញ ហើយ​ឆ្លង​​កាត់​វា​ឱ្យបាន​»​។ នេះ​ជាការ​​លើកឡើង​ពី​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ លោក Klopp​។​

​លោក Klopp បាន​បន្តថា​៖ «​ចង្វាក់​ការលេង គឺ​ល្អ តែ​ចង្វាក់​នេះ កំពុង​លេង​រៀងរាល់ ៤ ​ថ្ងៃ ៣ ​ថ្ងៃ វា​ជា​ចង្វាក់​នៃ​ការ​​លេង តែ​វា​ជា​ចង្វាក់​នៃ​ការ​​លេង​ដ៏​តានតឹង​មួយ​។ យើង​មិនបាន​ត្អូញត្អែរ​ទេ​។ យើង​ចង់​ចូលរួម​នូវ​រាល់​ការប្រកួត នៃ​គ្រប់​កម្មវិធី​ទាំងអស់​។ វា​ជា​រឿង​ប្រសើរ តែ​គូប្រជែង សុទ្ធ​​តែមាន​គុណភាព​ទាំងអស់ ហើយ​ពួកគេ​ពិតជា​មាន​ភាព​​ខុសប្លែកគ្នា​ទាំងអស់​»​។​

​ការប្រកួតប្រជែង​ដ៏​កក្រើក​ជាមួយ​ក្រុម Man City អាចធ្វើ​ការកំណត់​បាន​យ៉ាងច្បាស់​​លាស់​ថា តើ Liverpool អាច​លើក​ពាន​លី​គ​កំពូល​អង់គ្លេស​ជា​លើក​ទី​២ ក្នុង​រយៈពេល ៣ ​រដូវ​កាល បានសម្រេច ឬ​យ៉ាងណា​។ តែ​ក្រុម​យក្ស​នៅ​ក្រុង​លី​វើ​ភូ​ល ដែល​កំពុង​ប្រឹង​ឱ្យបាន​ឈ្នះ​ពាន ​៤ មិន​ធ្លាប់មាន​ពីមុន ត្រូវ​ប្រឈម​ជាមួយ​ក្រុម Nottingham Forest ក្នុង​កម្មវិធី FA Cup វគ្គ ៨ ​ក្រុម​ចុងក្រោយ ក្នុង​សប្ដាហ៍​នេះ រួច​បន្ទាប់មក ត្រូវ​បើកទ្វារ​ផ្ទះ​ស្វាគមន៍ Watford ភ្លាមៗ បន្ទាប់ពី​សម្រាក សម្រាប់​ការ​​ប្រកួត​អន្តរជាតិ (​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​)​។​

​ជាមួយគ្នានេះ លោក Klopp ក៏​ឱ្យដឹង​ដែរ​ថា លោក​មិនបាន​សម្លឹង​ដល់​ជំនួប​ជាមួយ​ក្រុម Man City នៅឡើយ​នោះទេ ដោយ​លោក​បាន​ប្រាប់​បន្ថែមថា​៖ «​ខ្ញុំ​ពិតជា​មិនបាន​គិត​អ្វី​ច្រើន​ពី​ក្រុម Man City ទេ នោះ​គឺជា​ការពិត​។ ខ្ញុំ​ដឹងថា ឱកាស​តែ ១ ​គត់ ដែល​យើង​មាន គឺ​ឈ្នះ​នូវ​ចំនួន​ហ្គេម​បាល់​​ទាត់​ដ៏​មិនគួរ​ឱ្យ​ជឿ​នេះ ពីព្រោះ​គូប្រជែង​របស់​យើង ឈ្នះ​ការ​​ប្រកួត​បាល់ទាត់​ក្នុង​ចំនួន​ដ៏​ច្រើន​មិនគួរ​ឱ្យ​ជឿ​»​។​

«​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពួកយើង​បាន​ក្លាយជា​កម្លាំង​ជួយ​ជំរុញ​គ្នា​ទៅវិញទៅមក​ដល់​កម្រិត​មិនគួរ​ឱ្យ​ជឿ​។ យើង​ប្រកួត​ជាមួយ​ក្រុម Man City ក្នុង​រយៈពេល ៣ ឬ ៤​ សប្តាហ៍ ហើយ​យើង​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ការប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ​សមរម្យ​។ យើង​កំពុង​ស្ថិតក្នុង​ចង្វាក់​ពេលវេលា​ល្អ អារម្មណ៍ល្អ តែ​យើង​ដឹង​ច្បាស់​ថា វិធី​តែ ១ ​គត់ ដែល​យើង​អាចធ្វើ​វា​បាន គឺ​ការ​ប្រឹង​ឱ្យដល់​ទីបំផុត​»​។ លោក Klopp បញ្ជាក់បន្ថែម​ចុងក្រោយ​៕ AFP/VN