ក្រុង​ឡុង​ដ៍​: គ្រួសារ​ត្រកូល Ricketts ដែលជា​ម្ចាស់​ក្លិប​បេស​ប​ល Chicago Cubs បាន​បញ្ជាក់ថា ពួកគេ​កំពុង​ដឹក​​នាំ​វិនិយោគិន​ ១ ​ក្រុម ដែល​នឹង​ដេញថ្លៃ​ទិញ​ក្លិប Chelsea នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស ខណៈដែល​អតីត​អត្ត​ព​លិ​ក​ដ៏​ឆ្នើម​របស់​ចក្រភព​អង់គ្លេស Sebastian Coe បានប្រកាស​ពី​ការពាក់ព័ន្ធ​របស់ខ្លួន ក្នុង​កិច្ចប្រឹងប្រែង​ធ្វើជា​គូប្រជែង ដើម្បី​បាន​ក្លាយជា​ម្ចាស់​ក្រុម​តោ​ខៀវ​។​

​ធនាគារពាណិជ្ជ Raine Group នៅ​ក្រុង​ញូវយ៉ក បានកំណត់​ថ្ងៃ​ផុតកំណត់ នា​ថ្ងៃ​សុក្រ​នេះ សម្រាប់​ការដេញថ្លៃ ដោយ​ការគ្រប់គ្រង​រយៈពេល ១៩ ​ឆ្នាំ អមដោយ​ការ​ឈ្នះ​ពាន​ជាច្រើន​របស់លោក Roman Abramovich ក្នុងនាម​ជា​ម្ចាស់​ក្លិប នៅ​កីឡដ្ឋាន Stamford Bridge នឹង​ឈានដល់​ទីបញ្ចប់​ហើយ​។​

«​គ្រួសារ​ត្រកូល Ricketts ដែលជា​ម្ចាស់​នៃ​ក្រុម Chicago Cubs នៅ​ក្របខ័ណ្ឌ Major League Baseball អាច​បញ្ជាក់ថា ពួកគេ​នឹង​ដឹកនាំ​ក្រុម​វិនិយោគទុន ដែល​នឹងធ្វើ​ការដេញថ្លៃ​ជា​ផ្លូវការ​ក្នុងការ​ទិញយក​ក្លិប​បាល់ទាត់ Chelsea នា​ថ្ងៃ​សុក្រ​នេះ​»​។ នេះ​ជាការ​ឱ្យដឹងក្នុង​សេចក្ដីប្រកាសដែល​ត្រូវបាន​រាយការណ៍​យ៉ាង​ទូលំ​​ទូលាយ​។​

​សេចក្ដីប្រកាសឱ្យដឹងទៀតថា​៖ «​ក្នុងនាម​ជា​ប្រតិបត្តិ​ករក្នុង​រយៈពេល​យ៉ាងយូរ​នៃ​ក្រុមកីឡា​​អាជីព​ដ៏​ល្បីល្បាញ ១ ​គ្រួសារ​ត្រកូល Ricketts និង​ដៃគូ​របស់​ពួកគេ យល់ច្បាស់​ពីសា​រៈ​សំខាន់ នៃ​ការវិនិយោគ ដើម្បី​ទទួលបាន​ភាពជោគជ័យ នៅលើ​ទីលាន ខណៈពេលដែល​មានការ​គោរព​ចំពោះ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ក្លិប អ្នកគាំទ្រ និង​សហគមន៍​»​។​

​គ្រួសារ​ត្រកូល Ricketts បាន​ទិញយក​ក្លិប​បេស​ប​ល Chicago Cubs ក្នុង​ឆ្នាំ ​២០០៩ និង​បានធ្វើ​ពិធី​ឆ្លង​អបអរ​នឹង​ជ័យជម្នះ​ពានរង្វាន់ World Series ក្នុង​ឆ្នាំ​ ២០១៦ ដោយបាន​បញ្ចប់​នូវ​ការរង់ចាំ​រយៈ​​ពេល ១០៨ ​ឆ្នាំ ក្នុងការ​បានឈ្នះ​ពានរង្វាន់​ដ៏​សំខាន់​មួយ​។​

​លោក Coe ដែល​ឥឡូវនេះ ជា​ប្រធាន​ស្ថាប័ន​គ្រប់គ្រង​កីឡា​​អត្តពលកម្ម​ពិភពលោកបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គាត់​បាន​ចូលរួម​ជាមួយ​អ្នកជំនួញ​ជនជាតិ​អង់គ្លេស Martin Broughton ដើម្បី​ដេញថ្លៃ​ទិញយក​ក្លិប Chelsea នេះដែរ​។​

​លោក Coe ដែលជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ការដេញថ្លៃ​ជោគជ័យ​របស់​ទីក្រុង​ឡុង​ដ៍ ដើម្បី​បាន​សិទ្ធិ​រៀបចំ​កីឡា​អូ​ឡាំ​​ពិ​ក ឆ្នាំ ​២០១២ បាន​និយាយថា អតីត​នាយក​ក្លិប Liverpool លោក Broughton គឺជា​បុគ្គល​ដ៏​ស័ក្ដិសមក្នុងការ​មក​ដឹកនាំ Chelsea ទៅកាន់​ដំណាក់កាល​បន្ទាប់ ដោយយោង​ទៅដល់​កំណត់​ត្រា​អាជីវកម្ម និង​បទ​​ពិសោធ​ពិសេស​របស់គាត់នៅ​ទឹកដី Anfield៕ AFP/VN