​ក្រុង​មី​ដល​ប្រូស៍​: លោក Thomas Tuchel បានធ្វើការ​កោតសរសើ​រ​ចំពោះ​ការផ្តោត​អារម្មណ៍​របស់​ក្រុម Chelsea ខណៈដែល​ពួកគេបាន​ឈានដល់​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​អេ​ហ្វ​អេ​ខាប់ (FA Cup) ជា​លើក​ទី​៣ រដូវ​កាល​បន្ត​​បន្ទាប់​គ្នា បន្ទាប់ពី ១ ​គ្រាប់​របស់​កីឡាករ Romelu Lukaku បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញ​ឱ្យ​ក្រុម​តោ​ខៀវ មានជ័យ​ជម្នះ ២-០ លើ​ក្រុម Middlesbrough (Boro) នៅ​ក្របខ័ណ្ឌ Championship កាលពី​ថ្ងៃ​សៅរ៍​។​

​នៅក្នុង​អ្វី ដែល​អាចជា​ការខកចិត្ត នា​​ពេលខាងមុខ​នោះ ក្រុម​របស់លោក Tuchel ហាក់​មិនបាន​បង្ហាញឱ្យឃើញ​នូវ​ការ​មាន​បញ្ហា​ឡើយ ខណៈដែល​ពួកគេ​បាន​ប្រកួត​ឈ្នះ​ជា​បន្តបន្ទាប់​រហូតដល់ ៦ ​លើក ចាប់តាំងពី​លោក Roman Abramovich ដាក់លក់​ក្លិប​ជើងឯក​របស់​អឺរ៉ុប​មួយ​នេះ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក Lukaku ដែល​កំពុង​ជួប​បញ្ហា បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បើកឆាក ដែល​នេះ​ទើបតែ​ជា​រកបាន​គ្រាប់​បាល់​ទី​២ របស់គេក្នុងចំណោម ៧​ ហ្គេម ខណៈដែល​ខ្សែបម្រើ Hakim Ziyech បាន​បន្ថែ​មការ​មានប្រៀប​សម្រាប់​ក្រុម Chelsea មុន​ចប់​វគ្គ​ទី​១ នៃ​ការប្រកួតនៅ​កីឡដ្ឋាន Riverside នេះ​។​

​ក្រុម​តោ​ខៀវបានសម្លាប់ (​បញ្ចប់​) ហ្គេម នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នេះ ជាមួយនឹង​ការ​​មាន​បញ្ហា​អប្បបរមា (​តិចតួច​បំផុត​) ដោយ​ការធានា​នូវ​សិទ្ធិ ក្នុងការ​ទៅ​បង្ហាញខ្លួន នៅ​វគ្គ ៤ ​ក្រុម​ចុងក្រោយ ក្នុង​ពហុ​កីឡដ្ឋាន Wembley នា​ខែមេសា ខណៈ​ពួកគេ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ៣ ​ឆ្នាំ ជាប់ៗ​គ្នា​។​

Chelsea កំពុងដំណើរការ​ក្រោម​អាជ្ញាប័ណ្ណ​ពិសេស ដែល​អនុញ្ញាតឱ្យ​ពួកគេ​អាច​បញ្ចប់​សព្វគ្រប់​នូវ​កាលវិភាគ​​ប្រកួត បន្ទាប់ពី​មានការ​ដាក់ទណ្ឌកម្មរ​បស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ចំពោះ​លោក Abramovich ដើម្បី​ឆ្លើយតប​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ក្រុម​អ្នកដេញថ្លៃ​ជាច្រើន បានដាក់​នូវ​សំណើ​របស់​ពួកគេ ក្នុងការ​ទិញយក​ក្លិប Chelsea ពី​លោក Abramovich មុន​ថ្ងៃ​កំណត់ កាលពី​ថ្ងៃ​សុក្រ ដែល​ជាការ​ផ្ដល់នូវ​ក្ដី​សង្ឃឹមថា ស្ថានការណ៍​លំបាកលំបិន​របស់​ពួកគេ នាពេល​បច្ចុប្បន្ននេះ នឹង​រលាយ​​បាត់​ឆាប់ៗ​។ លោក Tuchel សារភាពថា គាត់​ស្ថិត​នៅក្រៅ​រង្វង់ នៃ​ការលក់ដូរ​នោះ តែ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បានធ្វើឱ្យ​កីឡាករ​របស់​ក្រុម Chelsea មាន​ការយក​-​ចិត្ត​ទុកដាក់​ចំពោះ​ភាពច្របូកច្របល់ នៅក្រៅ​ទីលាន​យ៉ាង​គួរឱ្យ​ស្ងើច​។​

Chelsea ដែល​ឈរ​នៅ​លេខ​៣ ក្នុង​ក្របខ័ណ្ឌ Premier League និង​បាន​ឆ្លងទៅ​វគ្គ ៨ ​ក្រុម នៅ​ក្របខ័ណ្ឌ Champions League នោះ បានឈ្នះ​ដល់​ទៅ ១២ ​លើក ក្នុងចំណោម​ការប្រកួត ១៣​លើក​កន្លងមក​របស់​ពួកគេ ដោយ​លើកលែងតែ​ការ​ចាញ់​ម្ដងគត់ ក្នុង​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ក្នុង​កម្មវិធី League Cup ពេល​តទល់​នឹង​ក្រុម​ហង្ស​ក្រហម Liverpool​។​

«​យើង​បាន​ផ្តោតអារម្មណ៍​ខ្លាំងណាស់ និង​ប្រាកដប្រជា​យ៉ាងខ្លាំង តាំងពីដើម​​ដំបូង​។ យើង​បានបង្ហាញ​ឱ្យឃើញ​នូវ គុណ​​ភាព ក្នុង​ពេលវេលា​កំណត់ និង​ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់​យ៉ាង​លឿន ដែល​ផ្ដល់ឱ្យ​ពួកយើង​នូវ​ការនាំ​មុខ​យ៉ាង​ស្រួលៗ តែ​ការខិតខំ​នេះ គឺ​ធំធេង​ណាស់ ដែល​មិន​បណ្ដោយឱ្យ​មានឱកាស​ធំ សម្រាប់​ក្រុម​គេ​»​។ លោក Tuchel បានលើកឡើង​។​

​លោក Tuchel បន្ថែមថា​៖ «​ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​ផ្ចង់ស្មារតី​របស់​កីឡាករ​។ យើង​ទទួលយក​ស្ថានភាព​របស់​អ្នកគ្រប់គ្រង ព្រោះ​យើង​មិនបាន​បង្កឱ្យមាន​ហេតុការណ៍​នោះទេ​។ វា​មិន​ស្ថិតនៅក្នុង​ដៃ (​តួនាទី​) របស់​យើង តែ​វា​សំខាន់​ណាស់ ដែល​យើង​បង្ហាញ​ពី​ស្មារតី​ដ៏​ត្រឹមត្រូវ​សមរម្យ និង​ការ​ទទួលខុសត្រូវ​»៕ AFP/VN