​ក្រុង​ប៊ឺ​មិ​ង​ហេម​: ក្រុម​កាំ​ភ្លើង​ធំ Arsenal បាន​បោះ​​ជំហាន​យ៉ាង​ធំ​មួយទៀត​ឆ្ពោះទៅរក​ការ​បានបញ្ចប់​នូវ​ការ​​និរទេស​ខ្លួន​រយៈពេល ៥​ ឆ្នាំ ពី​ការប្រកួតប្រជែងនៅ​ក្រប​ខ័​ណ្ឌ Champions League ដោយសារ​គ្រាប់​បាល់​ត្រឹមតែ ១​ គ្រាប់​របស់​ខ្សែបម្រើ​ប្រយុទ្ធ Bukayo Saka បាន​ជួយ​ឱ្យមាន​ជ័យជម្នះ ១-០ លើ​ក្រុម​ម្ចាស់ផ្ទះ Aston Villa ដែលជា​លទ្ធផល នាំឱ្យមាន​គម្លាត ៤​ ពិន្ទុ ជាមួយនឹង​ការ​ឈរ នៅ​ចំណាត់ថ្នាក់​លេខ​ ៤ ក្នុង​តារាង​ពិន្ទុនៃ​ក្របខ័ណ្ឌ Premier League​។​

​ក្រុម​កាំភ្លើង​ធំ អាច​បង្កើន​គម្លាត​នោះ​ឱ្យ​កាន់តែ​ឆ្ងាយ​បន្ថែមទៀត​ជាមួយនឹង​ការ​ប្រកួត នៅសល់ ១ ​លើកក្នុង​ដៃ លើ​ក្រុម​ចំណាត់ថ្នាក់​លេខ ៥ Manchester United ហើយ​ស័ក្តិសម​ជាមួយនឹង​ការ​​បាន ៣ ​ពិន្ទុ សម្រាប់​ការប្រកួតទល់នឹង​ក្រុម​មិនសូវ​មុត​ស្រួច Villa នេះ បើទោះបីជា​ឈ្នះ​ជាមួយនឹង​គ្រាប់​បាល់​ប្រផុត​​ប្រ​ផើយ​នេះ​ក្ដី​។​

​លោក Mikel Arteta គ្រូ​​បង្វឹក​របស់​ក្រុម Arsenal បាន​និយាយថា​៖ «​យើង​មានការ​​ប្រកួត​ចំនួន ១០ ​លើក​ទៀតដែល​នៅសល់​។ យើង​មាន​អារម្មណ៍​នេះ ដែល​យើង​ពិតជា​ចង់បាន​ខ្លាំងណាស់ អ្នក​អាច​យល់បាន ហើយ​យើង​នឹង​ប្រឹង​​ប្រែង​បន្ត​ឱ្យមាន​វា​ទៀត​»​។​

​ដំណើរ​នៃ​ជ័យជម្នះ​ចំនួន ១០ ​លើក ពី​ការប្រកួត​ចំនួន ១៣​ លើក ចុងក្រោយ នៅ​លី​គ​របស់​ពួកគេ បាន​ជួយ​ជំរុញ​ឱ្យ​ក្រុម​របស់លោក Arteta ឡើងទៅ​ឈរ នៅ​ជួរមុខក្នុងការ​​ប្រកួតប្រជែង ដោយ​ការ​បាន​ចូលរួម​ជាមួយ​ក្រុម​មេឃ​ខៀវ Manchester City, ក្រុម​​ហង្ស​ក្រហម Liverpool និង​ក្រុម​តោ​ខៀវ Chelsea នៅ​ទី​កំពូល​ទាំង​ ៤ បន្ទាប់ពី​មាននូវ​ការចាប់ផ្តើម​ដ៏​អាក្រក់​បំផុត នៃ​រដូវ​កាល​នេះ​របស់​ពួកគេ ក្នុង​រយៈពេល ៦៧ ​ឆ្នាំ​។​

​លោក Arteta បាន​ត្អូញត្អែរ​អំពី​ការកែប្រែ​ដ៏​តឹង​ចង្អៀត ដែល​ក្រុម​របស់លោកបាន​ប្រឈម បន្ទាប់ពី​រង​បរាជ័យ នៅក្នុង​ផ្ទះ​ខ្លួន ២-០ កាលពី​ថ្ងៃ​ពុធ ក្រោម​ថ្វី​ជើង​របស់​ក្រុម Liverpool តែ​គ្មាន​សញ្ញា​ណាមួយ ដែល​បង្ហាញ​នូវ​ការ​នឿយ​​ហត់​ពី​កូនក្រុម​ក្មេងៗ​របស់លោក​ឡើយ កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ពួកគេ អាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម Villa បាន នៅ ៤៥ ​នាទី​ដំបូង​។​

​គ្រូបង្វឹក​របស់​ក្រុម​ម្ចាស់ផ្ទះ Villa លោក Steven Gerrard បាន​និយាយថា​៖ «​វា​មាន​ភាព​តឹងតែង​មែនទែន នៅ​វគ្គ​ទី១ ដោយសារ​ពួកយើង​បាន​បណ្ដោយឱ្យ​វា​មាន​ភាព​តាន​​តឹង​ដោយ​ខ្លួនឯង​។ ទម្រង់​លេង​របស់​យើង ខ្វះ​នូវ​ភាពជឿ​​ជាក់​។ វា​នៅ​មិនទាន់​ដល់​ពាក់​​កណ្តាល​ម៉ោង​ទេ យើង​បាន​បង្ហាញថា យើង​អាច​ប្រសើរ​​ជាង ក្នុងការ​ប្រកួត​នេះ​»​។​

​ជាមួយគ្នា​ដែរ​នេះ សម្រាប់​ក្រុម​ភ្ញៀវ ខ្សែបម្រើ Emile Smith Rowe បាន​វិល​មក​មានឈ្មោះ នៅក្នុង​ចំណោម​កីឡាករ​ជម្រើស​ដំបូង​វិញ ជា​ម្នាក់ក្នុងចំណោម​កីឡាករ ២​ រូប ដែល​ត្រូវបាន​ផ្លាស់ប្ដូរ ខណៈ​ខ្សែប្រយុទ្ធ Gabriel Martinelli និង​អ្នកចាំទី Aaron Ramsdale ត្រូវ​អវត្តមាន ដោយសារ​មាន​ជំងឺ និង​របួស​រៀងៗ​ខ្លួន​៕ AFP/VN