​ក្រុង​ប្រ៊ី​ស​ប៊េ​ន​: នាង Ashleigh Barty បាន​និយាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាង​នឹង​ដកខ្លួន​ពី​តារាង​ចំណាត់ថ្នាក់ WTA (​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ផ្នែក​នារី​) បន្ទាប់ពី​ប្រកាស​ការចូលនិវត្តន៍រ​បស់​នាង ដោយ​នេះ នឹង​បើកផ្លូវ​ឱ្យ​កីឡាការិនី​សញ្ជាតិ​ប៉ូឡូញ Iga Swiatek ក្លាយជា​កីឡាការិនី​លេខ​ ១ ពិភពលោក​។​

​កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី Barty ដែល​បានឈ្នះ​ពាន​លំដាប់ Grand Slam ៣ ​សម័យកាល បាន​កាន់កាប់​តំណែង​លេខ​ ១ អស់​រយៈពេល​ជាង ២​ ឆ្នាំ តែ​បានធ្វើឱ្យ​ពិភព​កីឡា​វាយ​កូន​បាល់ (​តិ​ន្នី​ស​) មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​ថ្ងៃ​ពុធ ដោយ​ការទម្លាក់​ដង​រ៉ាកែត​ចុះ (​ឈប់​លេង​) ក្នុង​វ័យ​ត្រឹមតែ ២៥ ​ឆ្នាំ​ប៉ុណ្ណោះ​។​

​កីឡាការិនី Swiatek វ័យ ២០ ​ឆ្នាំ មាន​គម្លាត​យ៉ាង​ធំ​ដល់​ទៅ ២ ២០៤​ ពិន្ទុ តាម​ពីក្រោយ​កីឡាករ Barty តែ​នឹងមាន​កីឡាការិនី​លេខ​ ១ ថ្មី​របស់​ពិភពលោក នៅ​ថ្ងៃ​ចន្ទ​នេះ នៅពេលដែល​បញ្ជី​ចំណាត់ថ្នាក់​ថ្មី ត្រូវ​ចេញ ហើយ​អ្នក​ឈរ​នៅ​លេខ​ ២ ស្ថិតក្នុង​ទីតាំង ដែលមាន​អាទិភាព​ចម្បង​។​

​កីឡាការិនី Swiatek ដែល​ទទួលបាន​ភាពល្បីល្បាញ ដោយ​ការ​ឈ្នះ​ពានរង្វាន់ក្នុង​កម្មវិធី French Open 2020 និង​ដែល​បានបង្ហាញ​នូវ​ទម្រង់​លេង​យ៉ាង​នឹងនរ​គួរឱ្យ​កត់​​សម្គាល់​នោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅឯ​កម្មវិធី Miami Open ថា នាង​កំពុង​ព្យាយាម​មិន​គិតពី​វា (​រឿង​ចំណាត់ថ្នាក់​) ច្រើនពេក​ទេ​។​

«​ពួកគេបាន​និយាយថា ខ្ញុំ​ប្រហែលជា​អាច​នឹង​ក្លាយជា​អ្នក​​លេខ​ ១ ពិភពលោក​។ និយាយ​តាម​ត្រង់ នៅពេលដែល​យើង​ពិតជា គិតពី​ស្ថានភាព និង​នៅពេលដែល​យើង​អាន​គ្រប់​ព័ត៌មាន​ទាំងអស់ ច្បាប់​គ្រប់យ៉ាង​ទាំងអស់ ដែល​អាច​នឹង​មានការ​ពាក់ព័ន្ធ​នោះ យើង​បានដឹងថា ដោយ​ជាក់ស្ដែង វា​មិន​មានន័យ​អ្វី ក្នុង​ការគិត​អំពី​វា នាពេលនេះ​ទេ ព្រោះ​យើង​មាន​ពេល​ខ្លី​ណាស់ ដើម្បី​ត្រៀមខ្លួន សម្រាប់​ការប្រកួត​ផ្សេងទៀត​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Swiatek​។​

​បច្ចុប្បន្ន កីឡាការិនី Swiatek កំពុង​នាំមុខ​ដាច់ ៦៩១​ ពិន្ទុ លើ​កីឡាការិនី​លំដាប់​ទី​៣ Maria Sakkari របស់​ប្រទេស​ក្រិ​ក ក្រោយពី​បាន​លើក​ពាន ក្នុង​កម្មវិធី Indian Wells កាលពី​សប្តាហ៍​មុន ដែលជា​ពាន​ទី​២ របស់​នាង ក្នុងការ​ប្រកួតប្រជែង​ជាច្រើន បន្ទាប់ពី​ជោគជ័យ​របស់​នាងនៅ​ទីក្រុង​ដូ​ហា កាលពី​ខែកុម្ភៈ​៕ AFP/VN