​ក្រុងប៉ារីស​: កីឡាការិនី​បម្រុង Agnese Bonfantini ជួយ​ជំរុញ​ឱ្យ​ក្រុម​នារី Juventus មានជ័យ​ជម្នះ ២-១ លើ​ក្រុម​នារី Lyon សម្រាប់​ការប្រកួត​ជើង​ទី​១ នៃ​ក្របខ័ណ្ឌ Champions League វគ្គ ៨ ​ក្រុម​ចុង​​ក្រោយ កាលពី​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​នារី​កាំភ្លើង​ធំ Arsenal ត្រូវការ​គ្រាប់​បាល់ នៅ​ដង្ហើមចុងក្រោយ ដើម្បី​បាន​ស្មើ ១-១ ក្នុងផ្ទះ​ឯង ជាមួយនឹង​ក្រុម​នារី Wolfsburg​។​

​ក្រុម​ម្ចាស់​ជើងឯកនៅ​អឺរ៉ុប ៧ ​សម័យ​​កាល Lyon គឺជា​អ្នកមាន​គ្រាប់​បាល់​នាំមុខ​មុន សម្រាប់​ការប្រកួត ក្នុង​ទីក្រុង​ទូ​រី​ន (Turin) តាមរយៈ​គ្រាប់​បាល់ ដែល​ធ្វើបាន​សម្រេច​ដោយ​ការ​តែ​តរបស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Catarina Macario ហើយ​ជា​ក្រុម ដែល​ត្រូវបាន​ចាត់ទុកថា មាន​សិទ្ធិ​ខ្ពស់​ជាងគេ ក្នុង​ការលើក​ពាន​នេះ ខណៈដែល​ពួកគេបាន​គ្រប់គ្រង​ស្ទើរ​ទាំង​​ស្រុង នៅ​ដើមដំបូង​នៃ​ការប្រកួត​។​

​តែ​ក្រុម​ដ៏​មាន​ឥទ្ធិពល​ទៅ​ពី​បារាំង​មួយ​នេះ ត្រូវ​លេង​ត្រឹមតែ​គ្នា ១០ ​នាក់ ក្រោយ​ការប្រកួត​ដំណើរការ​ទៅបាន ១ ​ម៉ោង និង ២ ​នាទី ពេល​កីឡាការិនី Ellie Carpenter ត្រូវបាន​ពិន័យ​កាត​ក្រហម​។​

​ដោយ​ទើបតែ​បាន​កកើត កាលពី ៥​ ឆ្នាំមុន ក្រុម​នារី​របស់​អ៊ី​តា​លី​នេះ មិន​ធ្លាប់​មានមុខ​ក្នុងដំណាក់កាលនៃ​ក្របខ័ណ្ឌ Champions League នោះឡើយ តែ​ក្រុម​អ្នកគាំទ្រ​ដ៏​រស់​រវើក ដែលមាន​វត្តមាននៅក្នុង​កីឡដ្ឋាន Juventus ជួយ​ជំរុញ​ឱ្យ​ពួកគេ​បន្តដំណើរ​ទៅមុខ​។​

​ការបញ្ចប់​ទី​យ៉ាង​ពេញកម្លាំង បាន​ធានាឱ្យមាន​គ្រាប់​បាល់​ស្មើគ្នា ពេល​ខ្សែប្រយុទ្ធ Cristiana Girelli មានឱកាស​ទម្លុះ​សំណាញ់​ទី ដោយ​ការទា​ត់បាល់ ដែល​របូត​ពី​អ្នកចាំទី Sarah Bouhaddi នៅ​នាទី​ទី​៧១ មុន​ការ​ស៊ុត​ដ៏​ស្អាត​ពី​កីឡា​ការ​រិ​នី Bonfantini នៅ​នាទី​ទី​៨១ បាន​ជួយ​ផ្ដល់ឱ្យ​ក្រុម Juve នូវ​ជោគជ័យនា​យប់នោះ​។​

«Lyon គឺជា​ក្រុម​ល្អ​បំផុត​ក្នុង​លោក ទាំង​ផ្នែក​បច្ចេកទេស​ផ្ទាល់ខ្លួន​របស់​អ្នកលេង និង​ទាំង​ផ្នែក​ការលេង​ជា​ក្រុម​។ ការពិន័យ​កាត​ក្រហម​នោះ នាំឱ្យ​ពួកយើង​មានប្រៀប តែ​ខ្ញុំ​ឃើញ​សញ្ញា​នោះ​រួចហើយ ដោយ​យើង​ចាប់ផ្ដើម​ទាញយក​ប្រយោជន៍ នៃ​ការប្រើ​ចន្លោះ​ទំនេរ​បានល្អ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម​នារី Juve លោក Joe Montemurro​។​

​នៅឯ​កីឡដ្ឋាន Emirates ក្នុង​ក្រុង​ឡុង​ដ៍ កីឡាការិនី Tabea Wassmuth បាន​ជួយ​ឱ្យ​ក្រុម Wolfsburg នាំមុខ​ក្រុម Arsenal នៅ​នាទី​ទី​១៩ ដោយ​ការ​តែ​ត​នូវ​គ្រាប់​បាល់ ដែល​លើក​ចូល​តំបន់​គ្រោះថ្នាក់​ពី​ខ្សែការពារ Maria-Joelle Wedemeyer​។ នោះ​ជា​គ្រាប់​បាល់​ទី​៩ របស់​នាង ហើយក៏​ជា​គ្រាប់​​បាល់ នាំឱ្យ​កីឡាការិនី​សញ្ជាតិ​អាល្លឺម៉ង់ បន្ត​ឈរលើ​គេក្នុង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បំផុត នៃ​កម្មវិធី​នេះ​។​

​ក្រុម​ម្ចាស់ផ្ទះ Arsenal ដែល​ព្យាយាម​សម្រុក​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​បាន​គ្រាប់​បាល់​ស្មើ​វិញ​នោះ ចុងក្រោយក៏​ទទួលបាន​ផល ពេលដែល​ខ្សែការពារ Lotte Wubben-Moy បំប៉ោង​សំណាញ់​ទី​បានសម្រេច នៅ​នាទី​ទី​៨៩ ដោយ​ការរត់​ទៅ​ទាក់​បាល់ ពី​ការ​ទាត់ហ្វ្រ៊ី​ឃិ​ករ​បស់​កីឡាការិនី​សញ្ជាតិ​អាមេរិក Tobin Heath​។​

«​វា​ជាការ​បញ្ចប់​ទី​ល្អ​ណាស់ ពោល​គឺជា​ពេលវេលា​ពិសេស​ណាស់ សម្រាប់​រូបនាង ដែល​មក​កីឡដ្ឋាន​នេះ ហើយ​ស៊ុត​បញ្ចូល​ទី​នូវ​គ្រាប់​បាល់​សំខាន់​ដូចនេះ​»​។ នេះ​ជាការ​​លើកឡើង​ពី​អ្នកចាត់ការ​ក្រុម Arsenal លោក Jonas Eidevall ដែល​សរសើរ​កីឡាការិនី Wubben-Moy ដែលជា​សមិទ្ធផល​យក​ចេញពី​ក្រុមយុវជន​៕ AFP/VN