​ក្រុង​ឡុង​ដ៍​: អ្នកគាំទ្រ​ក្រុម Chelsea នឹង​អាច​ចូលរួម​មើល​ការប្រកួត នៅ​ក្របខ័ណ្ឌ Champions League និង​កម្មវិធី FA Cup សម្រាប់​រដូវ​កាល​នៅសល់ ក្រោម​លក្ខ​ខណ្ឌ នៃ​អាជ្ញាប័ណ្ណ​ថ្មី ដែល​ត្រូវបាន​ផ្តល់​ដល់​ក្លិប ដោយ​រដ្ឋា​ភិ​បាល​ចក្រភព​អង់គ្លេស​។​

​ក្លិប​ជើងឯក​អឺរ៉ុប បានទទួល​រង​នូវ​ការ​រឹតបន្តឹង​ជា​បន្តបន្ទាប់ តាំងពី​ម្ចាស់​ក្លិប​លោក Roman Abramovich ត្រូវបាន​រដ្ឋា​​ភិ​បាល​អង់គ្លេស​ដាក់ទណ្ឌកម្ម ដោយ​ចោទថា គាត់​មាន​ទំនាក់​​ទំនង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។ ក្នុងចំណោម​ការ​រឹតបន្តឹង​នោះ គឺ​ការ​​ហាមឃាត់​លើ​ការលក់​សំបុត្រ ដែល​មិន​ត្រូវបាន​ទិញ នៅមុន​មានការ​ដាក់ទណ្ឌកម្ម នា​ថ្ងៃទី ១០ ខែមីនា​។​

Chelsea ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Real Madrid សម្រាប់​ជំនួប​ជើង​ទី​១ នៃ​ការ​​ប្រកួតនៅ Champions League វគ្គ ៨ ​ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី ​៦ ខែមេសា និង​ប៉ះ​ក្រុម Crystal Palace ក្នុង ៤ ​ក្រុម​ចុងក្រោយ នៅ FA Cup នា​ថ្ងៃទី​ ១៧ ខែមេសា ក្នុង​ពហុ​​កីឡដ្ឋាន Wembley​។​

​អាជ្ញាប័ណ្ណ​ថ្មី​នេះ អនុញ្ញាត​ឱ្យមាន​ការលក់​សំបុត្រ សម្រាប់​ការប្រកួត​ទាំងនោះ និង​ហ្គេម​នានា​បន្ថែមទៀត ទាំង​នៅ Champions League, FA Cup ឬក៏ Women''s Super League (​ការប្រកួត​របស់​នារី​) ដោយ​ប្រា​ក់បាន​ពី​ការប្រកួត​នោះ នឹងត្រូវ​ផ្ដល់ឱ្យ​អ្នករៀបចំ​ការប្រកួតដែល​ពាក់ព័ន្ធ​។​

​ជាមួយគ្នានេះ អ្នក​ហែហម​របស់​ក្រុម​តោ​ខៀវ នឹង​អាច​ទិញ​ផងដែរ​ចំពោះ​សំបុត្រ សម្រាប់​ហ្គេម នៅក្រៅ​ផ្ទះ ក្នុង​ក្របខ័ណ្ឌ Premier League និង​លក់​សំបុត្រ​ឱ្យ​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ សម្រាប់​ហ្គេម​លី​គ ក្នុងផ្ទះ​របស់ខ្លួន តែ​ក្លិប​នៅ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​លក់​សំបុត្រ​ថ្មី​ដល់​អ្នកគាំទ្រក្នុង​ទឹកដីសម្រាប់​ការប្រកួតក្នុង​លី​គ​ឡើយ​។​

«​ថ្ងៃនេះ រដ្ឋាភិបាល​បាន​ផ្លាស់​​ប្តូរ​អាជ្ញាប័ណ្ណ សម្រាប់​ក្លិប​បាល់​​ទាត់ Chelsea ដើម្បី​អាច​អនុញ្ញាតឱ្យ​អ្នកគាំទ្រ ទិញ​សំបុត្រ​ចូល​មើល​ការប្រកួត នៅក្រៅ​ទឹកដី ដូចជា​ហ្គេមនៅ​ខាប់ និង​ការប្រកួត​ផ្នែក​នារី​»​។ នេះ​ជាការ​ឱ្យដឹងពី​សំណាក់​រដ្ឋមន្ត្រី​កីឡា​របស់​ចក្រភព​អង់គ្លេស​លោក Nigel Huddleston​។​

​លោក​រដ្ឋមន្ត្រី​រូបនោះ បាន​បន្ថែមថា​៖ «​ចាប់តាំងពី​លោក Abramovich ត្រូវដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ចក្រភព​អង់គ្លេស ដោយសារ​ទំនាក់ទំនង​របស់គាត់​ជាមួយ​លោក Putin យើង​បាន​ប្រឹង​​ប្រែង​យ៉ាង​ខ្លាំងក្លា ដើម្បី​ធានាបាន​ថា ក្លិប​អាច​បន្ត​ការប្រកួត​បាល់ទាត់​រប​ស់​ខ្លួន​បាន​»​។​

​ក្រុមហ៊ុនមេ Fordstam Limited របស់ Chelsea ក៏ត្រូវ​បានអនុញ្ញាត​ដែរ​ឱ្យ​បញ្ចេញ​ទឹកប្រាក់​ដល់​ទៅ ៣០ ​លាន​ផោន ($៣៩​ លាន​) ទៅ​ក្លិប ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ រហូតដល់​បញ្ចប់​រដូវ​កាល​នេះ​។​

​កាលពី​រដូវ​កាល​មុន ក្រុម Chelsea មាន​វិក្កយបត្រ​ប្រាក់​ឈ្នួល​ចំនួន ២៨ ​លាន​ផោន (​ជិត $៣៧ ​លាន​) ក្នុង ១ ​ខែ ហើយ​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស បាន​ព្រមាន​ថា ក្លិប​ប្រហែលជា​មិនអាច​ទប់ដល់​ចប់​រដូវ​កាល​បានឡើយ​៕ AFP/VN