ក្រុង​អាំ​ស្ទែរ​ដាំ​: កីឡាករ Christian Eriksen បាន​ស៊ុត​បញ្ចូល​ទី នៅ​ថ្ងៃ​ដែល​រូបគេ​ត្រឡប់​មកលេង​ការប្រកួត​បាល់​​ទាត់​អន្តរជាតិ​វិញ បន្ទាប់ពី​កើតមាន​អាការ​គាំងបេះដូង កាលពី​ឆ្នាំមុន ក្នុងជំនួប​មិត្តភាព ដែល​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​របស់គេ បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហូ​ឡង់ ៤-២ កាលពី​ថ្ងៃ​សៅរ៍​។​

​មិនតិចជាង​ ៩​ ខែ ពោលគឺ ២៨៧ ​ថ្ងៃ បន្ទាប់ពី​ការ​ដួល​សន្លប់នៅឯ​ព្រឹត្តិការណ៍ Euro 2020 កីឡាករ Eriksen បានបង្រួញ​ឱ្យមាន​ការ​ត្រឡប់មកវិញ​ដ៏​គួរឱ្យកត់សម្គាល់ នៅឯ​កីឡដ្ឋាន Johan Cruyff Arena ក្នុង​ទីក្រុង​អាំ​ស្ទែរ​ដាំ​។​

​ដោយមាន​ការ​ទះដៃ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ និង​អ្នកចាត់ការ​របស់​ក្រុម​ហូ​ឡង់ លោក Louis van Gaal នៅពេល​រូបគេ​ចុះ​ពី​កៅអី​កីឡាករ​​បម្រុង កីឡាករ Eriksen បាន​លើកដៃ​ចង្អុល​ទៅលើ​មេឃ ក្នុងន័យ​ធ្វើការ​អរគុណ​ដល់​សំឡេងគាំទ្រ និង​ការ​បាន​វិល​មកកាន់​ទីលាន ក្នុង​ឯកសណ្ឋាន​របស់​ក្រុម​ជម្រើសជាតិ​វិញ​។​

២​ នាទី​ បន្ទាប់ពី​ត្រូវបាន​ដូរ​ចូលក្នុង​តង់​ទី​២ ខ្សែបម្រើ​របស់​ក្រុម Brentford ក្រោយមក បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ជាមួយនឹង​ការ​ទាត់​យ៉ាង​ពេញកម្លាំង ដែល​នោះ​ជា​គ្រាប់​ទី​៣៧ របស់គេ​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក ក្នុងការ​បង្ហាញខ្លួន ១១០​ ដង ហើយ​គ្រាប់​​បាល់​នោះ ធ្វើឱ្យ​រូបគេ​សប្បាយ​​ចិត្តជា​ខ្លាំង ដែល​អាចជួយ​បន្ថយ​ការនាំ​មុខ​របស់​ក្រុម​ហូ​ឡង់​មក ៣-២​។​

​កីឡាករ Eriksen បាន​ប្រាប់​ទូរទស្សន៍​នៅ​ហូ​ឡង់​ថា​៖ «​ខ្ញុំ​រីករាយក្នុងការ​បង្ហាញថា ខ្ញុំ​នៅតែ​អាច​លេង​បាន​។ វា​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​មិនដែល​ឃ្លាតឆ្ងាយ​ពី​ក្រុម​នោះឡើយ​។ វា​មាន​អារម្មណ៍​រំជួលចិត្ត​តិចតួច ក្នុងការ​បាន​វិលត្រឡប់​មកកាន់​ក្រុម​ជម្រើសជាតិ​វិញ តែ​ខ្ញុំ​ស្ទើរតែ​មិនបាន​ខកខាន ក្នុងការ​ប្រកួត​ណាមួយ​ឡើយ ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ ដូច្នេះ ខ្ញុំ​ដូច​​ជា​ផ្នែក​១ នៃ​គ្រួសារ​នេះ​»​។​

​កីឡាករ Eriksen ទទួលបាន​ការអបអ​រ​ពី​សំណាក់​មិត្ត​រួម​ក្រុម ដែល​ភាគច្រើនមាន​វត្តមាន នៅពេល​កីឡាករ​វ័យ ៣០ ​ឆ្នាំ កើតមាន​អាការ​គាំងបេះដូង អំឡុង​ហ្គេម​បើកឆាក នៃ​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​អឺរ៉ុប​របស់​ក្រុម​ដា​ណឺ​ម៉ាក ទល់នឹង​ក្រុម​ហ្វាំ​ង​​ឡង់ ក្នុង​ក្រុង​កូ​ប៉ិន​ហាក កាល​​ពី​ខែមិថុនា​។​

Eriksen ត្រូវបាន​សង្គ្រោះនៅលើ​ទីលាន ដោយ​ដេក​សន្លប់​អស់​ជាច្រើន​នាទី ខណៈ​អ្នក​គាំទ្រក្នុង​កីឡដ្ឋានស្រឡាំងកាំង ហើយ​អ្នកមើល​តាម​ទូរទស្សន៍​រាប់លាន​នាក់​ជុំវិញ​ពិភពលោក រន្ធត់​នឹង​រូបភាព​នោះ​។​

Eriksen បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ នៅឯ​មន្ទីរពេទ្យ ហើយ​បាន​បំពាក់​ឧបករណ៍​ដើម្បី​គ្រប់គ្រង​ចង្វាក់បេះដូង ដែល​នេះ​នាំឱ្យមាន​ការផ្ដាច់​កិច្ច​សន្យា​ជាមួយ​ក្រុម Inter Milan ដោយមាន​ការព្រមព្រៀង​ទាំង​​សងខាងក្នុង​ខែធ្នូ ដោយសារ​កីឡាករ ដែល​បំពាក់​ឧបករណ៍​បែប​ហ្នឹង មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ប្រកប​អាជីពនៅ​អ៊ី​តា​លី​នោះឡើយ​៕ AFP/VN