ក្រុង​ឡុង​ដ៍​: លោក Gareth Southgate បាន​លើកឡើងថា កីឡាករ Harry Kane សម​នឹង​បាន​ឈរ ក្នុងចំណោម​កីឡាករ​ឆ្នើមៗ​គ្រប់​កាល​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ ទៅកាន់​តែ​កៀក​នឹង​ការ​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​បំផុត​ជា​កំណត់ត្រា​របស់​ក្រុម​តោ​កំណាច ជាមួយនឹង​ការ​​ទាត់​បាល់​ប៉េ​ណា​ល់​ទី សម្រេច ១ ​គ្រាប់ ក្នុង​ជ័យជម្នះ ២-១ លើ​ក្រុម​ស្វ៊ី​ស ក្នុងជំនួប​មិត្តភាព កាលពី​ថ្ងៃ​សៅរ៍​។​

​កីឡាករ Kane បាន​ទម្លុះ​សំណាញ់​ទី ដោយ​ការទា​ត់បាល់​ពិន័យ ១១ ​ម៉ែត្រ នៅ​ចុង​ម៉ោង នៃ​វគ្គ​ទី២ ក្នុងការ​​ប្រកួតនៅឯ​ពហុ​កីឡដ្ឋាន Wembley ដែល​ធ្វើឱ្យ​ចំនួន​គ្រាប់​បាល់​សរុប​ក្នុង​ក្រុម​អង់គ្លេស​របស់គេ​ឡើងដល់ ៤៩​ គ្រាប់ ដោយ​ចំនួន​នេះ នាំឱ្យ​រូបគេ​ឡើងទៅ​នៅ​ពីលើ​លោក Gary Lineker និង​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ស្មើ​ជាមួយ​លោក Bobby Charlton​។​

​មានតែ​អតីត​កីឡាករ គឺ​លោក Wayne Rooney ដែល​រក​គ្រាប់​បាល់​បាន ៥៣ ​គ្រាប់​ប៉ុណ្ណោះ ទម្លុះ​សំណាញ់​ទី​បាន​ច្រើនដង​ជាងគេ​បំផុត សម្រាប់​ក្រុម​អង់គ្លេស ហើយ​វា​នឹង​នាំឱ្យមាន​ការភ្ញាក់ផ្អើល​តិចតួច ប្រសិនបើ​កីឡាករ Kane អាច​បំបែក​កំណត់ត្រានៅ​ចុង​ឆ្នាំនេះ​។​

​កីឡាករ​ប្រធាន​ក្រុម​អង់គ្លេស Kane ដែល​បានបង្ហាញ​ខ្លួន​លក្ខណៈ​​អន្តរជាតិ​លើកដំបូង កាលពី ៧ ​ឆ្នាំមុន ក្នុង​ខែ​នេះ ធ្វើបាន​ចំនួន ៤៩ ​គ្រាប់​នេះ ជាមួយនឹង​ការចូល​លេង​តែ ៦៨ ​លើក​ប៉ុណ្ណោះ ខណៈដែល​អតីត​វីរបុរស​របស់​ក្រុម​បិសាច​ក្រហម Manchester United លោក Charlton បាន​ចូល​លេង ១០១ ​ដង ដើម្បី​ធ្វើបាន​ក្នុង​ចំនួន​នោះ​។​

​ឈ្មោះ​ទាំងអស់ដែល​គាត់​ស្ថិតក្នុង​ចំណោម​នោះដែរ គឺជា​រឿង​ពិសេស​អស្ចារ្យ​ណាស់​។ គេ​នឹង​ពេញចិត្ត​ចំពោះ​ប្រវត្តិសាស្ត្រ​នោះ ហើយ​វា​នឹងមាន​អត្ថន័យ​ខ្លាំងណាស់​ចំពោះ​រូប​​គេ​។ អ្នក​ត្រូវតែ​និយាយថា គេ​នឹងមាន​សិទ្ធិ​ខ្ពស់ ក្នុងការ​ធ្វើ​រឿង​នោះ​។ ខ្ញុំ​មិន​ចង់​ដាក់​បណ្ដាសា ដោយ​ការនិយាយ​អ្វី​បន្ថែមទៀត​ទេ​»​។ នេះ​ជាការ​លើក​​ឡើង​របស់​គ្រូបង្វឹក​អង់គ្លេស លោក Southgate​។​

​លោក Southgate បន្ថែមថា​៖ «​ខ្ញុំ​ចង់ឱ្យ​រូបគេ​បំបែក​កំណត់ត្រានៅ​ជុំ​ចុងក្រោយ ក្នុង​ព្រឹត្តិការណ៍ World Cup​។ បើ​គេ​សម្រេច​វា​មិនបាន​មុន​ទេ នោះ​មនុស្ស​ជាច្រើន នឹង​និយាយថា គេ​មិនគួរ​មាន​វត្តមាន ក្នុង​ក្រុម​នោះឡើយ​។ គេ​មាន​ភាពស្ងប់ស្ងាត់​ណាស់​ពី​រឿងនេះ​។ គេ​មាន​ទំនុកចិត្ត​ថា គេ​អាច​សម្រេចបាន ព្រោះ​គ្រាប់​បាល់​របស់គេ​ជា​កំណត់ត្រាក្នុង ១ ​ហ្គេម គឺ​ល្អ​មិនធម្មតា​ឡើយ​»​។​

លោក Southgate (ស្ដាំ) របស់អង់គ្លេស ចាប់​ដៃ​ជាមួយ Kane​ ពេលដូរ​ចេញ ក្នុងហ្គេមមិត្តភាព។ AFP

​ទោះបីជា Kane សារភាពថា រូបគេ​ចង់​បំបែក​កំណត់ត្រា​របស់លោក Rooney ក៏ដោយ ក៏​វា​គឺ​មេដាយ​ជយលាភី World Cup ដែល​រកបាន​ដោយ​លោក Charlton ក្នុង​ឆ្នាំ ​១៩៩៦ ឯណោះ​ទេ ដែល​មានន័យ​បំផុត​សម្រាប់​ស៊ុប​ភើ​ស្តារ​របស់​ក្រុម Tottenham Hotspur រូបនេះ​។​

«​ខ្ញុំ​តែងតែ​និយាយថា វា​ជា​រឿង​ដ៏​អស្ចារ្យ ក្នុងការ​បានរួម​ក្រុម​ជាមួយ​អ្នក​ទាំងនោះ​។ ខ្ញុំ​មាន​មោទនភាព ក្នុងការ​បានធ្វើ​បែប​នោះ (​សម្រេច​កំណត់ត្រា​) និង​បានក្លាយ​ជាមា្ន​ក់ ក្នុងចំណោម​ឈ្មោះ​នៃ​អ្នក​ទាំងនោះ​។ វា​ជា​ឆ្នាំ​ដ៏​មាន​អត្ថន័យ​មួយ នា​ខាង​​មុខ​នេះ និង​ជា​ឱកាស ក្នុងការ​បាន​រក​គ្រាប់​បាល់​បន្ថែម​។ យើង​រង់ចាំ​មើលថា នឹងមាន​អ្វី​កើតឡើង​»​។ កីឡាករ Kane បានលើកឡើង​។​

​កីឡាករ Kane នឹងមាន​ឱកាសដើម្បី​បាន​ជួយ​បញ្ចប់​ការទន្ទឹងរង់ចាំដ៏​យូរ​របស់​ក្រុម​អង់គ្លេស ក្នុងការ​បាន​យកដៃ​ទៅកាន់​ពានរង្វាន់​ដ៏​ធំ នៅ​ប្រទេស​កាតា នា​ចុង​ឆ្នាំនេះ តែ​ក្រុម​របស់លោក Southgate នៅតែ​បន្ត​មាន​ការងារ​ជាច្រើន​ទៀត បន្ទាប់ពី​មាននូវ​ទម្រង់​លេង​មិនជា​គួរឱ្យ​ទុក​ចិត្តបាន​។​

​ជាមួយ​រយៈពេល​ត្រឹមតែ ៨ ​ខែ រហូតដល់​ព្រឹត្តិការណ៍ World Cup ដំណើរការ លោក Southgate បាន​ប្រើប្រាស់​ហ្គេម​ដំបូង​របស់​អង់គ្លេស ក្នុង​ឆ្នាំ ​២០២២ ដើម្បី​ធ្វើការ​ដក​បទ​​ពិសោធ ហើយ​លទ្ធផល គឺមាន​ចំណុច​ខ្វះខាត ក្នុង​រយៈពេល​យ៉ាង​​យូរនៃ​ការប្រកួត​នេះ​។​

​ខ្សែប្រយុទ្ធ Breel Embolo ជា​អ្នក​ជួយ​ឱ្យ​ក្រុម​ស្វី​ស​នាំ​មុខមុននៅ​វគ្គ​ទី១ ដែល​ក្រុម​ភ្ញៀវ​មានប្រៀប​ជាខ្លាំង មុនពេល​ខ្សែការពារ Luke Shaw ស៊ុត​ឱ្យមាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ហើយ​កីឡាករ Kane បាន​ជួយ​ស្រោចស្រង់​មុខមាត់​របស់​ក្រុម​ម្ចាស់​​ផ្ទះ ខណៈដែល​លោក Southgate នឹង​សង្ឃឹមថា នេះ​គ្រាន់តែ​ការធ្លាក់ចុះ​ដ៏​កម្រ​របស់​ក្រុម​ជើងឯក​រង Euro 2020 ដែល​ត្រូវ​ទទួល​ក្រុម​កូត​ឌី​វ័រ ក្នុងជំនួប​មិត្ត​មួយទៀត នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​៕ AFP/VN