ក្រុងប៉ារីស​: ក្រុម​ជម្រើសជាតិ​​ព័រ​ទុយ​ហ្គា​ល់ បាន​ព្រមាន​យ៉ាងច្បាស់ៗ និង​ជាក់ស្ដែង​ថា មិន​ទទួល​​យក​ការគំរាមកំហែង​របស់​ក្រុម​ម៉ា​សេ​ដ្វា​ន​ខាងជើង (​ម៉ា​សេ​ដ្វា​ន​) នោះឡើយ ខណៈដែល​ពួកគេ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​អ្នក​ទម្លាក់​អ៊ី​តា​លី ក្នុងការ​ប្រកួត​សម្រេច​ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អឺរ៉ុប នា​ថ្ងៃ​អង្គារ​នេះ ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅលេង ក្នុង​ព្រឹត្តិការណ៍ World Cup​។​

​ប្រជាជាតិ​បាល់​កង់ (Balkan) មួយ​នេះ បានធ្វើឱ្យ​ក្រុម​អ៊ី​តា​លី​ស្ទើរ​ដាច់ដង្ហើម​លើ​ទីលាន ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ នៅ​ក្រុង​ប៉ា​លើ​ម៉ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ដោយ​ការយក​ឈ្នះ ១-០ ជាមួយនឹង​គ្រាប់​បាល់​របស់​ខ្សែ​​ប្រយុទ្ធ Aleksandar Trajkovski នៅក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​មាន​របួសក្នុង​វគ្គ​ទី​២ ដែល​លទ្ធផល​នោះ​មានន័យថា ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប មិនអាច​ទៅ​បង្ហាញមុខនៅ World Cup ជា​លើក​ទី​២ ជាប់ៗ​គ្នា​។​

​ក្រុម​ព័រ​ទុយ​ហ្គា​ល់​របស់​ស៊ុប​ភើ​ស្តារ Cristiano Ronaldo ដែល​ធ្វើបាន​មុន​ក្រុម​អ៊ី​តា​លី ក្នុងការ​បានក្លាយ​ជា​ជើងឯក​អឺរ៉ុប ក្នុង​ឆ្នាំ ​២០១៦ ប្រហែលជា​កំពុង​ត្រៀមខ្លួន សម្រាប់​ការរំពឹងទុកនៃ​ការប្រកួតក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម «Azzurri» (​ពណ៌​ខៀវ​) រួចរាល់​ហើយ តែ​ផ្ទុយទៅវិញ ក្រុម​ម៉ា​សេ​ដ្វា​ន​ឯនេះ​ទេ នឹង​ក្លាយជា​ភ្ញៀវ ដែល​ធ្វើដំណើរ​មកកាន់​កីឡដ្ឋាន Estadio do Dragao ក្នុង​ទីក្រុង​ព័រ​តូ ដោយ​ក្រុម​ឈ្នះ នឹង​បាន​ជិះ​យន្ដហោះ​ទៅកាន់​ប្រទេស​កាតា​។​

«​នាពេល​បច្ចុប្បន្ននេះ បាល់ទាត់​មាន​លក្ខណៈ​ខុសប្លែកគ្នា​។ អ្នកណា​ក៏​ឈ្នះ​បានដែរ​។ ឈ្មោះ តួលេខ និង​ស្ថិតិ មិន​សំខាន់​ទេ​»​។ នេះ​ជាស​ម្ដី​ព្រមាន​ពី​ខ្សែបម្រើ​វ័យ​ចំណាស់ Joao Moutinho នៅពេល​ត្រូវបាន​សួរ​ពី​ការ​ប្រឈម​ជាមួយ​ប្រទេសមួយ ដែលមាន​ចំនួន​ប្រជាជន ២​ លាន​នាក់​។​

​ក្រុម​ព័រ​ទុយ​ហ្គា​ល់ បាន​រួច​ផុតពី​រឿង​ភ្ញាក់ផ្អើល ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម​តួ​ក​គី ៣-១ ក្នុង​វគ្គ ៤ ​ក្រុម​ចុងក្រោយ ដោយ​ពួកគេ​ស្ទើរតែ​ធ្វើឱ្យ​ការនាំ​មុខ ២​ គ្រាប់​របស់ខ្លួន ស្ទើរតែ​បាត់បង់​ទៅហើយ បើ​កុំ​តែ​កីឡាករ Burak Yilmaz ស៊ុត​បាល់​ប៉េ​ណា​ល់​​ទី​នៅ​ចុង​ម៉ោង​អត់​ចូល ដែលជា​ឱកាស​តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ មុនពេល​កីឡាករ Matheus Nunes ធានា​នូវ​ជ័យជម្នះ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​

​ក្រុម​របស់លោក Fernando Santos បាន​បាត់បង់​តំណែង​លេខ ១ រួចហើយ កាលពី​ការប្រកួត​ជម្រុះ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ដោយ​ការ​​របូត​គ្រាប់​បាល់នៅ​នាទីចុងក្រោយ ដែលនាំឱ្យ​ចាញ់​ក្រុម​ស៊ែ​ប៊ី ២-១ នៅផ្ទះ​ខ្លួនឯង កាលពី​ខែវិច្ឆិកា​។​

​សម្រាប់​ក្រុម​ព័រ​ទុយ​ហ្គា​ល់ បរាជ័យក្នុង​ការមិន​ដណ្ដើមបាន​សិទ្ធិ​ទៅ World Cup នឹងមាន​រឿងអាស្រូវ​តិចតួច បើ​គិត​លើ​គុណភាពនៅក្នុង​ក្រុម​របស់​ពួកគេ តែ​សម្រាប់​កីឡាករ Ronaldo ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​អន្តរជាតិ​នាំមុខគេ​គ្រប់​កាល នៅ​វ័យ ៣៧ ​ឆ្នាំ នេះ​ច្បាស់​ណាស់ គឺជា​ព្រឹត្តិការណ៍ World Cup ចុងក្រោយ​របស់​រូបគេ ប្រសិនបើ​ព័រ​ទុយ​ហ្គា​ល់ បាន​ទៅ​បង្ហាញមុខ​នោះ​។​

​ពួកគេ​បាន​ខ្សែការពារ​កណ្ដាល​ពេញ​ដោយ​បទពិសោធ Pepe មក​មានមុខ​ក្នុង​ក្រុម​ជាថ្មី​ម្ដងទៀត បន្ទាប់​ពី​តស៊ូ​ជាមួយនឹង​ជំងឺ​កូ​វីដ ​១៩ ខណៈ​ខ្សែការពារ​ស្លាប Joao Cancelo ក៏​វិល​មកវិញ​ដែរ​៕ AFP/VN