​ក្រុង​តូ​រុ​៉​ន​តូ​: ក្រុម​ជម្រើសជាតិ​កាណាដា ទើបតែ​ដណ្ដើមបាន​សិទ្ធិ​ឡើងទៅ​ជុំ​ចុង​​ក្រោយ ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី​២ កាលពី​ថ្ងៃអាទិត្យ ក្រោយ​យកឈ្នះ​ក្រុម​ហ្សា​ម៉ា​អ៊ី​ក (Jamaica) ក្នុង​លទ្ធផល ៤-០ ហើយ​ការ​កក់​សំបុត្រ​របស់​ពួកគេ​ទៅ​ប្រទេស​កាតា​នេះ គឺជា​បញ្ចប់​នូវ​ការខកខាន និង​ការឈឺចាប់អស់​រយៈ​​ពេល ៣៦ ​ឆ្នាំ​។​

​ខណៈពេលដែល​ក្រុម​កាណាដា ធ្វើ​ពិធី​​អបអរ​នឹង​ការ​បាន​សិទ្ធិ​នេះ ក្រុម​ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​ឯណោះ នឹងត្រូវ​រង់​​ចាំ​នៅ​ប្រកួត​ចុងក្រោយ ដើម្បី​បានដឹង​ពី​ជោគវាសនា​របស់​ពួកគេ បើទោះបីជា​មានជ័យ​ជម្នះ​រួមជាមួយ​នឹង​ក្រុម​កូ​ស្តា​រី​កា ដែល​បាន​បន្ត​រក្សា​ក្តីសង្ឃឹម​ទៅ​កាតា​របស់​ពួកគេ​ឱ្យនៅ​រស់រាន​ផងដែរ​ក៏ដោយ​។​

​ក្រុម​សហរដ្ឋអាមេរិក មាននូវ​ការរួម​​ចំណែក​យ៉ាង​ធំធេង ដោយ​ការ​ធ្វើបាន​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣ ​គ្រាប់​) ពី​ខ្សែបម្រើ Christian Pulisic របស់​ក្រុម​តោ​ខៀវ Chelsea ក្នុង​ជ័យជម្នះ​ដ៏​សន្ធឹកសន្ធាប់​៥-១ លើ​ក្រុម​ភ្ញៀវ​ប៉ា​ណា​ម៉ា ខណៈដែល​ក្រុម​ម៉ិ​ក​ស៊ិ​ក ត្រូវការ​គ្រាប់​បាល់ នៅ​នាទី​ទី៧០ របស់​ខ្សែបម្រើ Edson Alvarez ដើម្បី​អាច​ឈ្នះ ១-០ និង​គេច​ផុតពី​ការ​​លេង​ស្មើ​ដ៏​គួរឱ្យ​អាម៉ាស់​ជាមួយនឹង​ក្រុម​ហុង​ឌូ​រ៉ា​ស ដែល​មិន​ធ្លាប់​ដណ្ដើមបាន ៣ ​ពិន្ទុ​ពី​ការប្រកួត​ជម្រុះ​នេះឡើយ​។​

​ជ័យជម្នះ​សម្រាប់​កាណាដា នាំឱ្យ​ពួក​​គេ​ជា​ក្រុម​លេខ​ ១ ក្នុង​តារាង​ពិន្ទុ សម្រាប់​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់ CONCACAF ដោយមាន ២៨​ ពិន្ទុ ពោលគឺ​នាំមុខ​ដាច់ ៣​ ពិន្ទុ លើ​ក្រុម​លេខ ​២ សហរដ្ឋអាមេរិក និង​ក្រុម​លេខ​ ៣ ម៉ិ​ក​ស៊ិ​ក ហើយ​មាន​គម្លាត ៣ ​ពិន្ទុ​បន្ថែមទៀត​ពីលើ​ក្រុម​លេខ ​៤ កូ​ស្តា​រី​កា ដែល​ឈ្នះ​ក្រុម​អែល​សាល់​វ៉ា​ឌ័​រ ២-១​។​

​ក្រុម​នៅ​ទី​កំពូល​ទាំង ​៣ ទទួលបាន​សិទ្ធិ​ស្វ័យប្រវត្តិ សម្រាប់​ព្រឹត្តិការណ៍ World Cup នៅ​ខែវិច្ឆិកា ដោយ​ក្រុម​បញ្ចប់​ទី​នៅ​ចំណាត់ថ្នាក់​លេខ​ ៤ ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ក្រុម​នៅ​តំបន់​អូ​សេ​អា​នី ដើម្បី​ប្រកួត​វគ្គ​ចាញ់​ធ្លាក់ (Play-off) អន្តរទ្វីប សម្រាប់​ការដណ្ដើម​កៅអី ១​ ទៀត​។​

​ក្រុម​ម៉ិ​ក​ស៊ិ​ក នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​អែល​សាល់​វ៉ា​ឌ័​រ នៅ​ថ្ងៃ​ពុធ ខណៈដែល​សហរដ្ឋអាមេរិក ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​សាន់​ហ្សូ​សេ ដើម្បី​ជួប​ក្រុម​ម្ចាស់ផ្ទះ​កូ​ស្តា​រី​កា ហើយ​ក្រុម​កាណាដា ត្រូវ​បញ្ចប់​យុទ្ធនាការ​របស់​ពួកគេ ជាមួយ​ក្រុម​ប៉ា​ណា​ម៉ា​។ យ៉ាងណា ទាំង​ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ត្រូវការ​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ ដើម្បី​ឆក់​បាន​សិទ្ធិ​ស្វ័យប្រវត្តិ​។​

​បន្ទាប់ពី​បរាជ័យ ក្នុង​ការយក​ឱ្យបាន​នូវ​សិទ្ធិ​ទៅ​ជុំ​ចុងក្រោយ ដោយ​ការប្រកួត​ចាញ់ ១-០ ក្រៅ​ផ្ទះ ក្រោម​ថ្វី​ជើង​ក្រុម​កូ​ស្តា​រី​កា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​កាណាដាបាន​ត្រឡប់មកផ្ទះ​វិញ ជាមួយ​នឹង​គោលបំណង​ថ្មី និង​ឱកាស​បញ្ចប់​កិច្ចការ​របស់ខ្លួន នៅ​ចំពោះមុខ​អ្នកគាំទ្រ​ដែល​កំពុង​ពេញ​ទៅដោយ​ភាពរស់រវើក សម្លៀកបំពាក់​អាវ​ក្រហម និង​គ្រវីទង់ជាតិ ប្រមាណ​ជិត​ចំនួន ៣០ ០០០ ​នាក់ នៅឯ​កីឡដ្ឋាន BMO Field​។​

«​ខ្ញុំ​មាន​ភាព​រីករាយ​ណាស់ ដែល​យើង​មិន​ឈ្នះ នៅឯ​ផ្ទះ​របស់​ក្រុម​កូ​ស្តា​រី​កា​។ នេះ​ជា​អ្វី ដែល​វា​ត្រូវតែ​ជា​បែប​ហ្នឹង ខ្ញុំ​ដឹង​ហើយ​ថា ហេតុអ្វី​បានជា​អាទិទេព​បាល់​​ទាត់ មិនឱ្យ​ពួកយើង​ស៊ុត​បញ្ចូល​ទី​ថ្ងៃនោះ ព្រោះ​គ្រប់យ៉ាង គឺ​សម្រាប់​រាត្រី​នេះ​។ យើង​ទើបបាន​សិទ្ធិ​ទៅ World Cup​។ នេះ​គឺជា​ប្រទេស ដែលមាន​ភាព​ស្មោះ​​ត្រង់​នឹង​បាល់ទាត់​»​។ នេះ​ជា​ប្រសាសន៍​របស់​គ្រូបង្វឹក​ក្រុម​កាណាដា លោក John Herdman៕ AFP/VN