ក្រុង​ព័រតូ​: ជ័យ​ជម្នះ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង (ម៉ាសេដ្វាន) លើ​ក្រុម​អ៊ីតាលី ក្នុងការប្រកួត​​ចាញ់​ធ្លាក់ (Play-off) វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍ World Cup កាល​ពី​សប្តាហ៍​មុន បាន​បង្កើត​នូវ​ការ​ជួប​គ្នា​ដ៏​​មិន​នឹក​ស្មាន​ដល់​ជាមួយ​ក្រុម​ព័រទុយហ្គាល់ ដោយ​នាយករដ្ឋ​មន្រ្តី​របស់​ប្រទេស នឹង​ផ្តល់​ប្រាក់​ចំនួន ៥០០ ០០០​អឺរ៉ូ ($៥៤៩,៣០០) ប្រសិន​បើ​ពួកគេ​អាច​ឡើង​ដល់​ជុំ​ចុង​ក្រោយ​ នៃ​ការ​ប្រកួត​ប្រជែង​ដ៏​ធំ ក្នុង​ឆ្នាំ ​២០២២ នេះ​។

លទ្ធ​ផល​នេះ បាន​ធ្វើ​ឱ្យ​ពិភព​បាល់​ទាត់​ស្រឡាំង​កាំង​ និង​​បាន​រារាំង​ជំនួប ដែល​អាច​កើត​មាន​ឡើង រវាង​ម្ចាស់​ជើង​ឯក​អឺរ៉ុប ២ ចុង​ក្រោយ​បង្អស់ គឺ​អ៊ីតាលី និង​ព័រទុយហ្គាល់ ដែល​ក្រុម​ទាំង ២ បាត់​បង់​ការ​បាន​សិទ្ធិ​ដោយ​ស្វ័យ​ប្រវត្តិ​យ៉ាងគួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្នុង​វគ្គ​ចែក​ពូល សម្រាប់​ការ​ប្រកួត​ប្រជែង​បាល់​ទាត់​របស់​ពិភពលោកនៅ​ប្រទេសកាតា​។

បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​វគ្គ Play-off ចំណង​ជើងធំ​ៗ​​ទាំង​អស់ នៅ​លើ​ទំព័រ​បណ្ដាញ​សារព័ត៌មាន គឺ​សំដៅ​ទៅ​ដល់​រឿង​សោក​សៅ​​ ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា ១ ក្នុង​ចំណោម​ក្រុម​មហា​អំណាច​បាល់​ទាត់​ទាំង ២ នឹង​បាត់​មុខ​ពី​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ ដែល​កើតឡើង​ ៤ ​ឆ្នាំ​ម្ដង​នេះ ជាមួយ​នឹង​ឈ្មោះ​កីឡាករ​កម្រិត​កំពូល​ៗ​ជា​ច្រើន នៅក្នុងក្រុមរបស់​ពួកគេ និង​ថា តើ​ការ​ប្រកួត​វគ្គ Play-off ដែល​អាច​នឹង​មាន រវាង​ពួក​គេ នឹង​ពេញ​ទៅរឿង​រ៉ាវ​សោក​សៅ​យ៉ាង​ដូចម្ដេច​ទៅ​។

តែ​ក្រុម​ម៉ាសេដ្វាន មិន​អនុញ្ញាត​ឱ្យ​អត្ថបទ​នៃ​រឿង​នោះ​ ត្រូវ​បាន​សរសេរ​​ឡើង​នោះ​ឡើយ ដោយ​ការ​ទម្លាក់​ក្រុម​ជើង​ឯក World Cup ៤ ​សម័យ​កាល អ៊ីតាលីចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ ជាមួយ​នឹង​ជ័យ​ជម្នះ ១-០ ដែល​គ្រាប់​បាល់​ដ៏​មាន​តម្លៃ​មហាសាល​នោះ បាន​មក​ដោយសារការ​ស៊ុត​ពីក្រៅ​តំបន់​គ្រោះ​ថ្នាក់​របស់​​ខ្សែប្រយុទ្ធ Aleksandar Trajkovski នៅ​នាទីទី៩០+២​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ព័រទុយ​ហ្គាល់ បាន​រួច​ផុត​ពី​ភាព​សោក​សៅ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ សម្រាប់​វគ្គ Play-off របស់​ពួកគេ ខណៈ​ដែល​ពួក​គេ បាន​ផ្តួល​តួកគី ក្នុង​លទ្ធផល ៣-១ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Burak Yilmaz ស៊ុត​បាល់​ប៉េ​ណាល់​ទីអត់​ចូល នៅ​ប្រមាណ​ជា ៥ នាទី​ចុង​ក្រោយនៃ​ការ​ប្រកួត ដែល​ប្រសិន​បើ​ធ្វើ​សម្រេច​នោះ អាច​នាំ​ឱ្យ​មាន​ម៉ោង​បន្ថែម​ពិសេស សម្រាប់​ហ្គេម នៅ​កីឡដ្ឋាន Dragao របស់ក្រុម Porto ដែល​លក់​សំបុត្រ​អស់​គ្មាន​សល់​នេះ​។

សំបុត្រចំនួន ៥ ម៉ឺន​សន្លឹក សម្រាប់​ការ​ប្រកួតនា​ថ្ងៃ​អង្គារ នៅកីឡដ្ឋាន Dragao ត្រូវ​បាន​លក់​អស់​រលីង ក្នុង​រយៈ​ពេលប្រមាណ​ជា ២-៣ ម៉ោង ចំ​ពេល​មាន​ការ​រំពឹង​ទុក​យ៉ាង​ខ្ពស់​ពី​អ្នក​គាំ​ទ្រ​ក្នុងស្រុក (ក្រុម​ម្ចាស់​ផ្ទះ) ខណៈ​ដែល​ក្រុម​ព័រទុយហ្គាល់​ប្រឹង​ប្រែង ដើម្បី​បាន​កៅអីនៅឯ​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ពិភពលោក​នេះ​។

នា​យក​រដ្ឋ​មន្ត្រី លោក Dimitar Kovacevski ដែល​កាល​ពី​ឆ្នាំ​មុន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បុរីវ៉ាទីកង់ (Vatican) ដើម្បីសុំ​សម្ដេច Pope Francis ផ្ដល់​ពរជ័យ​ដល់​​ក្រុម​ជម្រើស​ជាតិ​របស់​លោក បាន​ឡើង​លើ​យន្ត​ហោះ​ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ជូន​ពរ​ក្រុម មុន​ពេល​ពួក​គេ​ចាក​ចេញ​ទៅក្រុង​ព័រតូ ហើយ​សន្យា​ថា នឹង​ផ្តល់​រង្វាន់​ដល់​ក្រុម​កីឡាករ ប្រសិន​បើ​ពួកគេ​ឈាន​ដល់​ជុំ​ចុង​ក្រោយ​៕ AFP/VN